ភ្នំពេញ៖ ដើម្បីចូលរួមសកម្មភាពសេដ្ឋកិច្ចនិងផ្ដល់ការងារឡើងវិញរដ្ឋបាលរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យម្ចាស់អាជីវកម្មក្លឹបកម្សាន្តនិងខារ៉ាអូខេ ទាំងអស់នៅរាជធានីភ្នំពេញបើកដំណើរការឡើងវិញ ។ ប៉ុន្តែម្ចាស់អាជីវកម្មតទាំងអស់ គោរពឱ្យបានម៉ឺងម៉ាត់ នូវវិធានការនៃក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ១៩ និងវិធានការសុវត្ថិភាពរបស់ក្រសួងទេសចរណ៍ ។
បើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ស្ដីពីការអនុញ្ញាតឲ្យម្ចាស់អាជីវកម្មក្លឹបកម្សាន្តនិងខារ៉ាអូខេ ktv ទាំងអស់នៅរាជធានីភ្នំពេញ បើកដំណើរការដោយប្រែក្លាយទៅជាភោជនីយដ្ឋាន តាមសេចក្តីប្រកាសព័ត៌មានលេខ០៥ ប្រកព ចុះថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី ស្ដីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលក្នុងសេចក្តីជូនដំណឹងនេះ មានន័យថា ៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់ម្ចាស់អាជីវកម្ម ក្លឹបកម្សាន្ត និងខារ៉ាអូខេទាំងអស់ នៅរាជធានីភ្នំពេញឲ្យបានជ្រាបថា ដើម្បីចូលរួមសកម្មភាពសេដ្ឋកិច្ច និងផ្ដល់ការងារឡើងវិញរដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាតឲ្យម្ចាស់អាជីវកម្មក្លឹបកម្សាន្ត និងខារ៉ាអូខេ ទាំងអស់នៅរាជធានីភ្នំពេញបើកដំណើរការ ដោយប្រែក្លាយទៅជាភោជនីយដ្ឋាន។ ប៉ុន្តែម្ចាស់អាជីវកម្មត្រូវ៖ សុំលិខិតអនុញ្ញាតអាជីវកម្ម តាមយន្តការច្រកចេញ ចូលតែមួយរាជធានីភ្នំពេញ ។ គោរពឱ្យបានម៉ឺងម៉ាត់ នូវវិធានការនៃក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ១៩ និងវិធានការសុវត្ថិភាពរបស់ក្រសួងទេសចរណ៍។
ទទួលបានសេចក្តីជូនដំណឹងនេះ សូមម្ចាស់អាជីវកម្ម ក្លឹបកម្សាន្តនិងខារ៉ាអូខេ ទាំងអស់មេត្តា ជ្រាបនិងអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕
ដោយ៖កូឡាប