Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​ជំរុញ​ឲ្យ​តុលាការ អនុវត្ត​ឲ្យ​បាន​ឆាប់រហ័ស រាល់​រឿងក្តី​ព្រហ្មទណ្ឌ ដើម្បី​ផ្ដន្ទាទោស​ជនល្មើស និង​ផ្ដល់នូវ​យុត្តិធម៌ ដល់​ជនរងគ្រោះ​

​ខេត្តស្វាយរៀង​៖​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង បាន​មានប្រសាសន៍ថា រាល់​សំណុំរឿង​ព្រហ្មទណ្ឌ ដែល​កំពុង​ចាត់ការ​ដោយ​អយ្យការ និង​តុលាការ សូម​ឲ្យ​អនុវត្ត​ឲ្យ​បាន​ឆាប់រហ័ស ដើម្បី​ធ្វើការ​ផ្ដន្ទាទោស​ជនល្មើស​ឲ្យ​បាន​ឆាប់ និង​ផ្ដល់នូវ​យុត្តិធម៌​ដល់​ជនរងគ្រោះ​។​

​លោក​អភិបាលខេត្ត បាន​មានប្រសាសន៍​ដូច្នេះ ខណៈ​អញ្ជើញ​ជា​អធិបតី នៅក្នុង​កិច្ចប្រជុំ​ស្តីពី​កិច្ចសហការ​អនុវត្ត​ច្បាប់​រវាង​តុលាការ អយ្យការ និង​មន្ត្រីនគរបាល​យុត្តិធម៌ លើ​ការពង្រឹង​សន្តិសុខ​សាធារណៈ បង្ការ និង​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ នៅ​ព្រឹក​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០២០​។​

​ពិធី​នេះ​មានការ​ចូលរួម​ពី​លោក លាវ ពិសិដ្ឋ អគ្គលេខាធិការរង នៃ​ក្រសួងយុត្តិធម៌​, លោក ខាំ សុ​ផា​រី ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​, លោក ឌិន ស៊ី​វុទ្ធី ប្រធាន​សាលាដំបូង​ខេត្ត លោក​ឧត្ដមសេនីយ៍​ស្នងការ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ព្រមទាំង​ព្រះរាជអាជ្ញារង ចៅក្រម មន្ត្រីរាជការ កងកម្លាំង និង​មន្ត្រីនគរបាល​យុត្តិធម៌ ជាច្រើនរូប​ផងដែរ​។​

​លោក ម៉ែន វិបុល បាន​កោតសរសើរ និង​ថ្លែង​នូវ​ការ​អរគុណ ចំពោះ​គ្រប់​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​សហការ​រៀបចំ​កិច្ចប្រជុំ​ដ៏​មាន សារសំខាន់​នេះ ដែល​បានផ្ដល់​ឱកាស​ដល់​យើងទាំងអស់គ្នា ជា​មន្ត្រី​អនុវត្ត​ច្បាប់ បាន​សិក្សា​ស្វែងយល់​ពី​ចំណុចខ្លាំង ចំណុចខ្សោយ និង​ចំណុច​ប្រឈម នៃ​ការអនុវត្តន៍​កន្លងមក ដើម្បី​ធ្វើការ​កែលម្អ​ឲ្យ​កាន់តែ​ល្អប្រសើរ បង្រួម​លំហ​នៃ​ភាព​ចន្លោះប្រហោង​លើ​ការអនុវត្តន៍ រវាង​អង្គភាព​តុលាការ អយ្យការ និង​នគរបាល​យុត្តិធម៌​ឲ្យ​កាន់តែ​រួម​តូច ដែលជា​អត្ថប្រយោជន៍ ដ៏​ចម្បង​ក្នុងការ​រឹតបន្តឹង​ការអនុវត្តន៍​ច្បាប់ និង​នីតិវិធី​នៃ​ការអនុវត្តន៍​។​

​លោក ម៉ែន វិបុល បាន​បញ្ជាក់ថា «​រយៈកាល​កន្លងមក ចំណុច​ប្រឈម​មួយចំនួន ដែល​កើតចេញពី​ការខ្វះចន្លោះ​ខ្លះ នៅក្នុង​ការអនុវត្តន៍​នីតិវិធី​យ៉ាងណាក៏ដោយ ជាពិសេស​ករណី​គ្រឿងញៀន ដែល​កើតមាន​នៅក្នុង​ខេត្ត​របស់​យើង នាពេល​កន្លងមក ដែលមាន​ការយល់ឃើញ​មិន​ដូចគ្នា រវាង​នគរបាល​យុត្តិធម៌ និង​អង្គភាព​តុលាការ​។ តួយ៉ាង ខាង​មន្ត្រីនគរបាល​យុត្តិធម៌ បាន​កសាង​សំណុំរឿង​រួចហើយ និង​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​តាម​នីតិវិធី​ច្បាប់ ប៉ុន្តែ​ត្រូវបាន​ចៅក្រម​សម្រេច​ដាក់​ជនសង្ស័យ​ឲ្យ​នៅក្រៅ​ឃុំ​។ ដូច្នេះ​វេទិកា​នៃ​ការជួប​ជុំគ្នា រវាង​អង្គភាព​តុលាការ អយ្យការ និង​មន្ត្រីនគរបាល​យុត្តិធម៌​នៅពេលនេះ នឹងធ្វើ​ឲ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​នឹង​កាន់តែ​ជិតស្និទ្ធ​គ្នា និង​យល់​គ្នាច្រើន​ពាក់ព័ន្ធ​នឹង​ការអនុវត្តន៍​នីតិវិធី ក្នុង​ក្របខ័ណ្ឌ​នៃ​ការអនុវត្តន៍​តួនាទី​ភារកិច្ច​រៀងៗ​ខ្លួន ហើយ​អាច​នឹង​ដោះស្រាយ បាន​នូវ​ចំណុច​ប្រឈម​ដែល​កើតមាន​នាពេល​កន្លងមក​»​។​

