Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​ថ្កោលទោស និង​ហៅ​ការដាក់ទណ្ឌកម្ម​របស់​អា​មេ​រិច​ថា ជា​ឥរិយាបទ​ទំនើង សម្លុត​គំរាម​

​ការិយាល័យ​តំណាង​របស់​ចិន​នៅក្នុង​ទីក្រុង​ហុងកុង​បានធ្វើការ​ថោ្ក​ល​ទោស ចំពោះ​អ្វីដែល​ខ្លួន​បាន​មើលឃើញថា ជាការ​ជ្រៀតជ្រែក​របស់​អា​មេ​រិច​ចូលក្នុង​កិច្ចការ​ផ្ទៃក្នុង​ខ្លួន និង​បានចាត់ទុក​វិធានការ​របស់​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​ក្នុង​ការបញ្ចប់​ឋានៈ​ពិសេស​របស់​ហុងកុង​ថា “​ជាការ​បង្ខិតបង្ខំ និង​សម្លុត​គំរាម​”​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​ដែលមាន​សម្តី​ធ្ងន់ៗ​កាលពី​ថ្ងៃ​ពុធ ការិយាល័យ​ហុងកុង​បាន​និយាយថា ទណ្ឌកម្ម​របស់​អា​មេ​រិច មិន​ប៉ះពាល់​ខ្លាំង​ឡើយ ដល់​តំបន់​រដ្ឋបាល​ពិសេស​របស់​ចិន តែ​វា​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​អា​មេ​រិច​វិញ​។​

​សេចក្តីថ្លែងការណ៍​និយាយថា “​ការគំរាមកំហែង​ដែល​មិន​សមរម្យ និង​ឥត​អៀនខ្មាស​ដោយ​សហរដ្ឋ​អា​មេ​រិច​ជា ឥរិយាបទ​ទំនើង និង​គំរាម​សម្លុត​”​។​

“​គ្មាន​កម្លាំង​ខាងក្រៅ​ណា​អាច​រារាំង​ដល់​ការប្តេជ្ញាចិត្ត និង​ទំនុកចិត្ត​របស់​ចិន​ក្នុង​ការរក្សា​អធិបតេយ្យភាព និង​សន្តិសុខសម្រាប់​ស្ថេរភាព និង​ភាពរុងរឿង​រយៈពេល​វែង​របស់​ហុងកុង​ឡើយ​”​។​

​ការប្រើ​វោហា​ស័ព្ទ​ធ្ងន់ៗ​របស់​ចិន កើតឡើង​ក្រោយពេល​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ បាន​ចុះហត្ថលេខា​លើ​បទបញ្ជា ឲ្យ​បញ្ចប់​ការអនុគ្រោះ​សេដ្ឋកិច្ច​ដល់ទី​ក្រុង​ហុងកុង ក្រោយ​ក្រុង​ប៉េកាំង អនុម័ត​ច្បាប់​សន្តិសុខ​លើ​ហុងកុង​។​

​លោក​ត្រាំ និយាយថា បទបញ្ជា​នោះ​នឹងត្រូវ​បញ្ចប់​ការអនុគ្រោះ​លើ​ហុងកុង​។​

“​គ្មាន​ឯកសិទ្ធិ​ពិសេស គ្មាន​ការអនុគ្រោះ​សេដ្ឋកិច្ច​ពិសេស និង​គ្មាន​ការនាំចេញ​បច្ចេកវិទ្យា​ទៀតឡើយ​”​។​

​ក្រសួងការបរទេស​ចិន នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​បាន​និយាយថា ក្រុង​ប៉េកាំង​នឹងធ្វើ​ការដាក់ទណ្ឌកម្ម​ស​ង​សឹក​វិញ​ទៅលើ​បុគ្គលិក និង​ក្រុមហ៊ុន​អា​មេ​រិច ដើម្បី​ឆ្លើយតប​ទៅនឹង​ច្បាប់​របស់​អា​មេ​រិច ដែលមាន​គោលដៅ​ដាក់ទណ្ឌកម្ម​លើ​មន្ត្រី​ចិន​។​

​ទីក្រុង​ហុងកុង ត្រូវបាន​អង់គ្លេស​ប្រគល់​ទៅ​ឲ្យ​ចិន​វិញ កាលពី​ថ្ងៃទី ១ ខែកក្កដា ឆ្នាំ ១៩៩៧ ក្រោម​កិច្ចព្រមព្រៀង​មួយ ដែល​ផ្តល់​សេរីភាព និង​ស្វ័យភាព​កម្រិត​ខ្ពស់​ដល់ទី​ក្រុង​ហុងកុង​រយៈពេល ៥០​ឆ្នាំ​។ ហុងកុង​ជា​ផ្នែក​មួយ​របស់​ចិន ប៉ុន្តែ​ហុងកុង​មាន​ប្រព័ន្ធ​ដឹកនាំ​ដោយឡែក​ពី​ចិន​។​

​ការដាក់​ច្បាប់​សន្តិសុខ​របស់​ចិន​ទៅលើ​ហុងកុង ត្រូវបាន​គេ​មើលឃើញថា វា​នឹងធ្វើ​ឲ្យ​ហុងកុង​បាត់បង់​ស្វ័យភាព​កម្រិត​ខ្ពស់​។​

​អា​មេ​រិច​បានប្រកាសថា ទីក្រុង​ហុងកុង​លែងមាន​ស្វ័យភាព​ពី​ចិន​ទៀតហើយ ខណៈដែល​អង់គ្លេស​ប្រកាស​ផ្តល់​សញ្ជាតិ​អង់គ្លេស ដល់​ប្រជាជន​ហុងកុង​ជាង ៣​លាន​នាក់​ដែលមាន​លិ​ខិ​ត្ត​ឆ្លងដែន ៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Reuters


×