លោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា បានដឹកនាំកិច្ចប្រជុំមួយ នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ នៅវិមានរដ្ឋសភា ដើម្បីស្តាប់របាយការណ៍ពីលទ្ធផលពីការចូលរួមរបស់គណៈប្រតិភូសភាកម្ពុជា ក្នុងកិច្ចប្រជុំ ប្រចាំឆ្នាំលើកទី២៦ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលហៅកាត់ថា(APPF) ដែលសភាប្រទេសវៀតណាមបានធ្វើជាម្ចាស់ផ្ទះ កាលពីពេលថ្មីៗនេះ។
នៅក្នុងកិច្ចប្រជុំដែលមានសមាជិកប្រតិភូសភាកម្ពុជា ដែលបានចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៦ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកចូលរួមនេះ គឺចង់ ដឹងជាពិសេស ការរៀបចំរបស់សភាវៀតណាម ក្នុងការត្រៀមលក្ខណៈសម្បត្តិ សម្រាប់ការរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ លើកទី២៧ នៃវេទិកា(APPF) នៅឆ្នាំ២០១៩ខាងមុខនេះ ដែលជាភារកិច្ចរបស់សភាកម្ពុជា។ ដូច្នេះអ្វីដែលជាការរៀបចំរបស់សភាប្រទេសវៀតណាម គឺជាមេរៀនសំខាន់មួយដែល សភាកម្ពុជាត្រូវដកស្រង់បទពិសោធន៍ល្អៗ មករៀបចំនៅកម្ពុជា។
សូមជម្រាបថា កាលពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ គណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយ លោក ទេព ងន អនុប្រធានទី២ នៃព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៦ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក នៅក្នុងប្រទេសវៀតណាម ដោយនៅក្នុងនោះ មានមន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភាមួយក្រុម បានទៅសិក្សា ដកស្រង់បទពិសោធន៍ ពីការរៀបចំរបស់សភាប្រទេសវៀតណាម សម្រាប់យកមកអនុវត្តនៅកម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំនៃវេទិកាដដែលនេះ នៅក្នុងឆ្នាំ២០១៩ ខាងមុខ។
នៅក្នុងកិច្ចប្រជុំជាមួយ លោក ឈាង វុន ដែលមានការចូលរួមពីថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា ដែលនាព្រឹកថ្ងៃទី២៩ ខែមករានេះ ក្រៅពីបានអានរបាយការណ៍ ពីលទ្ធផលអ្វីដែលសភាប្រទេសវៀតណាមសម្រេចជាលទ្ធផលនៅក្នុងកិច្ចប្រជុំលើកទី២៦នេះ លោក ព្រហ្ម វិរៈ អគ្គនាយកទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌មាន នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ក៏បានគូសបញ្ជាក់ថា សភាប្រទេសវៀតណាមបាន ទទួលជោគជ័យទាំងរូបភាព និងខ្លឹមសារ នៅក្នុងការរៀបចំកិច្ចប្រជុំលើកទី២៦នាពេលកន្លងមកនេះ ហើយមន្ត្រីជំនាញរបស់សភាប្រទេសវៀតណាម បានចែករំលែកបទពិសោធន៍ជាច្រើនមកដល់មន្ត្រីជាន់ខ្ពស់សភាកម្ពុជា សម្រាប់ការទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧(APPF) នៅឆ្នាំ២០១៩នោះ។
លោក អគ្គនាយកបានលើកឡើងថា សភាកម្ពុជាមានបទពិសោធន៍រៀបចំកិច្ចប្រជុំឬមហាសន្និបាតនៃវេទិកា ឬអង្គការសភាជាច្រើន ប៉ុន្តែអ្វីដែលប្លែក និងទំនងជាការលំបាកមួយនោះគឺថា វេទិកាសភាដែលមានសមាជិកសភា២៧ប្រទេសនេះ មិនមានលេខាធិការដ្ឋានអចិន្ត្រៃយ៍របស់ខ្លួន ដូចអង្គការ សភាដ៏ទៃនោះទេ ដូច្នេះនៅចំពោះមុខលោក បានស្នើដល់ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បង្កើតក្រុមការងារចំពោះកិច្ចមួយ ដើម្បីធ្វើការលើបញ្ហាខ្លឹមសារ ប្រធានបទនៃកិច្ចប្រជុំ និងការងារទំនាក់ទំនងអន្តរជាតិ។ ក្រុមការងារចំពោះកិច្ចដែលស្នើឡើងនេះ ត្រូវចាប់ធ្វើការពីពេល នេះទៅ។
លោក ឈាង វុន ក៏ដូច លោល ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានគាំទ្រចំពោះសំណើ ដែលបានលើកឡើង។ លោក ឈាង វុន បានជម្រាបដល់មន្ត្រីជំនាញទាំងអស់ ត្រូវយកចិត្តទុកដាក់នៅក្នុងការត្រៀមលក្ខណៈរៀបចំកិច្ចប្រជុំ ប្រចាំឆ្នាំលើកទី២៧(APPF)នេះឲ្យបានជោគជ័យ ពីព្រោះនេះជាមុខមាត់របស់សភា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។
សូមជម្រាបថា វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលហៅកាត់ថា(APPF) ត្រូវបានបង្កើតឡើងក្នុងគោលបំណង ពង្រឹងកិច្ចសហប្រតិបត្តិការរវាងបណ្តា ប្រទេសដែលជាសមាជិក ដើម្បីធានានូវស្ថិរភាព សន្តិភាព នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ជួយជំរុញដល់វិស័យពាណិជ្ជកម្ម និងវិនិយោគ បង្កើន កិច្ចសហប្រតិបត្តិការក្នុងតំបន់លើវិស័យនានា ដូចជាការការពារបរិស្ថាន ការទប់ទល់នឹងឧក្រិដ្ឋកម្មឆ្លងដែន និងភេរវកម្ម និងការផ្លាស់ប្តូរវប្បធម៌ ព្រមទាំងការអប់រំជាដើម។
វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលមានឈ្មោះជាភាសាអង់គ្លេស “The Asia Pacific Parliamentary Forum” បានបង្កើតឡើងនៅទីក្រុងតូក្យូ ប្រទេស ជប៉ុន ក្នុងឆ្នាំ១៩៩៣។ សភានៃព្រះរាជាណាចក្រកម្ពុជា បានចូលជាសមាជិកពេញសិទ្ធិនៃវេទិកាសភានេះ កាលពីឆ្នាំ១៩៩៥។ បច្ចុប្បន្ន(APPF) មាន សមាជិកពេញសិទ្ធចំនួន២៧ប្រទេស។
តាមគម្រោងសភានៃព្រះរាជាណាចក្រកម្ពុជា នឹងរៀបចំកិច្ចប្រជុំលើកទី២៧(APPF)នេះ នៅក្នុងខែមករា ឆ្នាំ២០១៩ នាខេត្តសៀមរាប ៕ ដោយ៖បញ្ញាដ័ក្តិ