ភ្នំពេញ៖ លោកឃួង ស្រេង បានជំរុញឲ្យមន្ត្រីពាក់ព័ន្ធអាជ្ញាធរដែនដី កំណត់ឲ្យបានច្បាស់ ពីដីសាធារណៈរបស់រដ្ឋ និងដីជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋ ខណៈដែលប្រឡាយបង្ហូរទឹកលូប្រាំ ត្រូវបានប្រជាពលរដ្ឋមួយចំនួន សង់លំនៅដ្ឋានរំលោភ នៅលើប្រឡាយ ជាមួយនឹងការចាក់ដីបំពេញប្រឡាយ រំលោភយកជាកម្មផងដែរ។
អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានបញ្ជាក់ថា ប្រឡាយបង្ហូរទឹកមានសារប្រយោជន៍យ៉ាងខ្លាំង សម្រាប់ប្រជាពលរដ្ឋទូទៅ ដោយសម្រាប់ប្រជាពលរដ្ឋដែលរស់នៅជនបទ ប្រកបមុខរបរធ្វើស្រែចំការ ប្រឡាយទឹកនេះហើយ ជាអ្នកផ្ដល់ទឹកឲ្យប្រជាពលរដ្ឋស្រោចស្រពស្រែ ចម្ការ ផលដំណាំផ្សេងៗ តែសម្រាប់ប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញវិញ ប្រឡាយបង្ហូរទឹកក៏មានសារសំខាន់ ខ្លាំងណាស់ ដោយវាអាចរំដោះទឹកលិចលង់លំនៅដ្ឋាន របស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅទីក្រុងបានយ៉ាងប្រសើរ។
ការបញ្ជាក់បែបនេះ របស់លោកឃួង ស្រេង បានធ្វើឡើងកាលពីព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ ខណៈដែលលោកបានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរដែនដី ចុះពិនិត្យមើលស្ថានីយបូមទឹកលូប្រាំ និងប្រឡាយបង្ហូរទឹកលូប្រាំ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។
លោកបញ្ជាក់ផងដែរថា ជាជំហររបស់រដ្ឋបាលរាជធានីភ្នំពេញ យើងនឹងបង្កើតឲ្យមានក្រុមការងារមួយ ដែលមានការចូលរួម ពីការិយាល័យសុរិយោដីខណ្ឌ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ដើម្បីចុះបាញ់ថ្នាំកំណត់ទីតាំង ឱ្យបានច្បាស់នឹងធ្វើការណែនាំប្រជាពលរដ្ឋ ដែលរំលោភប្រឡាយខាងលើឲ្យរុះរើចេញ។
បើតាមការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋានថា ប្រឡាយលូប្រាំនេះមានទទឹង៥០ម៉ែត្រ ដោយទុកផ្លូវសងខាង ហើយត្រូវបានប្រជាពលរដ្ឋរំលោភយកចំនួនជាង១០០គ្រួសារ ដោយក្នុងនោះ នៅភូមិឫស្សី១ សង្កាត់ស្ទឹងមានជ័យ៣ ចំនួន៣៥គ្រួសារ និងភូមិឫស្សី២ ចំនួន៧៦គ្រួសារ ។ ពួកគាត់ទាំងនេះ បានសង់លំនៅដ្ឋានរំលោភ នៅលើតួប្រឡាយតែម្ដង៕ដោយ៖កូឡាប