​លោក​បាន​បន្ថែមថា ប៉ុន្តែ​ផ្ទុយទៅវិញ បើ​យើង​អនុវត្ត​មិនបាន​ល្អ​នោះ នឹង​បង្កើត​នូវ​ភាព​ចន្លោះប្រហោង ដែល​ភាព​ចន្លោះប្រហោង​នោះ​ហើយ នឹង​ផ្ដល់​ជា​ឱកាស​ដល់​ជនល្មើស​រួចផុត ពី​ការទទួលខុសត្រូវ និង​គេច​ផុតពី​ការផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់​។ អ្នក​ដែល​ខាត​ប្រយោជន៍​ធំ​បំផុត​នោះ គឺ​រដ្ឋ​តែម្ដង​ពីព្រោះថា ជនល្មើស​នៅតែមាន​សេរីភាព ដែល​អាច​បង្ក​នូវ​អសន្តិសុខ​ក្នុងសង្គម តាមរយៈ​ការបន្ត​ប្រព្រឹត្ត​នូវ​បទល្មើស​ព្រហ្មទណ្ឌ​ដដែល ឬ​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ ដែលមាន​ទំហំ​ព្យសនកម្ម​ធំ​ជាង​មុន និង​បង្ក​ផលប៉ះពាល់​ដល់​សង្គម​ធំ​ជាង​មុន​។​

​លោក​បានស្នើ​ដល់​ឲ្យ​គ្រប់​អង្គភាព​ពាក់ព័ន្ធ​ទាំង​ផ្នែក​តុលាការ ផ្នែក​អយ្យការ និង​សមត្ថកិច្ច​នគរបាល​យុត្តិធម៌ បង្កើន​កិច្ចសហការ​ទ្វេរ​ដង​ថែមទៀត នៅក្នុង​ការអនុវត្តន៍​ច្បាប់ នៅក្នុង​កិច្ចប្រតិបត្តិការ បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ និង​ចាប់​ជនល្មើស​មក​ផ្ដន្ទាទោស​ឲ្យ​ខាងតែបាន នៅពេល​ដែលមាន​បទល្មើស​កើតឡើង ដែល​នេះ ម្ខាង​គឺ​ក្នុង​គោលដៅ ដើម្បី​រក្សា​នូវ​សន្តិសុខ និង​ស្ថិរភាព​សង្គម និង​ម្ខាង​ទៀត គឺ​ដើម្បី​បង្កើន​នូវ​ទំនុកចិត្ត ពី​សំណាក់​ប្រជាពលរដ្ឋ​មកលើ​សមត្ថកិច្ច និង​អង្គភាព​តុលាការ​។​

​លោក ម៉ែន វិបុល ក៏បាន​សូម​ស្នើ​ឲ្យ​មានការ​ចូលរួម និង​សហការ​ជួយ​គ្នា​ទៅវិញទៅមក​បន្តទៀត លើ​កិច្ច​នីតិវិធី​ក្នុងការ​អនុវត្តន៍​តួនាទី​ភារកិច្ច គឺ​នៅពេល​មន្ត្រី​មាន​សមត្ថកិច្ច មន្ត្រីនគរបាល​យុត្តិធម៌ បញ្ជូន​សំណុំរឿង​មាន​ភាពខ្វះខាត​ចំណុច​ណាមួយ សូម​ឲ្យ​មន្ត្រី​តុលាការ​ជួយ​បំពេញបន្ថែម ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ជនល្មើស​អនុវត្ត​ទោស​ឲ្យ​បាន​។​

