ភ្នំពេញ៖ តំណាងក្រុមហ៊ុន EZECOM បានធ្វើបទបង្ហាញពីសារសំខាន់ នៃប្រព័ន្ធតាមដាន និងទប់ស្កាត់ជំងឺកូវីដ-១៩ , ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានមានប្រសាសន៍គាំទ្រចំពោះប្រព័ន្ធនេះ ហើយខាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មានសិទ្ធិត្រឹមតែធ្វើលិខិតទៅអន្តរក្រសួង។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចេញប្រកាសព័ត៌មានថា នៅព្រឹកថ្ងៃអង្គារ ទី៧ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអញ្ជើញចូលរួមកិច្ចប្រជុំ ស្តាប់បទបង្ហាញរបស់ក្រុមហ៊ុន EZECOM ស្តីអំពីប្រព័ន្ធតាមដាន និងទប់ស្កាត់ជំងឺកូវីដ-១៩ នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
បទបង្ហាញរបស់ក្រុមហ៊ុន EZECOM នាពេលនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយករងអន្តោប្រវេសន៍, ប្រធាន-អនុប្រធាននាយកដ្ឋាន និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
ជាកិច្ចចាប់ផ្តើម តំណាងក្រុមហ៊ុន EZECOM បានធ្វើបទបង្ហាញពីសារសំខាន់ នៃប្រព័ន្ធតាមដាន និងទប់ស្កាត់ជំងឺកូវីដ-១៩ នេះថា ប្រព័ន្ធនេះអាចឲ្យដឹងពី ប្រជាពលរដ្ឋ និងជនបរទេស ដែលបានធ្វើដំណើរមកកម្ពុជា និងតាមបណ្តាទីកន្លែងនានា អាចឲ្យដឹងមុខ និងទប់ស្កាត់បានទាន់ពេលវេលា។
បន្ទាប់ពីស្តាប់បទបង្ហាញរួចមក ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានមានប្រសាសន៍គាំទ្រចំពោះប្រព័ន្ធនេះ ហើយខាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មានសិទ្ធិត្រឹមតែធ្វើលិខិតទៅអន្តរក្រសួង៕
ដោយ៖សម្ផស្ស