ប្រទេសចិននឹងធ្វើការសាងសង់រ៉េអាក់ទ័រនុយក្លេអ៊ែរពី ៦ ទៅ ៨ក្នុងរយៈពេលមួយឆ្នាំ ចន្លោះឆ្នាំ ២០២០ និង២០៥ និងបង្កើតសមត្ថភាពថាមពលសរុបអោយដល់ ៧០ជីហ្គាវ៉ាត់ (GW)។ នេះបើតាមការចុះផ្សាយរបស់ការសែតចិន China Daily នៅថ្ងៃព្រហស្បតិ៍នេះ។
សមាគមន៍ថាមពលនុយក្លេអ៊ែរចិនបាននិយាយថា សមត្ថភាពថាមមពលនុយក្លេអ៊ែរ ដែលបានដំឡើងរួចនៅក្នុងប្រទេសចិន ត្រូវគេរំពឹងថានឹងមាន ៥២ជីហ្គាវ៉ាត់នៅបំណាច់ឆ្នាំ ២០២០នេះ។
ប៉ុន្តែវានឹងធ្វើដំណើរឡើងវិញក្នុងពេលឆាប់ៗ និងអាចបង្កើតសមត្ថភាពផ្តល់ថាមពលសរុបសម្រាប់ប្រតិបត្តិការ ឬការសាងសង់ប្រហែល ២០០ជីហ្គាវ៉ាត់នៅត្រឹមឆ្នាំ ២០៣៥។
មហិច្ឆតាថាមពលនុយក្លេអ៊ែររបស់ចិនបានដើរថយក្រោយ ដោយសារតែការពន្យារពេលរបស់គម្រោងធំៗ ពាក់ព័ន្ធនឹងបច្ចេកវិទ្យា ដែលមិនបានធ្វើតេស្តសាកល្បងពីមុនៗ ព្រមទាំងការផ្អាករយៈពេល ៤ឆ្នាំលើការអនុម័ត បន្ទាប់ពីមានគ្រោះមហន្តរាយថាមពលនុយក្លេអ៊ែរនៅជប៉ុនកាលពីឆ្នាំ ២០១១។
មន្ត្រីរដ្ឋាភិបាលចិនបាននិយាយកាលពីខែមេសាថា ឧស្សាហ៍កម្មនុយក្លេអ៊ែរនឹងមិនប៉ះពាល់ដោយការផ្ទុះវីរុសកូរ៉ូណាឡើយ ប៉ុន្តែពុំមានរ៉េអាក់ទ័រថ្មីណាមួយត្រូវបានគេធ្វើឡើយនៅឆ្នាំនេះ។ កាលពីឆ្នាំ ២០១៩ មានគម្រោងរ៉េអាក់ទ័រ ៦ត្រូវបានអនុម័ត។
បើតាមតួលេខរបស់រដ្ឋបាលថាមពលជាតិចិន បានឲ្យដឹងថា សមត្ថភាពថាមពលនុយក្លេអ៊ែរចិនមាន ៤៨,៨ជីហ្គាវ៉ាត់ គិតត្រឹមចុងខែឧសភា ដែលស្មើនឹង ២,៥ភាគរយនៃសមត្ថភាពផលិតសរុបរបស់ខ្លួន៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Reuters