ប្រទេសញូវហ្សឺឡែនបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនកំពុងធ្វើការពិនិត្យមើលឡើងវិញ អំពីការកំណតទំនាក់ទំនងជាមួយនឹងទីក្រុងហុងកុង។
ការពិនិត្យទាំងនោះរួមមានលើគម្រោងបត្យាប័ន ការគ្រប់គ្រងលើការនាំចេញទំនិញយុទ្ធសាស្ត្រ និងការប្រឹក្សាលើការធ្វើដំណើរ។
រដ្ឋមន្ត្រីការបរទេសញូវហ្សឺឡែន លោក Winston Peters បាននិយាយថា “ការសម្រេចចិត្តរបស់ចិន ក្នុងការអនុម័តច្បាប់សន្តិសុខថ្មី សម្រាប់ហុងកុងបានផ្លាស់ប្តូរមូលដ្ឋាន នូវបរិយាកាសម្រាប់ការចូលរួមអន្តរជាតិនៅទីនោះ”។
ការប្រកាសត្រួតពិនិត្យមើលទំនាក់ទំនងជាមួយហុងកុងឡើងវិញ កើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពេលប្រទេសជិតខាងគឺអូស្ត្រាលី បានផ្អាកកិច្ចព្រមព្រៀងធ្វើបត្យាប័នជាមួយនឹងហុងកុង ជុំវិញច្បាប់សន្តិសុខថ្មីរបស់ក្រុងប៉េកាំង។
សូមបញ្ជាក់ថា កាលពីសប្តាហ៍មុន រដ្ឋាភិបាលចិនបានអនុម័តច្បាប់សន្តិសុខសម្រាប់ហុងកុង ដែលច្បាប់នោះនឹងធ្វើការដាក់ទោសទណ្ឌរហូតដល់ជាប់គុកមួយជីវិត ទៅលើអ្វីដែលរដ្ឋាភិបាលមើលឃើញថា ជាសកម្មភាពផ្តាច់ខ្លួន ភេរវកម្ម វិទ្ធង្សនា និងការឃុបឃិតជាមួយកងកម្លាំងបរទេស។
ទីក្រុងហុងកុង ត្រូវបានអង់គ្លេសប្រគល់ទៅឲ្យចិនវិញ កាលពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ១៩៩៧ ក្រោមកិច្ចព្រមព្រៀងមួយ ដែលផ្តល់សេរីភាព និងស្វ័យភាពកម្រិតខ្ពស់ដល់ទីក្រុងហុងកុងរយៈពេល ៥០ឆ្នាំ។ ហុងកុងជាផ្នែកមួយរបស់ចិន ប៉ុន្តែហុងកុងមានប្រព័ន្ធដឹកនាំដោយឡែកពីចិន។
ការដាក់ច្បាប់សន្តិសុខរបស់ចិនទៅលើហុងកុង ត្រូវបានគេមើលឃើញថា វានឹងធ្វើឲ្យហុងកុងបាត់បង់ស្វ័យភាពកម្រិតខ្ពស់។
អាមេរិចបានប្រកាសថា ទីក្រុងហុងកុងលែងមានស្វ័យភាពពីចិនទៀតហើយ ខណៈដែលអង់គ្លេសប្រកាសផ្តល់សញ្ជាតិអង់គ្លេស ដល់ប្រជាជនហុងកុងជាង ៣លាននាក់ដែលមានលិខិត្តឆ្លងដែន ៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Reuters