ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួង ស្រេង បានដាក់បញ្ជាទៅអាជ្ញាធរ មានវិធានការឲ្យបានធ្ងន់ធ្ងរ ចំពោះអ្នកចាក់ដីរំលោភលើប្រឡាយលូប្រាំ អ្នកដែលបានរំលោភយកដីប្រឡាយជាច្រើនម៉ែត្រ ។
លោកអភិបាល បានបញ្ជាក់ថា បើមិនកាយដីរំលោភលើប្រឡាយនេះទេ រដ្ឋបាលរាជធានីភ្នំពេញនឹងមានវិធានការ ដោយនឹងធ្វើពាក្យបណ្ដឹងទៅតុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់។
ការបញ្ជាក់របស់លោកឃួង ស្រេង បានធ្វើឡើងកាលពីព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ ក្នុងខណៈដែលលោកនាំមន្ត្រីជំនាញ ចុះពិនិត្យមើលស្ថានីយលូប្រាំ ដែលបានសាងសង់រួចរាល់ ១០០%។
លោក ឃួង ស្រេង បញ្ជាក់ថា បើចៅសង្កាត់ និងខណ្ឌ មិនប្តឹងទៅតុលាការ លោកនឹងប្តឹងអាជ្ញាធរសង្កាត់ខណ្ឌវិញ។
លោកបានបញ្ជាទៅអាជ្ញាធរខណ្ឌមានជ័យ ឲ្យកាយដីចេញពីប្រឡាយជាបន្ទាន់។ លោកបញ្ជាក់ថា «កម្មសិទ្ធិគាត់ត្រឹមណា ទុកត្រឹមហ្នឹងទៅគឺទុករយៈពេលមួយសប្តាហ៍ ដើម្បីឲ្យកាយដីចេញ។ បើគេមិនកាយទេ រៀបចំឯកសារដាក់បណ្តឹងទៅតុលាការ»។
លោក ឃួង ស្រេង ថ្លែងថា ប្រព័ន្ធបង្ហូរទឹកជាប្រភពរស់របស់ប្រជាពលរដ្ឋរាជធានីភ្នំពេញ។ សូមបញ្ជាក់ថា បើតាមសេចក្តីរាយការណ៍ពីអាជ្ញាធរខណ្ឌសង្កាត់ អ្នកមានលុយដែលចាក់ដីរំលោភចូល ប្រឡាយនេះឈ្មោះ ហាំង គង់ ដែលជាឈ្មួញរកស៊ីជីកដី និងដឹកដីលក់។
មន្ត្រីមូលដ្ឋានម្នាក់ បាននិយាយថា ដីរំលោភលើប្រឡាយលូប្រាំខាងក្បាលបូមទឹកស្ថានីយបូមទឹកលូប្រាំ គឺជាដីរបស់ឧកញ៉ាម្នាក់៕ដោយ៖កូឡាប