បន្ទាយមានជ័យ ៖ កម្លាំងផែ្នកព្រហ្មទណ្ឌនគរបាលក្រុងប៉ោយប៉ែត និងកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្តបន្ទាយមានជ័យ បានចុះធ្វើការឆែកឆេររោងស្តុកទុកអីវ៉ាន់មួយកន្លែង រកឃើញមានគ្រឿងក្នុងជ្រូក ២០កេស ស្មើនឹង១តោន នៅវេលាម៉ោង៤ល្ងាច ថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០២០ នៅក្នុងរោងបាំងស័ង្កសីជិត ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា កម្លាំងនគរបាលក្រុងប៉ោយប៉ែត និងកម្លាំងនគរបាលជំនាញការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៅវេលាម៉ោង៤ល្ងាច ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ បានធ្វើការឃាត់ខ្លួនម្ចាស់ស្តង់មានឈ្មោះ អ៊ុល ក្លឹង ភេទប្រុស អាយុ៣៣ ឆ្នាំ មុខរបរលក់ដូរ មានស្រុកកំណើតរស់នៅភូមិភ្នំសំពៅ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង សព្វថ្ងៃមកស្នាក់នៅ ភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោកអធិការ បានបញ្ជាក់ឲ្យដឹងទៀតថា៖ គ្រឿងក្នុងជ្រូក ស្តុកនៅក្នុងទីតាំងរបស់ឈ្មោះ អ៊ុល ក្លឹង នោះ សមត្ថកិច្ចបានឆែកឆេររកឃើញអណ្តាត ត្រចៀក ពោះ បេះដូង ប្រអប់ជើងជ្រូកសរុបមានចំនួន ២០កេស ស្មើទម្ងន់ ១ តោន សុទ្ធសឹងជារបស់មានជាតិគីមីទាំងអស់ ដែលទំនិញទាំងអស់ បង្កឲ្យប៉ះពាល់សុខភាពអ្នកទទួលទានយ៉ាងធ្ងន់ធ្ងរ។ បច្ចុប្បន្នវត្ថុតាងគ្រឿងក្នុងជ្រូកទាំងអស់ និងម្ចាស់ស្តង់ ក្រោយពីធ្វើកំណត់ហេតុរួច ខាងការិយាល័យជំនាញ ដឹកយកទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់៕ដោយ៖បញ្ញាស័ក្តិ