អង្គការសហប្រជាជាតិ (UN) បាននិយាយកាលពីថ្ងៃអង្គារម្សិលមិញថា សហរដ្ឋអាមេរិចនឹងធ្វើការចាកចេញពីអង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០១២។
ការប្រកាសរបស់ UN ធ្វើឡើងក្រោយពេលទទួលបានការជូនដំណឹងពីការសម្រេចចិត្តដកខ្លួនចេញរបស់ប្រធានាធិបតីអាមេរិច ដូណាល់ ត្រាំ ដែលបានចោទប្រកាន់អង្គការនោះថាជាអាយ៉ងរបស់ចិន ក្នុងអំឡុងពេលមានការរាតត្បាតវីរុសកូរ៉ូណា។
លោក ដូណាល់ ត្រាំ ដែលបានប្រកាសពីការសម្រេចចិត្តជាងមួយខែមុន ត្រូវផ្តល់សេចក្តីជូនដំណឹងរយៈពេលមួយឆ្នាំពីការដកខ្លួនរបស់អាមេរិចចេញពី WHO និងត្រូវបង់ប្រាក់កាតព្វកិច្ចទាំងអស់ ដែលមានចែងនៅក្នុងសេចក្តីសម្រេចរួមឆ្នាំ ១៩៤៨ នៃសភាអាមេរិច។
បច្ចុប្បន្ន អាមេរិចនៅជំពាក់ប្រាក់កាតព្វកិច្ចដល់អង្គការសុខភាពពិភពលោកចំនួន ២០០លានដុល្លា។
អាមេរិចបានសម្រេចចិត្តដកខ្លួនចេញពី WHO បន្ទាប់ពីក្លាយជាសមាជិករបស់អង្គការនេះអស់រយៈពេលជាង ៧០ឆ្នាំ ចំពេលដែលមានភាពតានតឹងជាមួយនឹងចិន ជុំវិញការផ្ទុះវីរុសកូរ៉ូណា។ វីរុសកូរ៉ូណាបានផ្ទុះឡើងដំបូងចេញពីទីក្រុងវូហាន ប្រទេសចិន កាលពីឆ្នាំមុន។
WHO បានបដិសេធការចោទប្រកាន់របស់លោក ដូណាល់ ត្រាំ ដែលថាខ្លួនបានផ្តល់ព័ត៌មានមិនពិតពីវីរុស។
សូមបញ្ជាក់ថា បច្ចុប្បន្ន អាមេរិចជាប្រទេសរងគ្រោះខ្លាំងជាងគេពីការផ្ទុះវីរុសមកពីចិន ដោយមានអ្នកឆ្លងសរុបរហូតដល់ជាង ៣លាននាក់ និងស្លាប់ជាង ១៣៣.០០០នាក់៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Reuters