ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧នេះ បាន ដឹកនាំមន្ត្រីគ្រឿងចក្រកាយប្រឡាយស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទោក និងសង្កាត់ចោមចៅទី១ខណ្ឌពោធិ៍សែនជ័យ ដើម្បីបញ្ជៀសការលិចលង់ ដែលបានកើតឡើងជាប្រចាំនៅមុខសាលាក្តីខ្មែរក្រហម។
ក្នុងខណះចុះពិនិត្យដោយផ្ទាល់ការកាយប្រឡាយអមបណ្ដោយផ្លូវជាតិលេខ៤ពីកែងផ្លូវអូដឹមកប់ស្រូវរហូតដល់មុខសាលាក្ដីខ្មែរក្រហមនោះលោកឃួង ស្រេង បានណែនាំឱ្យលោកហែម ដារិទ្ធ អភិបាលខណ្ឌពោធិសែនជ័យសហការជាមួយលោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញជំរុញការកាយស្ដារប្រឡាយអមផ្លូវជាតិលេខ៤ឱ្យបានលឿនរំដោះការលិចលង់ដោយជំនន់ទឹកភ្លៀងនៅតំខាងលើពិសេសមុខសាលាក្ដីខ្មែរក្រហម ។
ក្នុងនោះលោកអភិបាលរាជធានីបានដាក់បញ្ជាឱ្យលោកហែម ដារិទ្ធិ កាយផ្ដាច់ស្ពានឈើសង់កាត់លើប្រឡាយអមផ្លូវជាតិលេខ៤មុខផ្ទះប្រជសពលរដ្ឋចោលនិងកាយយកសំរាមចេញពីក្នុងប្រឡាយបើកមុខទឹកឱ្យហូរបានលឿន។ ជាការឆ្លើយតបលោកហែម ដារិទ្ធិ អភិបាលខណ្ឌពោធិសែនជ័យថាលោកនឹងសហការជាមួយមន្ទីរជំនាញបន្តការកាយស្ដារប្រឡាយនេះតាមការណែនាំរបស់លោកអភិបាលរាជធានី។
ជាមួយគ្នានោះដែរលោក សាំ ពិសិដ្ឋ បានបញ្ជាក់ថា ៖រយះពេល២ថ្ងៃកន្លងមកបានដាក់គ្រឿងចក្រអេស្កាវ៉ាទ័រចំនួន៤គ្រឿង រថយន្តដឹកចំនួន៣គ្រឿង ជីកស្តារប្រឡាយទួលពង្រ និងប្រឡាយព្រែកហា គិតត្រឹមម៉ោងជិត៦ល្ងាចកាលពីថ្ងៃទី១០ ខែតុលា ស្ថានភាពទឹកលិចនៅតំបន់ភូមិសាស្ត្រភូមិព្រៃល្វា ភូមិត្រពាំងរំចេក ភូមិទួលពង្រ ភូមិត្រពាំងថ្លឹង ភូមិព្រៃសណ្តែក ភូមិក្រាំងដូនទៃ ភូមិកាប់គង ក្នុងសង្កាត់ចោមចៅទី១ និងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ទឹកបានស្រកពី០.២ម៉ែត្រទៅ០.៤ម៉ែត្រ និងកំពុងបន្តស្រក។
លោកប្រធានបន្តថា កាលពីថ្ងៃទី១០ ខែតុលា ទឹកបានស្រក នៅចំណុចខាងលើកន្លែងខ្លះ៣តឹក និងកន្លែងខ្លះ៤តឹក ធ្វើឱ្យទឹកលិចនៅតំបន់ផ្លូវជាតិលេខ៤ និងមុខសាលាក្ដីខ្មែរក្រហម ក៏ប៉ុន្តែកាលពីយប់ថ្ងៃទី១០ ខែតុលានេះ ដោយភ្លៀងធ្លាក់ខ្លាំងធ្វើឱ្យជំនន់ទឹកភ្លៀង នៅខេត្តកំពង់ស្ពឺឡើងខ្លាំងធ្វើឱ្យទឹកនៅស្ទឹងព្រែកត្នោត នៅក្នុងភូមិសាស្ត្រភ្នំពេញ ក៏ឡើងដល់កំពស់៨តឹក ធ្វើឱ្យទឹកលិចនៅផ្លូវជាតិលេខ៤ និងមុខសាលាក្ដីខ្មែរក្រហមឡើងវិញ នៅព្រឹកថ្ងៃទី១១ ខែតុលាតែមកដល់ល្ងាចថ្ងៃទី១១ខែតុលាដដែលនេះទឹកបានស្រកវិញច្រើនជាងមុនដោយសារកាយប្រឡាយទួលពង្រផងនិងប្រឡាយអមផ្លូវជាតិលេខ៤ផងនោះ៕ដោយ៖កូឡាប