ភ្នំពេញ៖ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ ចាត់ទុកថា វិទ្យាសា្ថនអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ ពិតជាបានដើរតួនាទីសំខាន់ណាស់ និងជាដៃគូមិនអាចខ្វះបាន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងធនធានមនុស្សនៅកម្ពុជា។
នេះបើតាមប្រសាសន៍ ឯកឧត្តម អ៊ិត សំហេង ជួបពិភាក្សាជាមួយសមាគមគ្រឹះស្ថានឧត្តមសិក្សាបច្ចេកទេស និងវិជ្ជាជីវៈ ដឹកនាំដោយ ឯកឧត្តម ណុប នរិន្ទ ជាប្រធាននាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ នៅទីស្តីការក្រសួងការងារ។
ឯកឧត្តមរដ្ឋមន្ត្រី សន្យានឹងរកពេលវេលាណាមួយសមរម្យ ដើម្បីចុះជួបផ្តល់កម្លាំងចិត្តដោយផ្ទាល់ដល់វិទ្យាស្ថានទាំងអស់ ដែលបានកំពុងតែបិទសាលាបណ្តុះបណ្តាលរបស់ខ្លួនមួយរយៈកន្លងមកនេះ ដែលកំពុងរងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ១៩ ជាសកលនេះ។
ឯកឧត្តម ណុប នរិន្ទ ប្រធានសមាគមគ្រឹះស្ថានឧត្តមសិក្សាបច្ចេកទេសនិងវិជ្ជាជីវៈ បានបង្ហាញពីវឌ្ឍនភាពរបស់សមាគមក្នុងរយៈពេលជិត២ឆ្នាំកន្លងមកនេះ ក្នុងការចូលរួមនូវសកម្មភាពសង្គម ក៏ដូចជាបង្ហាញពីបញ្ហាប្រឈមមួយចំនួន ដែលសមាគមនេះបានជួបប្រទះ និងស្នើសុំឱ្យមានការបើកឱ្យដំណើរការឡើងវិញ ចំពោះវិទ្យាស្ថានដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួង និងស្នើសុំជ្រើសរើស និស្សិតឱ្យចូលរៀនវិញដោយអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលនិង ក្រសួងការងារ ។
ឯកឧត្តមអ៊ិត សំហេង លើកឡើងថា អ្វីដែលអាចធ្វើឱ្យវិទ្យាស្ថានអាចទៅមុខបានអាស្រ័យទៅលើស្ថានភាពនៃកូវីដ១៩នេះ ថាតើបានធូរស្រាលកម្រិតណា ព្រោះបច្ចុប្បន្នវាកំពុងតែវាយលុកបណ្តាប្រទេសជាច្រើន ទាំងប្រទេសអភិវឌ្ឍន៍ និងកំពុងអភិវឌ្ឍន៍ ដែលធ្វើឱ្យមានបញ្ហាប្រឈមលើទីផ្សារ សេដ្ឋកិច្ច និង ទេសចរណ៍។
ឯកឧត្តមរដ្ឋមន្ត្រី បានរំលឹកថា កន្លងមកនេះ រាជរដ្ឋាភិបាលបានគ្រប់គ្រងស្ថានការណ៍នៃការរីករាលដាលនៃជំងឺកូវីដ១៩ នេះបានយ៉ាងល្អប្រសើរ។ រាល់សំណើរ របស់សមាជិកនៃសមាគមទាក់ទងនិងការបើកសាលាឡើងវិញ ឯកឧត្តមរដ្ឋមន្ត្រី បានទទួលយក និងដាក់ស្នើបន្តទៅសុំការសម្រេចពីរាជរដ្ឋាភិបាល ប៉ុន្តែបើសិនជាមានការអនុញ្ញាតពីរាជរដ្ឋាភិបាលហើយ គឺត្រូវតែធានាឱ្យបាននូវលក្ខខណ្ឌអនាម័យខ្ពស់ ហើយបង្កើតឲ្យមានក្រុមការងារចុះអង្កេតគ្រប់សាលាទាំងរដ្ឋ និងឯកជន បើរកឃើញថា មិនបានអនុវត្តតាមគោលការណែនាំបានល្អទេ នឹងត្រូវផ្អាកវិញជាបន្ទាន់។ ទាក់ទងនឹងសមាគមនេះ ត្រូវខិតខំពង្រឹងខ្លួន ដើម្បីប្រកួតប្រជែងជាមួយសមាគមផ្សេងទៀត សំខាន់ការឯកភាពសាមគ្គីផ្ទៃក្នុងឲ្យបានល្អ គៀងគរប្រមែប្រមូលគ្រឹះស្ថានទាំងអស់ឲ្យស្ថិតនៅក្នុងសមាគមតែមួយ ដើម្បីរួមគ្នាលើកកំពស់គុណភាពអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្លើយតបទៅនឹងបរិបទឧស្សាហកម្ម៤.០។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការប្រចាំការ បានឲ្យដឹងថា ក្នុងដំណាក់កាលនេះសំខាន់បំផុតនោះ គឺការផ្ទេរចំណេះដឹងតាមអនឡាញ ដែលជាយន្តការមួយអាចដោះស្រាយបញ្ហារបស់វិទ្យាស្ថាន និងសាលារៀនបាន ព្រោះថាកូវីដ១៩អាចនឹងនៅតែបន្តយូរអង្វែង ដោយមកដល់ពេលនេះមិនទាន់មានប្រទេសណាមួយ បង្ហាញវ៉ាក់សាំងព្យាបាលពិតប្រាកដនោះនៅឡើយទេ។
យ៉ាងណាឯកឧត្តរដ្ឋលេខាធិការ ស្នើឱ្យសមាគម បន្តពង្រឹងសមត្ថភាពបង្រៀន និងរៀនតាមប្រព័ន្ធឌីជីថលនេះឱ្យបានខ្លាំងក្លាបន្ថែមទៀត តាមការវិវឌ្ឍរបស់បច្ចេកវិទ្យាពិភពលោក ធានាបានការប្រកួតប្រជែងសមត្ថភាពទាំងក្នុងកម្រិតជាតិ និងអន្តរជាតិ៕
ដោយ៖CEN