ភ្នំពេញ៖បុរសម្នាក់ដែលគេស្គាល់ថាជាមន្ត្រីរាជការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបើករថយន្តស៊េរីទំនើប ជ្រុលចង្កូតទៅបុកជញ្ជាំងទ្វារបណ្តាលឲ្យបោកក្បាល និងរថយន្តស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង ១២ និង៣០នាទីយប់ ឈានចូលថ្ងៃអង្គារ៍ទី១៤ ខែកក្កដា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវ ១០០៨ កែងនឹងផ្លូវ ៥៩៨ ក្នុងភូមិទួលពពែ ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នពេញ។
យោងតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុពួកគាត់បាន
ឃើញរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក ISUZU MU-X ពណ៌ស ដែលពាក់ផ្លាកលេខ ភ្នំពេញ 2AY 2722 ធ្វើដំណើក្នុងទិសដៅមកពីខាងជើងមកត្បូងក្នុងល្បឿនយ៉ាងលឿន ស្រាប់តែមកដល់ចំណុចកើតហេតុក៏ឃើញរេចង្កូតបួងទៅបុករបងជញ្ជាំង ពេញទំហឹងបណ្តាលឲ្យរថយន្តវិលមួយជុំ រួចក៏បោកក្បាលនឹងរថយន្តស្លាប់បាត់បង់ជីវិតបាត់ទៅ។
បុរសដែលស្លាប់មានឈ្មោះ ពុក ភីរម្យ អាយុ ៣៦ ឆ្នាំ មានទីលំនៅក្នុងភូមិកណ្តាល ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង មុខរបរជាមន្ត្រីរាជការនៅអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ក៏ចុះមកដល់រួចក៏ទាក់ទង ទៅដល់ខាងជំនាញចរាចរណ៍ក្រុង ឲ្យមកចុះធ្វើការវាស់វែង ដើម្បីយករថយន្តស្ទូចយករថយន្តទៅរក្សាទុក និងធ្វើកំណត់ហេតុ ដើម្បីប្រគល់សពជូនទៅឱ្យក្រុមគ្រួសារសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖ សា មេត