មនុស្សយ៉ាងតិចចំនួន ២៣នាក់បានស្លាប់ និងជាច្រើនាក់ទៀតបាត់ខ្លួន នៅក្នុងគ្រោះទឹកជំនន់ និងរអិលបាក់ដី ដែលសារភ្លៀងធ្លាក់ខ្លាំងនៅភាគខាងលិចប្រទេសនេប៉ាល់។ នេះបើតាមមន្ត្រីបញ្ជាក់នៅថ្ងៃសៅរ៍នេះ។
មនុស្ស ៩នាក់បានស្លាប់ និងជាង ៣០នាក់បានបាត់ខ្លួន នៅក្នុងស្រុក Myagdi ដែលមានចំងាយប្រមាណ ២០០គីឡូម៉ែត្រពីរដ្ឋធានី Kathmandu កន្លែងដែលផ្ទះជាច្រើនខ្នងត្រូវបានបំផ្លាញកាលពីថ្ងៃសុក្រ។
មន្ត្រីរដ្ឋបាលស្រុក លោក Gyan Nath Dhakal បាននិយាយថា “ចំនួនអ្នកស្លាប់ ត្រូវគេរំពឹងថានឹងកើនឡើង ខណៈដែលក្រុមជួយសង្គ្រោះបានទៅដល់តំបន់ដាច់ស្រយ៉ាលដើម្បីស្វែងរកជនរងគ្រោះ”។
មនុស្សចំនួន ៥០នាក់ត្រូវបានជម្លៀសចេញយកទៅកន្លែងមានសុវត្ថិភាពដោយយន្តហោះ។
នៅក្នុងស្រុក Kaski មានមនុស្ស ៧នាក់ស្លាប់ ខណៈដែល ៧នាក់ទៀតស្លាប់នៅក្នុងស្រុក Jajarkot។ អាជ្ញាធរកំពុងបន្តស្វែងរកមនុស្សជាច្រើននាក់ដែលកំពុងបាត់ខ្លួន។
សូមបញ្ជាក់ថា ការរអិលបាក់ដី និងគ្រោះទឹកជំនន់តែងកើតមានជាញឹកញាប់នៅក្នុងតំបន់ភ្នំនៃប្រទេសនេប៉ាល់ អំឡុងរដូវម៉ូសុងចន្លោះពីខែមិថុនា ដល់កញ្ញា៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Reuters