បន្ទាយមានជ័យ ៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត នៅវេលាម៉ោង៣និង១៥នាទីល្ងាច ថ្ងៃទី១៥ខែកក្កដា ឆ្នាំ២០២០ បានធ្វើការស្រាវជ្រាវ រកឃើញឈ្មួញលួចនាំចូលពីប្រទេសថៃ ដោយខុសច្បាប់ យកមកស្តុកលាក់ទុកចំនួន៣ទីតាំង ក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ទោ យឹម នី នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ៖ ដោយគិតគូរពីសុខុមាលភាពរបស់ប្រជាពលរដ្ឋ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ តែងតែដាក់បទបញ្ជា ដល់កម្លាំងនគរបាលជំនាញ ត្រូវសហការជាមួយកម្លាំងនគរបាលមូលដ្ឋាន ក្នុងការស៊ើបអង្កេតស្រាវជ្រាវរកមុខសញ្ញា ដែលលួចនាំចូលនូវទំនិញចំណីអាហារខូចគុណភាព ពីប្រទេសជិតខាង យកមកចែកចាយក្នុងស្រុក ដែលបង្គឲ្យប៉ះពាល់ដល់សុខភាពអ្នកទទួលទាន ជាលទ្ធផលនៅវេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ លោកបានដឹកនាំកម្លាំងនគរបាលជំនាញ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលក្រុងប៉ោយប៉ែត កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះស្រាវជ្រាវរកឃើញទីតាំងលួចស្តុកទុកទំនិញខូចគុណភាព ចំនួន៣កន្លែង ស្ថិតក្នុងភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឆែកឆេររកឃើញមានលាក់ទុកគ្រោងឆ្អឹងមាន់ ប្រហិតសាច់មាន់ខូចគុណភាព នាំចូលពីប្រទេសថៃដោយខុសច្បាប់ សរុបចំនួន៧៤៨គីឡូក្រាម ចំពោះសាច់មាន់ខូចគុណភាពទាំងនេះ កម្លាំងនគរបាលជំនាញធ្វើការដុតបំផ្លាញចោលក្នុងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០នេះ ។
លោកនាយការិយាល័យ បានបញ្ជាក់ថា ៖ ម្ចាស់ផ្ទះដែលលាក់ទុកគ្រោងឆ្អឹងមាន់ ប្រហិតសាច់មាន់ ខូចគុណភាពទាំងនោះគឺ ១) ឈ្មោះ ឈន់ ឈាន ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ២) ឈ្មោះ រុន រ៉ាវីភឹ ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ៣) ឈ្មោះ ឆុន វ៉ាន់ថុល ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ៕ដោយ៖បញ្ញាស័ក្តិ