Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

COVID-19៖ មាន​អ្នក​ឆ្លង​វីរុស​ជាង ២៣០.០០០​នាក់ ត្រឹម​រយៈពេល ២៤​ម៉ោង​ចុងក្រោយ កាលពី​ថ្ងៃអាទិត្យ​

​អង្គការ​សុខភាព​ពិភពលោក (WHO) ប្រកាសថា​មានការ​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ប្រចាំថ្ងៃ​កើនឡើង​ខ្លាំង​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ ដោយមាន​ការឆ្លង​សរុប​ចំនួន ២៣០.៣៧០​ករណី ត្រឹម​រយៈពេល ២៤​ម៉ោង​ចុងក្រោយ ទូទាំង​ពិភពលោក​។​

​ការឆ្លង​ដ៏​ខ្លាំង​បំផុត​កើតឡើង​នៅ​អា​មេ​រិច ប្រេ​ស៊ី​ល ឥណ្ឌា និង​អា​ហ្វ្រិ​ច​ខាងត្បូង​។ កំណត់ត្រា​ឆ្លង​ខ្លាំង​ពីមុន​របស់ WHO គឺ​នៅ​ថ្ងៃទី ១០ ខែកក្កដា ដែលមាន​អ្នក​ឆ្លង​សរុប​ចំនួន ២២៨.១០២​នាក់​។

​ចំណែក​អ្នកស្លាប់ ស្ថិតនៅ​ថេរ គឺ​ប្រហែល ៥.០០០​នាក់​ក្នុង​មួយថ្ងៃ​។​

​ការឆ្លង​វីរុស​សរុប​ទូទាំង​ពិភពលោក​កើនឡើង​ជិត​ដល់ ១៣​លាន​ករណី​ហើយ គិត​ត្រឹម​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ ខណៈដែល​ការផ្ទុះ​វីរុស​ក្នុង​រយៈពេល ៧​ខែ​មកនេះ បាន​ឆក់យក​ជីវិត​មនុស្ស​ជាង ៥៦៥.០០០​នាក់​។ នេះ​បើតាម​តួលេខ​របស់​ទីភ្នាក់ងារសារព័ត៌មាន Reuters​។​

​សហរដ្ឋ​អា​មេ​រិច​មាន​អ្នក​ឆ្លង​ថ្មី​ចំនួន ៥៩.៧៤៧​នាក់ ក្នុង​រយៈពេល ២៤​ម៉ោង​ចុងក្រោយ​កាលពី​ថ្ងៃអាទិត្យ​។ ករណី​ឆ្លង​សរុប​មាន​ជាង ៣,៣​លាន​នាក់ ខណៈដែល​អ្នក​ស្លាប់មាន​ជាង ១៣៥.០០០​នាក់​។​

​នៅក្នុង​ប្រទេស​ប្រេ​ស៊ី​ល មាន​ករណី​ឆ្លង​សរុប​ចំនួន ១.៨៦៤.៦៨១ គិត​ត្រឹម​ថ្ងៃអាទិត្យ ចំណែក​អ្នកស្លាប់​សរុប​មាន ៧២.១០០​នាក់​។

​សូមបញ្ជាក់ថា វីរុស​កូ​រ៉ូ​ណា​បាន​ផ្ទុះឡើង​ដំបូង​ចេញពី​ទីក្រុង​វូ​ហាន ប្រទេស​ចិន កាលពី​ចុងឆ្នាំ ២០១៩ និង​បាន​ផ្ទុះ​រាលដាល​យ៉ាង​លឿន​ទៅ​ជុំវិញ​ពិភពលោក​។​

​កាលពីពេល​ថ្មីៗ​នេះ អង្គការ​សុខភាព​ពិភពលោក​បាន​បញ្ជូន​ក្រុម​អ្នកជំនាញ​ទៅកាន់​ប្រទេស​ចិន ដើម្បី​ធ្វើការ​ស៊ើបអង្កេត​ពី​ប្រភព​របស់​វីរុស​ដ៏​កាច​សាហាវ​នេះ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ CNA​

×