​នៅក្នុង​ការអនុវត្ត​មុខងារ សូម​ឲ្យ​មន្ត្រីនគរបាល​យុត្តិធម៌​ទាំងអស់ អនុវត្ត​តួនាទី​ភារកិច្ច​របស់ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ និង​គោរព​ឲ្យ​បាន​ខ្ជាប់​ខ្ជាប់ ស្របតាម​បទ​ប្បញ្ញត្តិ ដែលមាន​កំណត់​នៅក្នុង​ក្រមនីតិវិធី​ព្រហ្មទណ្ឌ ដោយ​មិនត្រូវ​អនុវត្ត​ហួស ពី​ដែន​សមត្ថកិច្ច​ដែល​ច្បាប់​កំណត់​នោះឡើយ ទាំង​ការងារ​ស៊ើបអង្កេត​បទល្មើស​ជាក់ស្តែង ការងារ​ស៊ើបអង្កេត​បឋម រួមទាំង​ការឃាត់ខ្លួន ការបញ្ជូន​ខ្លួន ការចាប់ខ្លួន ការឆែកឆេរ​ពាក់ព័ន្ធ​បទល្មើស​ជាក់ស្តែង ការឆែកឆេរ​បទល្មើស​មិន​ជាក់ស្តែង​ជាដើម​។​

​រាល់​ប្រតិបត្តិការ​ទាំងអស់ របស់​មន្ត្រីនគរបាល​យុត្តិធម៌ គឺ​ត្រូវ​រាយការណ៍ និង​សុំ​ការណែនាំ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​។​
​លោក បាន​បន្តថា បញ្ហា​ប្រឈម​ដែល​បានលើកឡើង នៅក្នុង​របាយការណ៍ ភាគច្រើន គឺពាក់ព័ន្ធ​នឹង​បញ្ហា​នីតិវិធី នៃ​ការអនុវត្តន៍ ដូច្នេះ​សូម​ស្នើ​ដល់​អង្គភាព​តុលាការ ឬ​អយ្យការ ជួយ​រៀបចំ​ឲ្យ​មាននូវ​វគ្គ​បណ្ដុះបណ្ដាល អំពី​កិច្ច​អនុវត្ត​នីតិវិធី​នេះ ដល់​នគរបាល​យុត្តិធម៌ ក៏ដូចជា​មន្ត្រី​អនុវត្ត​ច្បាប់​នៅ​មូលដ្ឋាន ដើម្បី​ធានា​ឲ្យ​ការអនុវត្តន៍​កិច្ចការ​នេះ នាពេលខាងមុខ បាន​ត្រឹមត្រូវ ឆាប់រហ័ស និង​ចៀសវាង​បាន​នូវ​កំហុសឆ្គង​ផ្សេងៗ​។​

​លោក​អភិបាលខេត្ត បាន​ណែនាំ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ យកចិត្តទុកដាក់​ដឹកនាំ សម្របសម្រួល​អនុវត្ត​សាលក្រម​ឲ្យ​បានល្អ និង​ត្រឹមត្រូវ ចៀសវាង​ឧក្រិដ្ឋជន ដែល​បាន​កាត់ទោស​រួចហើយ ប៉ុន្តែ​មិនទាន់​ត្រូវបាន​អនុវត្ត​ទោស​ដាក់ពន្ធនាគារ​។ ចំពោះ​ការបន្ធូរបន្ថយ​ទោស ឬ​ការលើកលែងទោស សូម​ឲ្យ​ក្រុមការងារ នៃ​គណៈកម្មការ​បន្ធូ​បន្ថយទោស​ថ្នាក់​ខេត្ត ពិនិត្យ​បច្ច័យ វាយតម្លៃ និង​វិនិច្ឆ័យ​ឲ្យ​បានច្បាស់លាស់ ដោយ​មិនត្រូវ​បញ្ចូល​ឈ្មោះ​ទណ្ឌិត​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ​ធ្ងន់ធ្ងរ ឬ​បទល្មើស​ប្លន់​ប្រដាប់អាវុធ ទៅក្នុង​បញ្ជី​ស្នើសុំ​បន្ធូរ​បន្ថយទោស ឬ​ការលើកលែងទោស​នោះឡើយ​។​

​សូមបញ្ជាក់ថា រយៈពេល​ពេញ​មួយ​ព្រឹក​នេះ ឃើញថា ដំណើរការ​នៃ​កិច្ចប្រជុំ បាន​ប្រព្រឹត្ត​ទៅដោយ​រលូន និង​មានការ​ពិភាក្សា​យ៉ាង​ផុលផុស ទៅលើ​ប្រធានបទ​សំខាន់ៗ ដែល​បាន​គ្រោងទុក ធ្វើ​ឲ្យ​កិច្ចប្រជុំ​ប្រមូលបាន​នូវ​ធាតុ​ចូល ក៏ដូចជា​មតិយោបល់ និង​វិធានការ​ដំណោះស្រាយ​គន្លឹះ​ល្អៗ គាំទ្រ​ដល់​ការអនុវត្តន៍​ច្បាប់ និង​នីតិវិធី​នៃ​ការអនុវត្តន៍​ការងារ ឲ្យ​កាន់តែ​ល្អប្រសើរ ដែលជា​ចំណុច​ស្នូល​ជួយ​ពង្រឹង​កិច្ចការ​គ្រប់គ្រង ដឹកនាំ​ការងារ​សន្តិសុខ​សាធារណៈ បង្ការ និង​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ​នៅក្នុង​ខេត្ត​៕​ដោយ​៖​វ៉ៃ​កូ

 

×