ភ្នំពេញ៖ គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ថ្កោលទោសគណនីហ្វេសប៊ុកមួយដែលផ្សព្វផ្សាយវីដេអូឃ្លីបចម្រៀង ក្នុងចេតនាបំផ្លាញកិត្តិយសពុទ្ធសាសនា។ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៦ ខែកក្កដា ឆ្នាំ២០២០ លេខាធិការដ្ឋានគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា បើតាមព័ត៌មានអ្នកគ្រប់គ្រងគណនីហ្វេសប៊ុក Troll យឹម តន ជាមនុស្សមានស្មារតីត្រឹមត្រូវពុំមែន យឹម តន ដែលមានជំងឺសរសៃប្រសាទ នៅខេត្តកំពង់ស្ពឺ តែងតែដើរសរសេរអក្សរលើជញ្ជាំងរោងចក្រ ឬអគារផ្សេងៗផ្តេសផ្តាសនោះទេ។ សូមញោមញាតិមេត្តាកុំយល់ច្រឡំ។
គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យក្រសួងធម្មការ និងសាសនា ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធឱ្យចាត់វិធានការទៅតាមផ្លូវច្បាប់ ចំពោះម្ចាស់គណនីហ្វេសប៊ុក Troll យឹម តន ដែលម្ចាស់គណនីហ្វេសប៊ុកនេះបានធ្វើសកម្មភាពជាន់ឈ្លីតម្លៃព្រះពុទ្ធសាសនា និងព្រះសង្ឃខ្មែរ។
ក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២០នេះ គណៈសង្ឃនាយក បានគូសបញ្ជាក់ថា គណនីហ្វេសប៊ុកឈ្មោះ Troll យឹម តន បានបង្ហោះឃ្លីបវីដេអូផ្សព្វផ្សាយតាមបណ្ដាញសង្គមជាបទចម្រៀងលាយឡំដោយការកាត់តរូបភាពបព្វជិតសង្ឃពុទ្ធសាសនា ក្នុងលក្ខណៈអាសអាភាសជាមួយស្ត្រីភេទ ដោយប្រើពាក្យពេចន៍ក្នុងខ្លឹមសារវាយប្រហារប្រកបដោយចេតនា បំផ្លិចបំផ្លាញកិត្តិយស សេចក្ដីថ្លៃថ្នូរក៏ដូចជាតម្លៃពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។
គណៈសង្ឃនាយក បានចាត់ទុកសកម្មភាពនេះ ជាការប្រមាថចំពោះព្រះសង្ឃថេរវាទ នៅកម្ពុជាយ៉ាងធ្ងន់ធ្ងរបំផុត ក៏ដូចជាពុទ្ធបរិស័ទផងដែរមានភាពទោមនស្សកើតទុក្ខមិនសុខចិត្តយ៉ាងក្រៃលែងចំពោះទង្វើដ៏អកុសល និងថោកទាបនេះ។
គណៈសង្ឃនាយក បានគូសបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍នេះថា រូបភាពបុគ្គលដែលគណនីហ្វេសប៊ុកនេះ យកមកកាត់តភ្ជាប់ជាមួយស្ត្រីភេទ គឺជារូបភាពដែលគណៈសង្ឃគ្រប់ជាន់ថ្នាក់ បានដោះស្រាយប្រកបដោយច្បាប់វិន័យរួចហើយ រូបភាពខ្លះជារូបភាពសង្ឃបរទេស និងរូបភាពខ្លះទៀតជារូបភាពបព្វជិតសង្ឃពុំមានកំហុសអ្វីឡើយ ក៏ត្រូវបានយកមកដាក់ភ្ជាប់ ដើម្បីត្មះតិះដៀលបន្ទាបបន្ថោកក្នុងបទចម្រៀងយ៉ាងគ្រោតគ្រាត និងអយុត្តិធម៌។
គណៈសង្ឃនាយក បានកត់សម្គាល់ថា គណនីហ្វេសប៊ុក Troll យឹម តន បានប្រព្រឹត្តអំពើរឿងអកុសលដដែលនេះ ជាច្រើនឆ្នាំកន្លងមកហើយ ដោយបានយកអធិករណ៍ នៃបព្វជិតសង្ឃធ្វើជាអាជីព មានចេតនាយ៉ាងពេញទំហឹងក្នុងការបំផ្លិចបំផ្លាញកិត្តិយស សេចក្ដីថ្លៃថ្នូររបស់ព្រះសង្ឃក៏ដូចជាតម្លៃពុទ្ធសាសនាថេរវាទកម្ពុជាដែលគណៈសង្ឃនាយកកម្ពុជា ពុំអាចទទួលយកបានជាដាច់ខាត។
គណៈសង្ឃនាយក បានបដិសេធយ៉ាងដាច់អហង្ការ និងថ្កោលទោសចំពោះទង្វើដ៏ស្មោកគ្រោក អសីលធម៌ ទុច្ចរិត និងភាពជាអមនុស្ស ហើយស្នើក្រសួងធម្មការ និងសាសនា ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ចាត់វិធានការលើអ្នកគ្រប់គ្រងគណនីហ្វេសប៊ុកខាងលើតាមនីតិវិធីច្បាប់ជាធរមាន។
ទន្ទឹមនឹងសំណើរបស់គណៈសង្ឃនាយកនេះ ក្រសួងធម្មការ និងសាសនា បានដាក់សំណើទៅកាន់លោក ខៀវ កញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន សុំមានវិធានការលុបវីដេអូក្នុងគណនីហ្វេសប៊ុក Troll យឹម តននិងគណនីយូធូបឈ្មោះ Troll ចោរថង់យាម OFFICIAL ដែលបានបង្ហោះវីដេអូនចម្រៀងបទ ស្រឡាញ់ប៉ះចំតែសង្សារលោក កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ និងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ ។
គណនីហ្វេសប៊ុក Troll យឹម តននិងគណនីយូធូបឈ្មោះ Troll ចោរថង់យាម OFFICIAL ដែលបានបង្ហោះវីដេអូនចម្រៀងបទ ស្រឡាញ់ប៉ះចំតែសង្សារលោក កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ និងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ ដែលមានរូបភាពព្រះសង្ឃ និងស្ត្រីភេទ ក្នុងចេតនាអាក្រក់បន្ទាបបន្ថោកតម្លៃព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ តាមរយៈបទចម្រៀងនេះ ដែលមានរូបភាព និងអត្ថន័យក្នុងឆន្ទៈទុច្ចរិតអាក្រក់ ញុះញង់ ឲ្យមានការរើសអើង បង្កឲ្យមានភាពចលាចល និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម។ ក្នុងន័យនេះ ក្រសួងធម្មការនិងសាសនា ស្នើសុំឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន មេត្តាពិនិត្យ និងមានវិធានការតាមផ្លូច្បាប់ លុបវីដេអូដែលបានបង្ហោះក្នុងផេក Troll និងយូធូប ខាងលើ។
ក្រសួងធម្មការ និងសាសនា បានស្នើសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជួយចាត់វិធានការស្វែងរក អត្តសញ្ញាណម្ចាស់គណនីហ្វេសប៊ុក Troll យឹម តន និងគណនីយូធូបឈ្មោះ Troll ចោរថង់យាម OFFICIAL៕
ដោយ៖កូឡាប