ប្រធានាធិបតីអាមេរិច ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារបានធ្វើការបិទទ្វារចរចាពាណិជ្ជកម្មដំណាក់កាលទី ២ជាមួយនឹងប្រទេសចិន ដោយនិយាយថា លោកមិនចង់ចរចាររឿងពាណិជ្ជកម្មជាមួយនឹងក្រុងប៉េកាំងឡើយ ដោយសារតែការផ្ទុះវីរុសកូរ៉ូណា។
“ខ្ញុំមិនចាប់អារម្មណ៍ក្នុងការនិយាយជាមួយនឹងចិនឡើយឥឡូវនេះ”។ នេះជាការបញ្ជាក់របស់លោក នៅពេលមានការសួរពីកិច្ចចរចាដំណាក់កាលពីទី ២ ក្នុងកិច្ចសម្ភាសន៍ជាមួយនឹងសារព័ត៌មាន CBS។
លោកថ្លែងបញ្ជាក់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មទី ១ថា “ពួកយើងសម្រេចបានកិច្ចព្រមព្រៀងដ៏អស្ចារ្យ” ប៉ុន្តែភ្លាមៗ នៅពេលកិច្ចព្រមព្រៀងបានរួចរាល់ ដោយទឹកខ្មៅមិនទាន់ទាំងស្ងួតផង ពួកគេបានវាយយើងនឹងរោគពិសពុល ដោយលោកចង់សំដៅទៅលើការផ្ទុះវីរុសកូរ៉ូណាពីក្រុងវូហាន។
អសរយៈពេលជាច្រើនខែមកហើយ លោកដូណាល់ ត្រាំបានបន្ទោសចិនថាបានបញ្ជូនវីរុសមកអាមេរិច ដោយលោកនិយាយថា ចិនត្រូវតែទទួលខុសត្រូវចំពោះការបរាជ័យរបស់ខ្លួនក្នុងការទប់ស្កាត់វីរុស។ ការរាតត្បាតវីរុសបានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចអាមេរិចយ៉ាងខ្លាំង និងប៉ះពាល់ដល់ក្តីសង្ឃឹមរបស់លោកត្រាំ សម្រាប់ការបោះឆ្នោតឡើងវិញនៅខែវិច្ឆិកាខាងមុខ។
ចិនបានសន្យាបង្កើនការទិញផលិតផលកសិកម្ម និងឧស្សាហ៍កម្ម ថាមពល និងសេវាកម្មរបស់អាមេរិចឲ្យបាន ២០០ពាន់លានដុល្លារក្នុងរយៈពេល ២ឆ្នាំខាងមុខ ដែលវាគឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងដំណាក់កាលទី ១ ប៉ុន្តែលោកត្រាំ បាននិយាយថា ការផ្ទុះរាតត្បាតវីរុសបានផ្លាស់ប្តូរទស្សនៈរបស់គាត់លើកិច្ចព្រមព្រៀង។
សូមបញ្ជាក់ថា វីរុសកូរ៉ូណាបានផ្ទុះចេញដំបូងពីប្រទេសចិនកាលពីចុងឆ្នាំ ២០១៩ និងបានរាតត្បាតយ៉ាងលឿនទៅជុំវិញពិភពលោក។ រហូតមកដល់ពេលនេះ វីរុសមរណៈនេះបានឆ្លងទៅកាន់មនុស្សជាង ១៣លាននាក់ និងសម្លាប់មនុស្សជិត ៦០០.០០០នាក់ទូទាំងពិភពលោក៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Reuters