Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងបរិស្ថាន ស្នើ​អ្នកពាក់ព័ន្ធ​កំណត់​អត្តសញ្ញាណ​កម្ម​ដីធ្លី នៅ​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង ឲ្យ​ច្បាស់លាស់ នៅ​ស្រុក​សំឡូត​

​បាត់ដំបង​៖ ឯកឧត្តម ជា សំអាង រដ្ឋលេខា​ធិ​ក្រសួងបរិស្ថាន បានស្នើ​អាជ្ញាធរខេត្ត​បាត់ដំបង និង​អ្នកពាក់ព័ន្ធ​នានា ធ្វើការ​កំណត់​អត្តសញ្ញាណ​កម្ម​ដីធ្លី ដែល​កាន់កាប់​ដោយ​ឯកជន និង​ជា​ដី​របស់​រដ្ឋ នៅក្នុង​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង នៅ​ស្រុក​សំឡូត ខេត្តបាត់ដំបង​​ឲ្យ​បានច្បាស់លាស់ ដើម្បី​កុំ​ឲ្យ​មានការ​បកស្រាយ​យ៉ាងនេះ​យ៉ាងនោះ​។

​ការលើកឡើង​នេះ ក្នុងឱកាស​ចុះទៅ​ផ្សព្វផ្សាយ ស្តីពី​ការធ្វើ​អត្តសញ្ញាណ​កម្ម​មនុស្ស និង​អត្តសញ្ញាណ​កម្ម​ដីធ្លី​
​ដើម្បី​ពិនិត្យ​លើក​យោបល់​ស្វែងរក​ដំណោះស្រាយ លើ​បញ្ហាដីធ្លី​នៅ​ស្រុក​សំឡូត កាលពី​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២០​។​

ឯកឧត្តម ជា សំអាង បាន​មានប្រសាសន៍ថា ក្រុមការងារ​ទាំងអស់ ត្រូវធ្វើ​យ៉ាងណា​ខិតខំ​រៀបចំ​ការប្រើប្រាស់​ដី នៅក្នុង​ស្រុក​សំឡូត ឲ្យ​ចប់​ជា​ស្ថាពរ​​ដោយ​អនុវត្តតាម​រាល់​បទដ្ឋាន​គតិយុត្តិ តាម​ការណែនាំ​ឬ​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​
​លើ​បញ្ហាដីធ្លី​នេះ​។ ការដោះស្រាយ​ការងារ​នេះ គឺ​ត្រូវតែ​ឆាប់រហ័ស​តាម​លទ្ធភាព​ដែល​អាច​ធ្វើបាន​
​ប្រកបដោយ​ប្រសិទ្ធភាព ត្រឹមត្រូវ សុ​ច្ចរិតភាព គ្រប់ភាគី​ទាំងអស់​ទទួលយកបាន​។ ក្រុមការងារ​ជា​អ្នកអនុវត្ត​ដោះស្រាយ​បញ្ហា ត្រូវតែមាន​គណនេយ្យភាព​​សាមគ្គីភាព​ជាមួយគ្នា ហើយ​ធ្វើការ​មាន​ភាពជាក់លាក់​ច្បាស់លាស់ មិនមាន​ការបកស្រាយ​​ទើប​ការងា​អាច​ចប់ ទៅដោយ​រលូន និង​ឆាប់រហ័ស​។​

​លោក​សឿ​ម ប៊ុន​រិ​ទ្ធ អភិបាលរង​ខេត្តបាត់ដំបង បាន​ប្រាប់​អាជ្ញាធរ​មូលដ្ឋាន ពី​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក្នុង​ចុះ​កំណត់​អត្តសញ្ញាណ​កម្ម​មនុស្ស និង​អត្តសញ្ញាណ​កម្ម​ដីធ្លី នៅក្នុង​ភូមិសាស្ត្រ​ស្រុក​សំឡូត​នេះ​​ត្រូវអនុវត្ត​ដោយ​ភាពស្មោះត្រង់ និង​ត្រូវមាន​ការប្រុងប្រយ័ត្ន ដោយមាន​បញ្ជាក់​លិខិតស្នាម​ផ្សេងៗ ជូន​ពលរដ្ឋ និង​ចូលរួម​ទប់ស្កាត់​ការកាប់​ទន្ទ្រាន​ដីព្រៃ​បន្ថែមទៀត​ផងដែរ​។​

​លោក​សឿ​ម ប៊ុន​រិ​ទ្ធ បាន​ផ្តាំផ្ញើ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ​​ត្រូវអនុវត្ត​ត្រឹមត្រូវ ស្របតាម​គោលនយោបាយ​រាជរដ្ឋាភិបាល ឱ្យបាន​ហ្មត់ចត់ កុំ​មានការ​ឃុបឃិត​គ្នា​​ដើម្បី​ផលប្រយោជន៍ ឬ​ប្រការ​ណាមួយ​ឲ្យ​សោះ ហើយ​បើ​រកឃើញថា​មានការ​ឃុបឃិត​គ្នា​​ក្នុង​ភាពមិន​ប្រ​ក្រី​ត​ណាមួយ ធ្វើ​ឲ្យ​រាំងស្ទះ​ការងារ​រៀបចំ​ការប្រើប្រាស់​ដី ក្នុងស្រុក​សំឡូត​នេះ នឹង​គ្មាន​ការលើកលែង​នោះទេ​។​

​សូមបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា មាន​ក្រសួងបរិស្ថាន ជា​សេនាធិការ បានរៀបចំ​ប្រព័ន្ធគ្រប់គ្រង​ធម្មជាតិ​នៅតាម​
​តំបន់​ឧទ្យាន​ជាតិ តំបន់​ដែនជម្រកសត្វព្រៃ តំបន់ការពារទេសភាព តំបន់​ប្រើប្រាស់​ច្រើនយ៉ាង តំបន់​រ៉ា​ម​សារ តំបន់​ស្នូល​នៃ​ឋបនីយ​ជីវ​មណ្ឌល តំបន់​បេតិកភណ្ឌ​ធម្មជាតិ តំបន់​ឧទ្យាន​ជាតិ​សមុទ្រ និង​របៀង​អភិរក្ស​ជីវចម្រុះ​សរុប​ចំនួន ៦៩​កន្លែង គ្របដណ្តប់​លើ​ផ្ទៃដី ប្រមាណ​ជាង ៧,២​លាន​ហិកតា​​ស្មើ​ប្រមាណ​៤១​ភាគរយ នៃ​ផ្ទៃដី​សរុប​របស់​កម្ពុជា មន្ត្រី ឧ​ទ្យា​នុ​រក្ស​នៃ​ក្រសួងបរិស្ថាន​ចំនួន​១.២៦០​នាក់​​កំពុង​ឈរជើង​នៅតាម​តំបន់ការពារធម្មជាតិ​នីមួយៗ ដើម្បី​ល្បាត​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​​ដោយមាន​ការចូលរួម និង​កិច្ចសហការ​ល្អ​ពី​សំណាក់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់​​ដៃគូ​សហការ​និង​សហគមន៍​មូលដ្ឋាន ៕ ដោយ​៖​អ៊ុង​សា​រុំ​

×