Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហុងកុង​ហាម​សិស្សសាលា​ច្រៀង​បទ Glory to Hong Kong របស់​ក្រុមបាតុករ ព្រោះ​បង្កប់​សារ​នយោបាយ​ធ្ងន់ធ្ងរ​

​អាជ្ញាធរ​ហុងកុង​នៅ​ថ្ងៃ​ពុធ​នេះ បានធ្វើ​ការហាម​សិស្សសាលា​ច្រៀង​ចម្រៀង Glory to Hong Kong (​ហុងកុង​រុងរឿង​) ដែល​វា​គឺជា​បទ​ចំរៀង​មិន​ផ្លូវការ​របស់​ក្រុម​ចលនា​បាតុកម្ម​។ ការហាម​ប្រាម​នេះ​កើតឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ក្រោយពេល​រដ្ឋាភិបាល​ចិន​បើក​សម្ភោ​ធ​អគារ​ការិយាល័យ​សន្តិសុខ​ថ្មី​នៅក្នុង​ទីក្រុង​ហុងកុង​។​

​ច្បាប់​សន្តិសុខ​ថ្មី​លើ​ហុងកុង​ដែល​ចេញ​ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​តម្រូវ​ឲ្យ​ក្រុង​ហុងកុង​លើ​កដ​ង្កើ​ន​ការអប់រំ​សន្តិសុខ​ជាតិ​នៅក្នុង​សាលារៀន និង​សកល​វិទ្យាល័យ និង​តាមរយៈ​អង្គការ​សង្គម ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អ៊ី​ន​ធឺ​ណេ​ត​ជាដើម​។​

​ការហាម​ប្រាម​ច្រៀង​បទ Glory to Hong Kong នឹងធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​បន្ថែមថា ច្បាប់​សន្តិសុខ​ថ្មី​នឹង​បំផ្លាញ​សេរីភាព​របស់​ទីក្រុង​ហុងកុង​។ កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លងទៅ​នេះដែរ បណ្ណាល័យ​ជន​ជាច្រើន​បាន​យក​សៀវភៅ​របស់​សកម្មជន​ដ៏​លេចធ្លោ​មួយចំនួន​ចេញពី​ធ្នើ​របស់​ពួកគេ​។​

​អាជ្ញាធរ​ក៏បាន​ហាមប្រាម​ការស្រែក​ពាក្យស្លោក​តវ៉ា​ផងដែរ ខណៈដែល​ច្បាប់​សន្តិសុខ​ថ្មី​បាន​ចូល​ជា​ធរមាន​កាលពី​សប្តាហ៍​មុន​។​

​ច្បាប់​សន្តិសុខ​ដែល​ក្រុង​ប៉េកាំង​ដាក់​លើ​ហុងកុង នឹងធ្វើ​ការដាក់ទោសទណ្ឌ​រហូតដល់​ជាប់គុក​មួយជីវិត ទៅលើ​អ្វីដែល​រដ្ឋាភិបាល​មើលឃើញ​ថា ជា​សកម្មភាព​ផ្តាច់ខ្លួន ភេរវកម្ម វិទ្ធង្សនា និង​ការឃុបឃិត​ជាមួយ​កងកម្លាំង​បរទេស​។​

​រដ្ឋមន្ត្រីក្រសួង​អប់រំ Kevin Yeung បានធ្វើការ​ឆ្លើយតប​ទៅនឹង​សំណួរ​មកពី​តំណាងរាស្ត្រ​ម្នាក់ ដោយ​គាត់​ថា សិស្ស​មិនគួរ​ចូលរួម​ក្នុងការ​ធ្វើពហិការ​មិន​ទៅ​រៀន ការស្រែក​ពាក្យស្លោក បង្កើត​ក្រុមមនុស្ស ឬ​ច្រៀង​ចំរៀង​ដែលមាន​សារ​នយោបាយ​ឡើយ​។​

​រដ្ឋមន្ត្រី​ដដែល​និយាយថា “​បទ Glory Hong Kong ដែលមាន​ប្រភព​ចេញពី​ឧប្បត្តិហេតុ​សង្គម​កាលពី​ខែមិថុនា ឆ្នាំមុន មាន​សារ​នយោបាយ​ធ្ងន់ និង​ពាក់ព័ន្ធ​ខ្លាំង​ទៅនឹង​រឿងហេតុ​នយោបាយ និង​សង្គម អំពើ​ហឹ​ង្សា និង​រឿងហេតុ​ខុសច្បាប់​ជាដើម ដែល​អូសបន្លាយ​អស់​រយៈពេល​ជាច្រើន​ខែ​”​។​

“​សាលារៀន​មិនត្រូវ​អនុញ្ញាតិ​ឲ្យ​សិស្ស​លេង ច្រៀង ឬ​ផ្សព្វផ្សាយ​វា​នៅក្នុង​សាលារៀន​ជាដាច់ខាត​”​។​

​សូមបញ្ជាក់ថា ទីក្រុង​ហុងកុង ត្រូវបាន​អង់គ្លេស​ប្រគល់​ទៅអោយ​ចិន​វិញ កាលពី​ថ្ងៃទី ១ ខែកក្កដា ឆ្នាំ ១៩៩៧ ក្រោម​កិច្ចព្រមព្រៀង​មួយ ដែល​ផ្តល់​សេរីភាព និង​ស្វ័យភាព​កម្រិត​ខ្ពស់​ដល់ទី​ក្រុង​ហុងកុង​រយៈពេល ៥០​ឆ្នាំ​។ ហុងកុង​ជា​ផ្នែក​មួយ​របស់​ចិន ប៉ុន្តែ​ហុងកុង​មាន​ប្រព័ន្ធ​ដឹកនាំ​ដោយឡែក​ពី​ចិន​។​

​ការដាក់​ច្បាប់​សន្តិសុខ​របស់​ចិន​ទៅលើ​ហុងកុង ត្រូវបាន​គេ​មើលឃើញថា វា​នឹងធ្វើ​ឲ្យ​ហុងកុង​បាត់បង់​ស្វ័យភាព​កម្រិត​ខ្ពស់​។​

​អា​មេ​រិច​បានប្រកាសថា ទីក្រុង​ហុងកុង​លែងមាន​ស្វ័យភាព​ពី​ចិន​ទៀតហើយ ខណៈដែល​អង់គ្លេស​ប្រកាស​ផ្តល់​សញ្ជាតិ​អង់គ្លេស​ដល់​ប្រជាជន​ហុងកុង​ជាង ៣​លាន​នាក់​ដែលមាន​លិ​ខិ​ត្ត​ឆ្លងដែន ៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Reuters


×