កណ្តាល៖ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និង ជាប្រធានក្រុមការងារទី១ គ.យ.ក.ស. អញ្ជើញដឹកនាំក្រុមការងារ ចុះទៅបើកកិច្ចប្រជុំដើម្បីត្រួតពិនិត្យ និង វាយតម្លៃ លើវឌ្ឍនភាពការងារដោះស្រាយការកកស្ទះសំណុំរឿងនៅសាលាដំបូងខេត្តកណ្តាល ។
នៅព្រឹកថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២០ នេះ ឯកឧត្តម គឹម សន្តិភាពរដ្ឋលេខាធិការក្រសួងយុត្តិធម៌និងជាប្រធានក្រុមការងារទី១ នៃគណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី ខេត្ត (គ.យ.ក.ស.) បានអញ្ជើញដឹកនាំក្រុមការងារទី១ ចុះទៅបើកកិច្ចប្រជុំដើម្បីត្រួតពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពការងារ ដោះស្រាយការកកស្ទះសំណុំរឿងនៅ សាលាដំបូងខេត្តកណ្តាល ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ក្រុមការងារ ទទួលបន្ទុកតំបន់ទី១ ថ្នាក់ដឹកនាំ និង មន្ត្រីគ្រប់លំដាប់ថ្នាក់ នៃសាលាដំបូង និងអយ្យការអម សាលាដំបូងខេត្តកណ្តាល ។
នៅចុងបញ្ចប់នៃកិច្ចប្រជុំនេះ ឯកឧត្តម គឹម សន្តិភាព ក៏បានក្រើនរំលឹកផងដែរថា ការដោះស្រាយសំណុំរឿងទាំងអស់ ត្រូវប្រកាន់ខ្ជាប់ជានិច្ច នូវអភិក្រមទាំង៤ របស់ក្រសួងយុត្តិធម៌ គឺ លឿន ត្រឹមត្រូវ យុត្តិធម៌ និង មិនពុករលួយ៕ដោយ៖កូឡាប