ភ្នំពេញ៖ស្ត្រីម្នាក់ប្រើអំពើដ៍ឃោរឃៅមួយ ដែលគ្រាន់តែក្មេងៗឈ្លោះគ្នាសោះ ខឹងពេក ស្ត្រីម្នាក់ បានយកកាំបិតអារលើផ្ទៃមុខក្មេងស្រីអាយុ៥ឆ្នាំ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ត្រូវបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះជាបន្ទាន់ រួចប្រើពាក្យថាឈាមសងដោយឈាម។
ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះ កើតឡើងកាលពីវេលាម៉ោង ២ និង១៥ នាទី រសៀលថ្ងៃព្រហស្បតិ៍ទី១៦ ខែកក្កដា ឆ្នាំ២០២០នេះ នៅក្នុងបុរីឈូកវ៉ា២ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្មេងស្រីរងគ្រោះឈ្មោះ លាស់ ម៉ូវីលីយ៉ា អាយុ៥ រងរបួសរយះផ្ទៃមុខ និងដៃចំណែក ជនដៃដល់ ឈ្មោះ លីវ ប៊ុនធឿន ភេទស្រី អាយុ៤៣ឆ្នាំ រស់នៅរំលងគ្នាប្រហែល៥ ផ្ទះ។
តាមសម្តីរបស់បុរសម្នាក់ ជាពូរបស់ក្មេងរងគ្រោះ បានបញ្ជាក់ថា កាលពី២ថ្ងៃមុន ក្មេងស្រីរងគ្រោះ និងកូនសប្រុសជនដៃដល់ខាងលើ បានលេងជាមួយគ្នា ហើយយក៏ឈ្លោះប្រកែកគ្នា ដោយក្មេងស្រីរងគ្រោះបានជ្រុលដៃទៅលើក្មេងប្រុស ដែលត្រូវជាកូនរបស់ជនដៃដល់បណ្តាលឲ្យរងរបួសបន្តិចបន្តួច ។ បន្ទាប់មក ម្តាយក្មេងស្រីរងគ្រោះ ក៏បាននាំទៅមន្ទីរពេទ្យនិងចេញថ្លៃព្យាបាលរួចរាល់ហើយ ។ លុះមកដល់ថ្ងៃព្រហស្បតិ៍ទី១៦ រសៀលនេះ ក្មេងស្រីរងគ្រោះ បានដើរទៅលេងនៅខាងមុខផ្ទះជនដៃដល់ ស្រាប់តែជនដៃដល់ចេញពីក្នុងផ្ទះ ហើយបានយកកូនកាំបិតមកចាប់អារលើផ្ទៃមុខ និងកាប់ដៃក្មេងស្រីអាយុទើបតែ៥ឆ្នាំ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ បញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗតែម្តង ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះទៅដល់រួចឃាត់ខ្លួនស្ត្រីជនដៃដល់បញ្ជូនខ្លួន យកទៅប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់សំរោងក្រោម ដើម្បីធ្វើការសាកសួរ តាមនីតិវិធី ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕ដោយ៖ សា មេត