Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ធ្វើការ​ច្រានចោល​នូវ​របាយការណ៍ «​ធ្វើ​ការងារ​រហូត​ជំពាក់​បំណុល​វ័ណ្ឌក​» របស់​អង្គការ​សង្គម​ស៊ីវិល​

​ភ្នំពេញ​៖ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា សូម​ធ្វើការ​ច្រានចោល​នូវ​របាយការណ៍ «​ធ្វើ​ការងារ​រហូត​ជំពាក់​បំណុល​វ័ណ្ឌក​» ដោយ​ផ្អែ​ល​លើ​មូលដ្ឋាន​វិធីសាស្ត្រ​ក្នុងការ​ស្រាវជ្រាវ​មិន​ត្រឹមត្រូវ ភាពមិន​ស៊ីចង្វាក់​នៃ​ទិន្នន័យ និង​អំឡុងពេល​ស្រាវជ្រាវ​មិន​សមស្រប បន្ទាប់ពី​ក្រុមការងារ​បច្ចេកទេស របស់​សមគម​បានធ្វើការ​សិក្សា​លំអិត​លើ​របាយកាណ៍​នេះ​។

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២០ សម្ព័ន្ធ​សហជីព​កម្ពុជា (CATU) មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (CENTRAL) និង​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិមនុស្ស (LICADHO) បានចេញ​ផ្សាយ​នូវ​របាយការណ៍​មួយ មាន​ចំណងជើង​ថា​៖ «​ធ្វើ​ការងារ​រហូត​ជំពាក់​បំណុល​វ័ណ្ឌក​» ដោយ​បានធ្វើ​ការស្ទង់មតិ​កម្មករ​ចំនួន​១៦២​នាក់ មកពី​រោងចក្រ​ចំនួន​៣ ដែល​បាន​ព្យួរការងារ​ទាំងស្រុង ឬ​ដោយ​ផ្នែក ចន្លោះ​ខែមីនា និង​ឧសភា ឆ្នាំ​២០២០​។

​ដោយ​ផ្តោត​ការសិក្សា​តែ​ពី​ផល​លំបាក​នៃ​ការជាប់​ជំពាក់​បំណុលរ​បស់​កម្មករ​ទាំងនោះ របាយការណ៍​នេះ​បាន​ទាញ​សេចក្តី​សន្និដ្ឋានថា​៖ «​បញ្ហា​នេះ​បង្កើតឱ្យមាន​វិបត្តិ​រំលោភសិទ្ធិ​មនុស្ស​ជាច្រើន ដែលនាំឱ្យ​ពួកគាត់​ជួប​ការលំបាក​ខ្លាំង​ក្នុងការ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ និង​ធ្វើឱ្យ​ការកាន់កាប់​ដីធ្លី​របស់​ពួកគាត់​ត្រូវ​រង​សម្ពាធ​យ៉ាងខ្លាំង​ពី​សំណាក់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​។
​ប្រសិនបើ​គ្មាន​កម្មវិធី​សម្រាល​បន្ទុក​បំណុល​ភ្លាមៗ​ទេ នោះ​កម្មករ កម្មការិនី​ទាំងនេះ នឹងត្រូវ​ប្រឈម​នឹង​ការលក់​ដី​ឬ​ផ្ទះ កាត់បន្ថយ​ការបរិភោគ​អាហារ ឬ​ខ្ចី​ប្រាក់កម្ចី​កាន់តែ​ច្រើនឡើង ដើម្បី​យកទៅ​សងបំណុល​ដែលមាន​ស្រាប់​។​»
​ក្រោយពី​ធ្វើការ​សិក្សា​លម្អិត​លើ​របាយការណ៍​នេះ សមាគម មើលឃើញថា វិធីសាស្ត្រ​ក្នុង​ការស្ទង់មតិ​នេះ ខ្វះ​ល័ក្ខខ័ណ្ឌ​បែប​វិទ្យាសាស្ត្រ មាន​ភាពលំអៀង និង​ខ្វះ​ការយល់ដឹង​ពី​វិស័យ​មីក្រូហិរញ្ញវត្ថុ ហើយ​គ្មាន​ព័ត៌មាន​គ្រប់គ្រាន់​ដែល​អាចធ្វើ​ការផ្ទៀងផ្ទាត់​ឡើងវិញ​បាន​។ ដូចដែល​បានបញ្ជាក់​ស្រាប់​ក្នុង​របាយការណ៍​នេះ ការស្ទង់មតិ​នេះ គ្រាន់តែ​ប្រមូលយក​ព័ត៌មាន​ពី​មនុស្ស​ចំនួន ១៦២ នាក់​ពី​រោងចក្រ​ចំនួន​៣ ក្នុងចំណោម​រោងចក្រ​រាប់រយ​ពាន់ និង​កម្មករ​រាប់សែន​នាក់​។

