ភ្នំពេញ ៖ រថយន្តដឹកទំនិញអេតចាយ១គ្រឿងនៅសុខៗស្រាប់តែផ្ទុះហើយរអិលបុកទ្វារចេញមកខាងក្រៅឃ្លាំងក៏បានឆាបឆេះយ៉ាងសន្ធោសន្ធៅ សង្ស័យឆ្លងប្រព័ន្ទភ្លើង បង្កឲ្យ មានការភ្ញាក់ផ្អើលដល់ម្ចាស់ឃ្លាំង និប្រជាពលរដ្ឋ ជាខ្លាំង។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ២និង ៣០នាទី ទៀបភ្លឺឈានចូលថ្ងៃចន្ទទី១៣ ខែកក្កដា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវ ២១៧ ក្នុងសង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ត្រង់ចំណុចឃ្លាំងអេតចាយដ៏ធំ នៅតាមបណ្តោយផ្លូវ ២១៧ ទល់មុខ និងការ៉ាស់សាំងកាល់តិច។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថាមុនពេលកើតហេតុគេឃើញរ រថយន្តដឹកអេតចាយមួយគ្រឿងដែលពាក់ផ្លាកលេខភ្នំពេញ 3D-5486 ខាងលើនេះស្ថិតនៅក្នុងឃ្លាំងដូចសព្វដង លុះមកដល់ពេលម៉ោងកើតហេតុខាងលើស្រាប់តែឮសំឡេងផ្ទុះ ហើយរថយន្តនោះក៏រអិលបុកទ្វារ ចេញមកខាងក្រៅឃ្លាំងបង្កឲ្យមានអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ធ្វើឲ្យភ្ញាក់ផ្អើលនិងស្លន់ស្លោដល់ប្រជាពលរដ្ឋ រត់ទៅយកបំពង់អគ្គិភ័យមកបាញ់អស់ជាច្រើនបំពង់និងយកទឹកធុងជះទើបរលត់ទៅវិញជាស្ថាពរ។
ករណីខាងលើនេះមិនបានរាលដាលដល់ផ្ទះអ្នកជិតខាងទេ។ ប្រភពពីកន្លែងកើតហេតុខាងលើបានបន្ថែមទៀតថា ហេតុការណ៍នេះសង្ស័យមកពីឆ្លងប្រព័ន្ធភ្លើងរថយន្ត និងមិនបានដោះចង្កឹះលេខ ទើបបណ្តាលឲ្យឆេះបែបនេះ។
សូមបញ្ជាក់ថាហេតុការណ៍នេះមិនបណ្តាលឲ្យមាននរណាម្នាក់រងរបួសទេ ហើយក៏មិនមានការរាលដាលដល់ផ្ទះប្រជាពលរដ្ឋដែរ។
ប្រជាពលរដ្ឋដែរស្នាក់នៅក្បែរឃ្លាំងអេតចាយខាងលើ បានសំណូមពរឲ្យម្ចាស់ទីតាំងមេត្តាមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ត្រូវមានបំពងពន្លត់អគ្គិភ័យការពារគ្រប់គ្រាន់ដើម្បីទប់ស្កាត់គ្រោះអគ្គិភ័យទាន់ពេលវេលាដូចករណីខាងលើនេះ៕ ដោយ៖សា មេត