ភ្នំពេញ៖យុវជនពីរនាក់បានស្លាប់យ៉ាងអាណោចអាធ័ម និងម្នាក់ទៀតរងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះភ្លាមៗ បន្ទាប់ពីជិះម៉ូតូមួយគ្រឿងឌុបគ្នា៣នាក់ ត្រូវរថយន្តកាមរីបាឡែន មួយគ្រឿងបានជ្រុលចង្កូតទៅបុកអូសជាច្រើនម៉ែត្រ បណ្ដាលឲ្យធ្លាក់ចូលប្រឡាយទឹកស្អុយ ទាំងរថយន្តនិងម៉ូតូគួរឲ្យរន្ធត់ណាស់។ ចំណែកឯតៃកុងរថយន្តក៏របួសធ្ងន់ផងដែរ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលវេលាម៉ោង១០និង៣០នាទីយប់ ត្រូវថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២០
ស្ថិតតាមបណ្ដោយផ្លួវជាតិលេខ៤ ចំណុចមុខមន្ទីរពេទ្យសុភ័ក្តវិសាលក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សពយុវជនទី១ មានឈ្មោះចន គឹមជួរ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងមាស ស្នាក់នៅផ្ទះជួលម្តុំអូរឌឹម សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិចចកទី២ ឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
ទី២ ឈ្មោះដួង ចាន់ធឿន ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ និងស្នាក់នៅស្រុកកំណើតជាមួយគ្នា ទី៣ អ្នកដែលរងរបួសធ្ងន់ឈ្មោះហ៊ាង សារ៉ាក់ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរស្នាក់នៅ និងស្រុកកំណើតជាមួយគ្នា។
យោងតាមប្រភពពីកន្លែងកើត បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តកាមរីបាឡែនពណ៌ស ដែលពាក់ផ្លាកលេខភ្នំពេញ 2AQ 3173 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត បោះពួយយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកខាងឆ្វេង ចូលខាងផ្លូវម៉ូតូម៉ាកនិច មិនចាំផ្លាកលេខ ជិះដោយយុវជន៣ នាក់ ក្នុងទិសដៅពីកើតទៅលិចបញ្ច្រាសទិសគ្នាពេញទំហឹង បណ្ដាលឲ្យយុវជនពីរនាក់ស្លាប់ភ្លាប់ៗ និងពីរនាក់ទៀតរួមទាំងតៃកុងរថយន្ត រងរបួសធ្ងន់ ត្រូវរថយន្តសាម៉ុយដឹកយកទៅព្យាបាល។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ចុះមកដល់រួចទាក់ទងទៅខាងជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែងនិងយក ម៉ូតូ និងរថយន្ត ទៅរក្សាទុករងចាំដោះស្រាយនៅពេលក្រោយ។
សូមបញ្ជាក់ សពជនងគ្រោះទាំងពីរនាក់ ក្រោយពីសមត្ថកិច្ចធ្វើកំណត់ហេតុរួច ប្រគល់ឲ្យក្រុមគ្រួសារដឹកយកទៅស្រុកកំណើត នៅខេត្តព្រៃវែង ធ្វើបុណ្យតាមប្រពៃណី៕ដោយ៖ សាមេត