​អ្នកចូលរួម​សម្ភាសន៍​ទៀតសោត ក៏ត្រូវ​បានជ្រើសរើស​តាមរយៈ «​ប្រធាន​សហជីព​ក្នុង​រោងចក្រ​នីមួយៗ​» ពោលគឺ​មិនមែន​រើស​ដោយ​ចៃដន្យ​(random) ដែល​នេះ​មិនមែនជា​វិធីសាស្ត្រ​ដែល​អាច​ទុកចិត្ត​បានឡើយ ដោយសារតែ​អាចមាន​ភាពលំអៀង​នៃ​អ្នក​ជ្រើសរើស​ស្រាប់​។
​ការអនុម័ត​ផ្តល់ប្រាក់​កម្ចី​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​ទៀតសោត ក៏ត្រូវ​ឆ្លងកាត់​ការវាយតម្លៃ​ច្រើន រួមមាន​គោលបំណង​ប្រាក់កម្ចី សមត្ថភាព​សង​ត្រលប់ ការផ្ទៀងផ្ទាត់​ប្រវត្តិ​កម្ចី​ជាមួយ​ការិយាល័យ​ឥណទាន​កម្ពុជា និង​ហានិភ័យ​នានា ដែលជា​ផ្នែក​មួយ​នៃ​គោលការណ៍​ការពារ​អតិថិជន​។
​ជាងនេះទៀត​ទិន្នន័យ​ដែល​បានបញ្ជាក់​ក្នុង​របាយការណ៍​នេះ ក៏​មិនមាន​ភាពស៊ីចង្វាក់​ជាមួយ​ទិន្នន័យ​លម្អិត​របស់​សមា​គម ការិយាល័យ​ឥណទាន​កម្ពុជា និង​ធនាគារជាតិ​នៃ​កម្ពុជា​ផងដែរ​។ ហើយ​របាយការណ៍​នេះ​ក៏​មិនបាន​បញ្ចេញ​នូវ​ទំហំ​ឥណទាន ប្រភព​ចំណូល​ផ្សេងទៀត​ក្រៅតែពី​ប្រាក់បៀវត្ស​រោងចក្រ ដែល​ទិន្នន័យ​ទាំងនេះ​មាន​ភាពចាំបាច់​ក្នុងការ​វាយតម្លៃ​ផលប៉ះពាល់​ពិតប្រាកដ​។​
​ការស្ទង់មតិ​នេះ​ក៏ត្រូវ​បានធ្វើ​ក្នុងពេល​រង​ផលប៉ះពាល់​ពី​ជំងឺ​កូ​វីដ​១៩ រួមផ្សំ​នឹង​អ្នកចូលរួម​ឆ្លើយ​ទាំងអស់​សុទ្ធតែ​ត្រូវបាន​រោងចក្រ​ព្យួ​ការងារ ដូចនេះ​ជា​កត្តា​សន្យា​នុ​ម័ត ប្រាក់ចំណូល​របស់​ពួកគាត់​នឹង​ធ្លាក់ចុះ ដែលនាំអោយ​ប៉ះពាល់​ជីវភាព​រស់នៅ ក៏​ដូច​លទ្ធភាព​ក្នុង​ការសង​ត្រលប់​ទៅកាន់​គ្រឹះស្ថាន ហើយ​រឹតតែ​មិនមាន​អារម្មណ៍ល្អ​ចំពោះ​ស្ថានភាព​ទូទៅ​ឡើយ​។​

​ភ្ជាប់​នឹង​បញ្ហា​នេះ សមាគម ធ្លាប់បាន​រកឃើញ​ភាពមិនប្រក្រតី នៃ​របាយការណ៍​របស់​អង្គការ​លីកាដូ អំពី​ចំណាកស្រុក​និង​មីក្រូហិរញ្ញវត្ថុ ព្រមទាំង​បានចេញ​សេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០២០ ដែល​រឹតតែ​ធ្វើ​ឲ្យ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា មិនអាច​ជឿជាក់​លើ​នូវ​គុណភាព ក៏ដូចជា​គោលបំណង​ពិតប្រាកដ​នៃ​ការសិក្សា​ទាំងអស់នេះ​។

