ក្មេងប្រុសអាមេរិចអាយុ ៦ឆ្នាំម្នាក់ ត្រូវបានគេសរសើរថាជាវីរៈបុរសពិតៗ ក្រោយគ្រួសារគាត់បាននិយាយថា គាត់ត្រូវបានឆ្កែខាំហែកហួរ ដោយសារតែជួយការពារប្អូនស្រីរបស់ខ្លួន។
ក្មេងប្រុសឈ្មោះ Bridger Walker មកពីរដ្ឋ Wyoming បានប្រថុយជីវិតរបស់ខ្លួនការពារប្អូនស្រីពីការវាយប្រហាររបស់ឆ្កែមួយក្បាល កាលពីសប្តាហ៍មុន។ នេះបើតាមការបញ្ជាក់របស់ម្តាយមីងរបស់ក្មេងប្រុសនោះបង្ហោះនៅលើបណ្តាញសង្គម Instagram។
ស្ត្រីឈ្មោះ Nikki Walker និយាយពីក្មួយប្រុសគាត់ទៀតថា បើទោះបីត្រូវឆ្កែខាងជាច្រើនដងនៅលើថ្ពាល់ គាត់នៅតែអាចចាប់ទាញដៃប្អូនស្រីគាត់ ឲ្យរួចផុតពីគ្រោះថ្នាក់ ទាំងខ្លួនឯងរងការវាយប្រហារយ៉ាងខ្លាំង។
ក្មេងប្រុសនោះប្រាប់មីងគាត់ថា “ប្រសិននរណាម្នាក់ត្រូវស្លាប់ អ្នកនោះគួរតែជារូបខ្ញុំ”។
Bridger Walker រងរបួសធ្ងន់នៅលើមាត់ ថ្ពាល់ខាងឆ្វេង និងភ្នែករបស់គាត់ ហើយគាត់ត្រូវបានដេរអស់ ៩០ថ្នេរ បន្ទាប់ពីការវាយប្រហាររបស់ឆ្កែ។
មីងគាត់និយាយទៀតថា ក្មួយគាត់កំពុងតែជាសះស្បើយ ហើយរបួសរបស់គាត់បានធូរស្រាលទៅៗ។
“គាត់មានស្មារតីអស្ចារ្យ ហើយបុគ្គលិកលក្ខណៈរបស់គាត់នៅដដែល”។
ស្ត្រីខាងលើនិយាយទៀតថា គ្រួសារគាត់មិនមានកំហឹងជាមួយនឹងម្ចាស់ឆ្កែឡើយ។ ម្ចាស់ឆ្កែជាមនុស្សល្អ ដែលមានទឹកចិត្តល្អជាមួយនឹងក្មួយគាត់ និងគ្រួសារគាត់។
“ពួកយើងគ្មានអារម្មណ៍អាក់អន់ចិត្តចំពោះពួកគេឡើយ (ម្ចាស់ឆ្កែ)”។
ស្ត្រីនោះនិយាយទៀតថា គាត់ចែករំលែកពីរឿងក្មួយរបស់គាត់ ដោយសង្ឃឹមថានឹងទទួលបានពាក្យលើកទឹកចិត្តពីវីរៈបុរស ដែលក្មួយគាត់ចូលចិត្ត រួមមាន តារាសម្តែង Vin Diesel, Mark Ruffalo, Tom Holland និង Chris Hemsworth៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Nypost