រដ្ឋមន្ត្រីការបរទេសអាមេរិចលោក Mike Pompeo បាននិយាយកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិចកំពុងតែរកមើលការហាមឃាត់កម្មវិធីរបស់ចិនជាច្រើន ដូចជាកម្មវិធី Tik Tok ជាដើម។
លោកថ្លែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយនឹងសារព៌តមាន Fox News ដូច្នេះថា”ខ្ញុំមិនចង់ធ្វើអ្វីមុនប្រធានាធិបតីអាមេរិច ដូណាល់ ត្រាំនោះទេ ប៉ុន្តែវាគឺជាអ្វីដែលយើងកំពុងតែសម្លឹងមើល”។
សមាជិកសភាអាមេរិចបានលើកឡើងពីក្តីកង្វល់សន្តិសុខជាតជុំវិញការគ្រប់គ្រងទិន្នន័យអ្នកប្រើប្រាស់របស់កម្មវិធី Tik Tok ដោយបញ្ជាក់ថា ពួកគេមានការព្រួយបារម្ភអំពីច្បាប់ចិន ដែលតម្រូវអោយក្រុមហ៊ុនក្នុងស្រុក គាំទ្រ និងសហការជាមួយនឹងកិច្ចការស៊ើបការណ៍ ដែលគ្រប់គ្រងដោយបក្សកុម្មុនិស្តចិន។
កម្មវិធីដែលមិនមាននៅក្នុងប្រទេសចិន បានព្យាយាមដកខ្លួនឲ្យឆ្ងាយពីចិន ដើម្បីអំពាវណាវទៅដល់អ្នកប្រើប្រាស់ទូទាំងពិភពលោក និងធ្វើការបញ្ជាក់ពីភាពឯករាជ្យរបស់ខ្លួនពីរដ្ឋាភិបាលចិន។
ការប្រកាសហាមកម្មវិធី Tik Tok របស់ចិននៅអាមេរិច កើតឡើងចំពេកដែលមានភាពតានតឹងកើនឡើងរវាងអាមេរិច និងចិន ជុំវិញការគ្រប់គ្រងការរាតត្បាតរបស់វីរុសកូរ៉ូណា ច្បាប់សន្តិសុខរបស់ចិនលើហុងកុង ព្រមទាំងសង្គ្រាមពាណិជ្ជកម្មរវាងមហាអំណាចទាំងពីរ។
កម្មវិធី Tik Tok ដែលគ្រប់គ្រងដោយក្រុមហ៊ុន ByteDance កាលពីពេលថ្មីៗនេះ ត្រូវបានឥណ្ឌាធ្វើការហាមឃាត់ ជាមួយនឹងកម្មវិធីចិនចំនួន ៥៨ផ្សេងទៀត ក្រោយពេលមានការប៉ះទង្គិចគ្នានៅតាមព្រំនដែ។
Tik Tok ក៏បានប្រកាសថានឹងដកខ្លួនចេញពីទីផ្សារហុងកុងផងដែរក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត បន្ទាប់ពីមានច្បាប់សន្តិសុខថ្មីរបស់ចិនដាក់លើហុងកុង៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Reuters