​របាយការណ៍​នេះ បាន​មើលរំលង​ការខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កន្ល​ង​មក​តាមរយៈ​ការជួយ​ឧ​ប​ត្ត​ម្ភ ដល់​កម្មករ​រោងចក្រ​ដែល​ផ្អាក​ដំណើរការ ក៏ដូចជា​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​វិស័យ​មីក្រូហិរញ្ញវត្ថុ ដែល​បាន​ជួយ​ដល់​អតិថិជន​របស់ខ្លួន ក្នុងអំឡុងពេល​កូ​វីដ​១៩ ពិសេស​តាមរយៈ​ការរៀបចំ​ឥណទាន​ឡើងវិញ​ជូន​ដល់​អតិ​ថ​ជន​ជាង​ពីរ​សែន​នាក់ ក្នុង​ទំហំ​ឥណទាន​ជាង​មួយ​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។ របាយកាណ៍​នេះ ក៏បង្ករ​ការរំខាន​ដល់​វិស័យ​មីក្រូហិរញ្ញវត្ថុ ដែល​កំពុងតែ​មមាញឹក​ក្នុងការ​ទប់ស្កាត់ និង​កាត់បន្ថយ​ផលប៉ះពាល់​នៃ​ជំងឺ​កូ​វីដ​១៩​ផងដែរ​។
​សូមបញ្ជាក់ថា​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​ត្រូវបាន​ទទួលស្គាល់​ជា​អន្តរជាតិ ថា​ជា​គំរូ​ដ៏​ល្អ​មួយ និង​មាន​ភាព​រឹង​ម៉ាំ ដោយសារ​វិស័យនេះ​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ បង្កើន​ប្រាក់ចំណូល​ប្រជាជន និង​ជំរុញ​
​កំនើន​សេដ្ឋកិច្ចជាតិ ប្រកបដោយ​និរន្តរភាព ខុសពី​ការអភិវឌ្ឍ​បែប​ប្រពៃណី ដែល​ស្ថាប័ន​អភិវឌ្ឍ​ត្រូវ​ពឹងផ្អែក​ទាំងស្រុង​លើ​ម្ចាស់ជំនួយ ឬ​វិភាគទាន​ពី​រដ្ឋាភិបាល​។ មាន​ប្រទេស​ផ្សេងៗ​ជាច្រើន បានមក​ធ្វើ​ទស្សនៈកិច្ច​សិក្សា​ស្វែងយល់​ពី​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា ខណៈ​ប្រទេស​មួយចំនួន​នៅ​មិនទាន់​អាចធ្វើឱ្យ​វិស័យនេះ មានដំណើរ​ការល្អ ឬ​រីកចម្រើន​បាន​នៅឡើយ​។
​ក្នុង​ទស្សនវិស័យ និង​បេសកកម្ម ជួយ​អោយ​ប្រជាជន​កម្ពុជា​គ្រប់រូប​ទទួលបាន​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ សម្បូរបែប និង​ទាន់ពេលវេលា តាមរយៈ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ប្រកបដោយ​និរន្តរភាព សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ដែលជា​សមាគមវិជ្ជាជីវៈ​តែមួយគត់​តំណាងឱ្យ​វិស័យ​មីក្រូហិរញ្ញវត្ថុ នឹង​បន្ត​សិក្សា​តាមដាន​បន្ថែម​ទៅលើ​ស្ថានភាព​វិ​វត្ត​នៃ​វិស័យ​កាត់ដេរ ព្រមទាំង​ជំរុញ​ដល់​សមាជិក​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំងអស់ ឱ្យ​បន្ត​ការជួយ​សម្រាល​ដល់​អតិ​ថិ​ជន​ដែល​រង​ផលប៉ះពាល់​ដោយ​ជំងឺ​កូ​វីដ​១៩ តាមរយៈ​ការរៀបចំ​ឥណទាន​ឡើងវិញ និង​តាម​លទ្ធភាព​ផ្សេងៗ​ទៀត​ដែល​ខ្លួន​មាន​៕
​ដោយ​៖CEN

×