ភ្នំពេញ៖ ក្រោមការចង្អុលបង្ហាញពីឧត្តមសេនីយ៍ស្នងការ និងមានការសម្របសម្រួលពីលោកកែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងអធិការដ្ឋាននគរបាលក្រុងក្រចេះ សហការជាមួយការិយាល័យគ្រឿងញៀនខេត្ត នៅរសៀលថ្ងៃទី១២ ខែកក្កដា បានចុះបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅ ភូមិព្រែកតាថឹង ឃុំបុសលាវ ស្រុកចិត្របុរី។
អធិការនគរបាលក្រុងក្រចេះលោកវរសេនីយ៍ឯក អេង ហឿន បានអោយដឹងថា ប្រតិបត្តិការនេះ កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ៖ ១.ឈ្មោះ ឈាវ សុីនា អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ២.ឈ្មោះ ហ៊ួន ប៊ុនធិ អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ (អ្នកទាំង២មានទីលំនៅ ភូមិព្រែកតាថឹង ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ) ។៣.ឈ្មោះ ម៉ាន វ៉ា អាយុ ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិពង្រ ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ។
ជាមួយគ្នានេះក៏បានដកហូតវត្ថុតាមរួមមាន ៖ ម្ស៉ៅក្រាមពណ៌ស(សង្ស័យជាគ្រឿងញៀន) ចំនួន ១១កញ្ចប់ (ធំ៩កញ្ចប់,តូច២កញ្ចប់) ជិត១គីឡូក្រាម។
ថ្នាំគ្រាប់(សង្ស័យជាគ្រឿងញៀន) ចំនួន ១៦៩គ្រាប់(ពណ៌ផ្កាឈូក ចំនួន១៦៨គ្រាប់ ពណ៌ខៀវ ចំនួន០១គ្រាប់។
ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន០២គ្រឿង។ ទុយោសម្រាប់ចូករំលែកគ្រឿងញៀន ចំនួន០២ និងថង់សម្រាប់ច្រករំលែកគ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ៣នាក់ និង វត្ថុតាង ត្រូវបានឃាត់ និង រក្សាទុកជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងក្រចេះ ដើម្បីកសាងសំណុំរឿងតាមនិតិវិធី៕ ដោយ៖កូឡាប