ប្រធានាធិបតីអាមេរិច ដូណាល់ ត្រាំ បានធ្វើការចុះហត្ថលេខាលើបទបញ្ជា ដើម្បីបញ្ចប់ការអនុគ្រោះសេដ្ឋកិច្ចដល់ទីក្រុងហុងកុង ក្រោយពេលចិនអនុម័តច្បាប់សន្តិសុខនៅទីនោះ។
លោកថ្លែងថា “ឥឡូវនេះ ហុងកុងនឹងដូចប្រទេសចិន” ដោយលោកចង់សំដៅថា គ្មានការអនុគ្រោះ និងគ្មានសិទ្ធិពិសេសអ្វីទៀតឡើយសម្រាប់ហុងកុង។
លោកក៏បានចុះហត្ថលេខាលើច្បាប់ ដើម្បីដាក់ទណ្ឌកម្មលើមន្ត្រីចិនទាំងឡាយណា ដែលបំផ្លាញសិទ្ធិសេរីភាពនៅហុងកុងផងដែរ។ ភាគីចិនបាននិយាយថា ខ្លួននឹងចាត់វិធានការសងសឹកវិញ។
ចាប់តាំងពីអង់គ្លេសប្រគល់ហុងកុងឲ្យចិនវិញ ទីក្រុងហុងកុងមានសេរីភាព និងស្វ័យភាពកម្រិតខ្ពស់ ដែលប្រជាជនចិនដីគោកមិនមាន ប៉ុន្តែមនុស្សជាច្រើននៅក្នុងហុងកុងមានការព្រួយបារម្ពថា ច្បាប់សន្តិសុខដាក់ដោយទីក្រុងប៉េកាំង នឹងបំផ្លាញដល់ឋានៈពិសេសរបស់ហុងកុង។
លោកត្រាំ និយាយថា បទបញ្ជានោះនឹងត្រូវបញ្ចប់ការអនុគ្រោះលើហុងកុង។
“គ្មានឯកសិទ្ធិពិសេស គ្មានការអនុគ្រោះសេដ្ឋកិច្ចពិសេស និងគ្មានការនាំចេញបច្ចេកវិទ្យាទៀតឡើយ”។
ជុំវិញវិធានការរបស់អាមេរិច ក្រសួងការបរទេសចិនបានធ្វើការថ្កោលទោសអាមេរិច និងបានជំរុញអាមេរិចកុំឲ្យជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិន។
ក្រសួងការបរទេសចិននិយាយក្នុងសេចក្តីប្រកាសថា អាជ្ញាធរចិនក៏នឹងធ្វើការដាក់ទណ្ឌកម្មសងសឹកវិញប្រឆាំងនឹងបុគ្គលិក និងក្រុមហ៊ុនអាមេរិចវិញ។
សេចក្តីប្រកាសបញ្ជាក់ថា “ចិននឹងចាត់វិធានការឆ្លើយតប ដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់ខ្លួន”។
ទីក្រុងហុងកុង ត្រូវបានអង់គ្លេសប្រគល់ទៅឲ្យចិនវិញ កាលពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ១៩៩៧ ក្រោមកិច្ចព្រមព្រៀងមួយ ដែលផ្តល់សេរីភាព និងស្វ័យភាពកម្រិតខ្ពស់ដល់ទីក្រុងហុងកុងរយៈពេល ៥០ឆ្នាំ។ ហុងកុងជាផ្នែកមួយរបស់ចិន ប៉ុន្តែហុងកុងមានប្រព័ន្ធដឹកនាំដោយឡែកពីចិន។
ការដាក់ច្បាប់សន្តិសុខរបស់ចិនទៅលើហុងកុង ត្រូវបានគេមើលឃើញថា វានឹងធ្វើឲ្យហុងកុងបាត់បង់ស្វ័យភាពកម្រិតខ្ពស់។
អាមេរិចបានប្រកាសថា ទីក្រុងហុងកុងលែងមានស្វ័យភាពពីចិនទៀតហើយ ខណៈដែលអង់គ្លេសប្រកាសផ្តល់សញ្ជាតិអង់គ្លេស ដល់ប្រជាជនហុងកុងជាង ៣លាននាក់ដែលមានលិខិតឆ្លងដែន ៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC