Wednesday, September 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រឹម ១០០​ម៉ោង ពិភពលោក​មានការ​ឆ្លង COVID-19 ចំនួន ១​លាន​ករណី​ជា​លើកដំបូង​

​ការឆ្លង​វីរុស​កូ​រ៉ូ​ណា​ទូទាំង​ពិភពលោក​បាន​កើន​លើស ១៤​លាន​ករណី​ហើយ គិត​ត្រឹម​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ ហើយ​ពិភពលោក​យើង​បាន​កំណត់ត្រា​មួយ ដោយមាន​អ្នក​ឆ្លង​សរុប​ចំនួន ១​លាន​នាក់ ក្នុង​រយៈពេល ១០០​ម៉ោង​ចុងក្រោយ​។ នេះ​បើតាម​តួលេខ​របស់ Reuters​។​

​ករណី​វីរុស​កូ​រ៉ូ​ណា​ដំបូង កើតឡើង​នៅក្នុង​ប្រទេស​ចិន​កាលពី​ដើមខែ មករា ហើយ​វា​ត្រូវការ​រយៈពេល ៣​ខែ ទំរាំ​ដល់​វីរុស​រាតត្បាត​មកដល់ ១​លាន​ករណី​។ ប៉ុន្តែ​ត្រឹម​រយៈពេល​តែ ៤​ថ្ងៃ​ប៉ុណ្ណោះ ករណី​ឆ្លង​ហក់​ឡើង​ពី ១៣​លាន មកដល់ ១៤​លាន​ករណី​។​

​សហរដ្ឋ​អា​មេ​រិច ដែល​បច្ចុប្បន្ន​មាន​ករណី​ឆ្លង​ជាង ៣,៦​លាន នៅតែ​បន្ត​មាន​អត្រា​ឆ្លង​ប្រចាំថ្ងៃ​ខ្ពស់​។ កាលពី​ថ្ងៃ​សុក្រ ប្រទេស​មហាអំណាច​នេះ មានការ​ឆ្លង​ចំនួន ៧៧.៦៣៨​ករណី​។​

​ចំណែក​នៅ​ប្រទេស​ប្រេ​ស៊ី​ល​វិញ មាន​អ្នក​ឆ្លង​សរុប​ជាង ២​លាន​នាក់​ដោយ​ក្នុងនោះ​មាន ប្រធានាធិបតី Jair Bolsonaro ឆ្លង​ផងដែរ និង​អ្នកស្លាប់​សរុប​ជាង ៧៦.០០០​នាក់​។​

​ប្រទេស​ឥណ្ឌា មាន​អ្នក​ឆ្លង​សរុប​ជាង ១​លាន​នាក់ ហើយ​ក្នុង​រយៈពេល ១​សប្តាហ៍​ចុងក្រោយ ឥណ្ឌា​មាន​អ្នក​ឆ្លង​ថ្មី​ជិត ៣០.០០០​ករណី​ជា​រៀងរាល់ថ្ងៃ​។​

​ប្រទេស​ទាំង ៣​នេះ មានការ​ឆ្លង​ខ្លាំង​ជា​រៀងរាល់ថ្ងៃ ដែល​វា​បានធ្វើ​ឲ្យ​តួលេខ​របស់​អង្គការ​សុខភាព​ពិភពលោក កើនឡើង​ខ្លាំង​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Reuters


×