អង្គការសុខភាពពិភពលោកបានធ្វើការព្រមានថា ការរាតត្បាតវីរុសកូរ៉ូណា ដែលកំពុងតែញាំញីពិភពលោក នឹងកាន់តែអាក្រក់ទៅៗ ប្រសិនជាប្រទេសទាំងអស់មិនអនុវត្តតាមគោលការណ៍ថែរក្សាសុខភាពឲ្យបានម៉ឺងម៉ាត់។
អគ្គនាយកអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus និយាយថា “សូមឲ្យខ្ញុំនិយាយដោយត្រង់ៗថា ប្រទេសជាច្រើនកំពុងតែឆ្ពោះទៅទិសដៅខុស។ វីរុសនៅតែជាសត្រូវលេខ ១របស់សាធារណៈ”។
លោកថ្លែងថា “ប្រសិនជាគោលការណ៍មូលដ្ឋានមិនត្រូវបានអនុវត្តវិធីតែមួយ តែការរាតត្បាតនឹងកើតឡើង គឺវានឹងកាន់តែធ្ងន់ធ្ងរទៅៗ”។
បើតាមតួលេខរបស់ទីភ្នាល់ងារសារព័ត៌មាន Reuters មានការឆ្លងជាង ១៣លានករណីទូទាំងពិភពលោក និងមានអ្នកស្លាប់ជាងកន្លះលាននាក់។
Tedros Adhanom Ghebreyesus និយាយថា មានការឆ្លងចំនួន ២៣០.០០០ករណីទូទាំងពិភពលោក កាលពីថ្ងៃអាទិត្យ ដែលការឆ្លងនោះមាន ៨០ភាគរយមកពីប្រទេស ១០ និង៥០ភាគរយមកពីប្រទេស ២។
អាមេរិច និងប្រេស៊ីលជាប្រទេស ២ដែលរងការរាតត្បាតខ្លាំងជាងគេបំផុត៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Reuters