Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្អូនស្រី គីម ជុង​អ៊ុន​ថា “​មិនចាំបាច់​មាន​កិច្ចប្រជុំ​កំពូល​” ទៀតឡើយ​ប្រសិន​អា​មេ​រិច​មិន​ផ្តល់​ការផ្លាស់ប្តូរ​

​ប្អូនស្រី​ដ៏​មាន​ឥទ្ធិពល​របស់​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា មិនចាំបាច់​មាន​កិច្ចប្រជុំ​កំពូល​ទៀត​ទេរ​វាង​កូរ៉េខាងជើង និង​អា​មេ​រិច​ឡើយ ប្រសិនបើ​អា​មេ​រិច​មិន​ផ្តល់​ការផ្លាស់ប្តូរ​។​

​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន និង​ប្រធានាធិបតី​អា​មេ​រិច​ដូ​ណា​ល់ ត្រាំ បាន​ជួបគ្នា​ដំបូង​នៅក្នុង​ប្រទេស​សិង្ហ​បុរី​កាលពី ២​ឆ្នាំមុន ប៉ុន្តែ​កិច្ចចរចារ​ក្នុងការ​រំសាយ​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​បាន​ជាប់គាំង ចាប់តាំងពី​កិច្ចប្រជុំ​កំពូល​លើក​ទី ២​នៅក្នុង​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​បាន​បរាជ័យ​កាលពី​ឆ្នាំ ២០១៩​។

​នៅក្នុង​កិច្ចប្រជុំ​ចុងក្រោយ កូរ៉េខាងជើង​បង្ហាញ​ពី​ឆន្ទៈ​ក្នុងការ​បោះបង់ចោល​អាវុធ​នុយក្លេអ៊ែរ ជា​ថ្នូរ​នឹង​ការទទួលបាន​ការបន្ធូរបន្ថយ​ទណ្ឌកម្ម ខណៈដែល​ភាគី​អា​មេ​រិច​ប្រកាសថា​គ្មាន​ការបន្ធូរបន្ថយ​ឡើយ ទាល់តែ​កូរ៉េខាងជើង​រំសាយ​អា​វុ​ជ​របស់ខ្លួន​ចោល​។​

​លោក​ដូ​ណា​ល់ ត្រាំ នៅ​សប្តាហ៍​នេះ បាន​និយាយថា គាត់​នឹង​ជួប​ជាមួយនឹង​មេដឹកនាំ​កូរ៉េខាងជើង​ម្តងទៀត ប្រសិនជា​កិច្ចប្រជុំ​នោះ​នឹងមាន​ប្រយោជន៍​។ ការប្រកាស​របស់លោក កើតឡើង​ក្រោយពេល​មានការ​ព្យាករណ៍​ថា គាត់​នឹង​ស្វែងរក​កិច្ចប្រជុំ​កំពូល​មួយទៀត ប្រសិនជា​វា​អាចជួយ​ដល់​ការបោះឆ្នោត​ឡើងវិញ​របស់លោក​ក្នុង​ខែ​វិ​ច្ឆ​ការ​ខាងមុខ​។​

​ប៉ុន្តែ​នៅក្នុង​សេចក្តីប្រកាស​ដែល​ចេញ​ដោយ​ភ្នាក់ងារ​សារព័ត៌មាន​កូរ៉េខាងជើង (KCNA) Kim Yo Jong ដែលជា​ប្អូនស្រី​បង្កើត​របស់​មេដឹកនាំ​កូរ៉េខាងជើង​បាន​និយាយថា “​វា​មិនចាំបាច់​សម្រាប់​ពួកយើង​អង្គុយ​ជាមួយ​អា​មេ​រិច​នៅពេលនេះ​ទេ​។​”

​ប្រសិនជា​កិច្ចប្រជុំ​កំពូល​កើតឡើង នាង​និយាយថា “​វា​ច្បាស់​ណាស់​ថា វា​នឹង​ត្រូវបាន​គេ​ប្រើប្រាស់​ជា​អំនួត​ដ៏​គួរ​ឲ្យ​ធុញទ្រាន់​ពី​ភាគី​ម្ខាង​ទៀត​”​។​

​នាង​ថ្លែង​ទៀតថា ការរំសាយ​នុយក្លេអ៊ែរ​មិនអាច​កើតឡើង​នៅ​ចំនុច​នេះ​ទេ ហើយ​វា​អាច​កើតឡើង​ជាមួយនឹង​ជំហាន​សំខាន់ៗ​ស្របគ្នា​នឹង​ភាគី​ផ្សេងទៀត ដែល​ការ​សង្កត់ធ្ងន់​របស់​នា​ង​មិន​សំដៅ​ទៅលើ​ការដក​ទណ្ឌកម្ម​ឡើយ​។​

​នាង​មិនបាន​បញ្ជាក់​ឲ្យ​ជាក់លាក់​ឡើយ​។​

​របប​ព្យុងយ៉ាង​បញ្ជាក់ថា ខ្លួន​ត្រូវការ​អាវុធ​នុយក្លេអ៊ែរ ដើម្បី​ការពារ​ប្រឆាំងនឹង​ការឈ្លានពាន​ដែល​អាច​កើតមានឡើង​ពី​សំណាក់​អា​មេ​រិច​។​

​សូមបញ្ជាក់ថា មេដឹកនាំ​កូរ៉េ​ខាង​បានប្រកាស​កាលពី​ខែធ្នូ​ក្នុងការ​បញ្ចប់​ការផ្អាក​ធ្វើតេស្ត​អាវុធ​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​ឆ្លង​ទ្វីប ហើយ​ទីក្រុង​ព្យុងយ៉ាង​បាន​និយាយថា ខ្លួន​គ្មា​បំណង​បន្ត​ការចរចារ​ជាមួយនឹង​អា​មេ​រិច​ឡើយ ប្រសិនជា​អា​មេ​រិច​មិន​បោះបង់ចោល​គោលនយោបាយ​សត្រូវ​លើ​កូរ៉េខាងជើង​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ AFP​

×