ប្រធានាធិបតីអាមេរិច ដូណាល់ ត្រាំ សន្យាថាមិនដាក់បញ្ជាឲ្យពលរដ្ឋអាមេរិចកាំងពាក់ម៉ាស ដើម្បីទប់ស្កាត់ការរាតត្បាតវីរុសកូរ៉ូណាឡើយ។
ការថ្លែងរបស់គាត់ កើតឡើងក្រោយពេលអ្នកជំនាញជំងឺឆ្លងជាន់ខ្ពស់ លោកវេជ្ជបណ្ឌិត Anthony Fauci បានជំរុញឲ្យមេដឹកនាំរដ្ឋ និងមូលដ្ឋានត្រូវប្រើអំណាច ដើម្បីឲ្យប្រជាជនពាក់ម៉ាស។
លោកវេជ្ជបណ្ឌិតនិយាយថា ការពាក់ម៉ាសបិទបាំងមុខ ‘គឺមានសារសំខាន់ខ្លាំងណាស់ ហើយពួកយើងគួរប្រើប្រាស់វាឲ្យគ្រប់គ្នា’។
ការពាក់ម៉ាសបិទបាំងមុខ បានក្លាយជារឿងនយោបាយនៅអាមេរិច។
លោក ដូណាល់ ត្រាំ ដែលធ្លាប់ប្រឆាំងនឹងការពាក់ម៉ាសបិទបាំងមុខគាត់ បានធ្វើការពាក់ម៉ាសជាលើកដំបូងនៅទីសាធារណៈ កាលពីថ្ងៃសោរ៍សប្តាហ៍មុន។
ប៉ុន្តែកាលពីថ្ងៃសុក្រ លោកបានថ្លែងប្រាប់សារព័ត៌មាន Fox News ដូច្នេះថា លោកមិនយល់ស្របចំពោះការដាក់បញ្ជាឲ្យពាក់ម៉ាសឡើយ ដោយលោកលើកឡើងថា ប្រជាជនគួរមានសេរីភាពពិតប្រាកដ។
នៅក្នុងរដ្ឋ Georgia លោកអភិបាល Brian Kemp បានជំរុញឲ្យពលរដ្ឋទាំងអស់ធ្វើការពាក់ម៉ាសនៅខែក្រោយ។
សូមបញ្ជាក់ថា អាមេរិចជាប្រទេសដែលរងការវាយប្រហារខ្លាំងបំផុតពីវីរុសមរណៈកូរ៉ូណា ដោយមានអ្នកឆ្លងសរុបជាង ៣,៦លាននាក់ និងស្លាប់ជិត ១៤០.០០០នាក់រហូតមកដល់ពេលនេះ ចាប់តាំងពីវីរុសកំណាចនេះបានផ្ទុះចេញដំបូងពីទីក្រុងវូហាន ប្រទេសចិន កាលពីចុងឆ្នាំ ២០១៩៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC