ភ្នំពេញ៖អ្នកស្រាវជ្រាវមួយក្រុមមកពី មជ្ឈមណ្ឌលស្រាវជ្រាវសុខភាពប្រជាជនអង្គការខាណា(KHANA Center for Population Health Research) មានជោគជ័យទទួលរង្វាន់មូលនិធិសម្រាប់យកទៅដាក់ឱ្យប្រតិបត្តិការនូវបណ្តាញឈែតលើអាប់ WhatsApp មួយ សម្រាប់ត្រៀមឆ្លើយតបពេញមួយថ្ងៃ២៤ម៉ោង ទៅនឹងអំពើហិង្សាខាងយេនឌ័រ និងជួយដល់និយោជិកនារីដែលធ្វើការនៅតាមឧស្សាហកម្មកម្សាន្ត។
ក្រុមធនាគារពិភពលោក និងអង្គការស្រាវជ្រាវអំពើហិង្សាខាងផ្លូវភេទ (Sexual Violence Research Initiative/SVRI) ប្រកាសរួមគ្នាអំពីរង្វាន់នេះ នៅថ្ងៃនេះ។
រង្វាន់របស់កម្មវិធីដែលមានឈ្មោះថា ទីផ្សារអភិវឌ្ឍន៍ឆ្នាំ២០២០៖ នវានុវត្តភាពសម្រាប់ឆ្លើយតបអំពើហិង្សាទាក់ទងយេនឌ័រ (The 2020 Development Marketplace: Innovations to Address Gender-Based Violence award) នឹងជួយបង្កលទ្ធភាពឱ្យអ្នកស្រាវជ្រាវនៅអង្គការខាណាធ្វើតេស្តបណ្តាញឈែតមួយឈ្មោះថា ‘SMARTgirl Chatline’ ដែលផ្តល់សេវាគាំទ្រ ២៤ម៉ោងតាមរយៈអាប់ WhatsApp ដល់ស្ត្រីធ្វើការនៅតាមឧស្សាហកម្មកម្សាន្ត ដែលប្រឈមនឹងហានិភ័យ ឬដែលរស់រានឆ្លងផុតពីអំពើហិង្សាទាក់ទងយេនឌ័រ។
លោកស្រី អ៊ីនហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ថា៖ «សមភាពយេនឌ័រ គឺជាអាទិភាពខ្ពស់មួយ សម្រាប់ធនាគារពិភពលោកប្រចាំនៅកម្ពុជា ហើយវាត្រូវបានឆ្លុះបញ្ចាំងជាប្រធានបទរឹងមាំមួយ នៅក្នុងក្របខ័ណ្ឌភាពជាដៃគូប្រចាំប្រទេសរបស់យើង។ គម្រោងរបស់អង្គការខាណា គឺជាកិច្ចខិតខំដ៏មានសារសំខាន់មួយសម្រាប់រក មធ្យោបាយជួយឱ្យនារីនិយោជិកទាំងនោះមានសុវត្ថិភាព ជាពិសេស អ្នកទាំងឡាយដែលប្រឈមនឹងហានិភ័យខ្ពស់មែនទែន។»
កម្មវិធីរង្វាន់ Development Marketplace ដែលទទួលបានការគាំទ្រហិរញ្ញវត្ថុពីធនាគារពិភពលោកនិងអង្គការ SVRI គឺជាព្រឹត្តិការណ៍ប្រកួតប្រជែងជាលក្ខណៈសាកលធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីស្វែងរកដំណោះស្រាយបែបនវានុវត្តន៍ សម្រាប់ជួយបុគ្គល សហគមន៍ និងប្រជាជាតិក្នុងការទប់ស្កាត់ និងឆ្លើយតបទៅនឹងអំពើហិង្សាទាក់ទងយេនឌ័រ។
នៅក្នុងអំឡុងពេលមានការរាលដាលជំងឺកូវីដ១៩ទូទាំងសកលលោក មានភស្តុតាងលេចឡើងបង្ហាញថាអំពើហិង្សាទៅលើស្ត្រីនិងក្មេងស្រី ជាពិសេសអំពើហិង្សាក្នុងគ្រួសារ បានកើនឡើងច្រើននៅជុំវិញពិភពលោកដោយសារតែការឃាំងខ្លួនក្នុងផ្ទះដើម្បីបង្ការការឆ្លងមេរោគ និងដោយសារការខ្វះលទ្ធភាពទទួលបានសេវានានាក្នុងពេលនេះ។ អង្គការសុខភាពពិភពលោកបានប៉ាន់ប្រមាណថា នារី ១ នាក់ ក្នុងចំណោម ៣នាក់ បានរងអំពីហិង្សាខាងផ្លូវភេទពីសំណាក់ដៃគូ ឬមិនមែនដៃគូ នៅក្នុងមួយជីវិតរបស់ពួកគេ។
អ្នកស្រាវជ្រាវច្រើននាក់ទៀតបានរកឃើញថា ទំនៀមទម្លាប់យេនឌ័រច្រើនតែជាឫសគល់នៃអំពីហិង្សាខាងយេនឌ័រ ហើយការធ្វើឱ្យឥរិយាបថសហគមន៍ ផ្លាស់ប្តូរជាកិច្ចការមួយសំខាន់ណាស់ ដើម្បីជួយទប់ស្កាត់អំពើហិង្សាទៅលើស្ត្រី និងក្មេងស្រី។
លោកស្រី ការ៉ិន ហ្គ្រោន នាយកផ្នែកយេនឌ័រសាកលលោក នៃក្រុមធនាគារពិភពលោក មានប្រសាសន៍ថា៖ «ផលប៉ះទង្គិចរបស់អពើហិង្សាខាងយេនឌ័រ មិនមែនមានត្រឹមតែពេលមានការវាយដំទៅលើជនរងគ្រោះភ្លាមៗនោះទេ តែវានៅដិតដាមជាមួយពួកគេយូរតទៅទៀត ក្នុងនោះមានការប៉ះទង្គិចផ្នែកសុខភាព ការអវត្តមានញឹកញាប់ ការបាត់បង់ផលិតភាពនៅកន្លែងធ្វើការ ការបាត់បង់ចំណូលសម្រាប់គ្រួសារ និងឥទ្ធិពលមិនល្អវែងឆ្ងាយទៀតទៅលើមនុស្សជំនាន់ក្រោយ»។
លោកស្រីថ្លែងបន្ថែមទៀតថា៖ «តាមរយៈរង្វាន់នៃកម្មវិធី Development Marketplace នេះ អ្នកស្រាវជ្រាវច្រើននាក់នៅជុំវិញពិភពលោក បាននិងកំពុងជួយបង្កើនល្បឿននៃការខិតខំទប់ស្កាត់ និងឆ្លើយតបទៅនឹងអំពើហិង្សាខាងយេនឌ័រ ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។»
លោកស្រី អេលីហ្សាបិត ដាតណាល់ នាយកប្រតិបត្តិនៃអង្គការ Sexual Violence Research Initiative ថ្លែងថា៖ «ការស្រាវជ្រាវ និងសកម្មភាពនានាដែលចេញពីលទ្ធផលនៃការស្រាវជ្រាវ មានសារៈសំខាន់សម្រាប់ការស្វែងយល់អំពីកត្តានានា នៅពីក្រោយអំពើហិង្សានិងបរិបទនៅជុំវិញដែលចេះតែធ្វើឱ្យមានកត្តាទាំងនោះ ដើម្បីឈានទៅរកឱ្យឃើញនូវវិធីសម្រាប់យើងប្រើក្នុងការនាំមកនូវការប្រែប្រួលបន្តិចម្តងៗនៅក្នុងឥរិយាបថសង្គម ដើម្បីឈានទៅបញ្ចប់អំពើហិង្សាទៅលើស្ត្រី និងកុមារ។»
នៅក្នុងរយៈពេលបួនឆ្នាំចុងក្រោយនេះ ក្រុមធនាគារពិភពលោក និងអង្គការ SVRI បានប្រគល់រង្វាន់គិតជាទឹកប្រាក់ ៥លានដុល្លារអាមេរិកដល់គម្រោងស្រាវជ្រាវចំនួន ៥០គម្រោង នៅតាមប្រទេសមានប្រាក់ចំណូលទាបនិងមធ្យមជាង ៣២ប្រទេស។
កម្មវិធីរង្វាន់ Development Marketplace ត្រូវបានរៀបចំធ្វើឡើងដើម្បីឧទ្ទិសជាការចងចាំ ដល់ជនរងគ្រោះទាំងអស់ពីអំពើហិង្សាខាងយេនឌ័រ រាប់ទាំងនាង ហាណ្ណា ហ្គ្រាម ផង ដែលជាកូនស្រីរបស់បុគ្គលិកយូរឆ្នាំមួយរូបនៃក្រុមធនាគារពិភពលោក។
ឆ្នាំនេះ រង្វាន់ Development Marketplace នឹងជួយគាំទ្រដល់អ្នកស្រាវជ្រាវនៅប្រទេស បូលីវី, ប្រេស៊ីល, កម្ពុជា, ឥណ្ឌា, ហ្សកដង់, ស៊ែរប៊ី, អាហ្វ្រ៊ិកខាងត្បូង, វៀតណាម និងក្រុមមួយទៀតដែលនឹងធ្វើការស្រាវជ្រាវលំដាប់សកល៕
ដោយ៖CEN