មូលដ្ឋានទ័ពជើងទឹករបស់អាមេរិច ២កន្លែងនៅលើកោះ Okinawa របស់ជប៉ុន ត្រូវបានបិទ ក្រោយពេលមានការរកឃើញករណីឆ្លងវីរុសកូរ៉ូណាជាច្រើន។
មានទាហានអាមេរិចរាប់ម៉ឺននាក់កំពុងឈរជើងនៅលើកោះ ដែលស្ថិតនៅភាគខាងត្បូងប្រទេសជប៉ុន។
អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន លោក Yoshihide Suga បានធ្វើការបញ្ជាក់នៅថ្ងៃចន្ទនេះថា មានការរកឃើញករណីឆ្លងចំនួន ៦២នៅមូលដ្ឋានចំនួន ៣។ ក្នុងចំណោមនោះ មាន ៣៩ករណីកើតនៅមូលដ្ឋានទ័ពអាកាស Futenma ២២ករណីនៅមូលដ្ឋានទ័ពជើងទឹក Camp Hansen និង ១ករណីនៅមូលដ្ឋានទ័ពជើងទឹក Camp Kinser។ ពួកគេទាំងនោះត្រូវបានពិនិត្យឃើញមានវិជ្ជមានវីរុសកូរ៉ូណា ចម្លោះថ្ងៃទី ៧ និងទី ១២ ខែកក្កដា។
ដើម្បីឆ្លើយតបទៅនឹងការផ្ទុះវីរុសនោះ រាល់ការធ្វើដំណើរស្ទើរតែទាំងអស់ នៅមូលដ្ឋានត្រូវបានផ្អាក ចាប់តាំងពីថ្ងៃអាទិត្យម្សិលមិញនេះ។
សមាជិកនៃកងទ័ពជើងទឹក អ្នកនៅក្នុងបន្ទុក និងជនស៊ីលវិលទាំងអស់អាចធ្វើដំណើរបានដោយសេរីនៅក្នុងមូលដ្ឋាន ប៉ុន្តែតម្រូវឲ្យមានការអនុញ្ញាតមុនពេលចាកចេញ រួមទាំងការការណាត់ជួបផ្នែកវេជ្ជសាស្ត្រ។ នេះបើតាមកងកម្លាំងម៉ារីនគ្រប់គ្រងតំបន់ប៉ាស៊ីភិច (MCIPAC) បញ្ជាក់នៅក្នុងហ្វេសបុកផេករបស់ខ្លួន។
MCIPAC បញ្ជាក់ទៀតថា “បទបញ្ជាទាំងនោះត្រូវអនុវត្ត រហូតដល់មានការជូនដំណឹងបន្ថែម និងដាក់កំហឹតលើការចូលទៅមូលដ្ឋាន និងប្រតិបត្តិការ”។ ។
“វិធានការនោះ គឺដើម្បីការពារកងកម្លាំង គ្រួសារ និងសហគមន៍របស់ពួកយើង”។
មន្ត្រីយោធាអាមេរិច មិនទាន់បានធ្វើការឆ្លើយតបភ្លាមៗ ចំពោះការបិទមូលដ្ឋាន ២កន្លែងដោយសារការផ្ទុះវីរុសឡើយ៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ CNA