Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រានព្រៃ​ពីរ​នាក់ ប្រើ​អាវុធ​កែច្នៃ បាញ់សម្លាប់ ឈ្លុស​និង​ក្តាន់​ញ៉ែង ៣​ក្បាល ត្រូវ​បញ្ជូនទៅ​តុលាការ​

​រតនគិរី ៖ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ឧទ្យាន​ជាតិ​វើ​ន​សៃ​-​សៀម​ប៉ាង ស្រុក​វើ​ន​សៃ បាន​ចុះ​ល្បាត និង​ស្ទាក់ចាប់​ករណី​បរបាញ់​សត្វព្រៃ​ខុសច្បាប់ ក្នុង​តំបន់​ការពារ​របៀង​អភិរក្ស​ជីវចម្រុះ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់ រួមជាមួយ​នឹង​អាវុធ​កែច្នៃ​ប្រើ​រំសេវ​ជាតិ​ផ្ទុះ ចំនួន​២​ដើម រំសេវ​មួយ​ប្រអប់​តូច គ្រាប់​វាល​កង មួយ​ប្រអប់​តូច និង​ឈ្លុស ចំនួន​០២​ក្បាល ក្តាន់​ញ៉ែង​ចំនួន​០១​ក្បាល ហើយ​សមត្ថកិច្ច​បា​នប​ញ្ជូ​ន​សង្ស័យ​ទៅ​តុលាការ ។​

​មន្ទីរ​បរិស្ថាន​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០២០ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ឧទ្យាន​ជាតិ​វើ​ន​សៃ​-​សៀម​ប៉ាង ស្រុក​វើ​ន​សៃ បាន​ចុះ​ល្បាត និង​ស្ទាក់ចាប់​ករណី​បរបាញ់​សត្វព្រៃ​ខុសច្បាប់​ក្នុង​តំបន់​ការពារ​របៀង​អភិរក្ស​ជីវចម្រុះ ស្ថិតក្នុង​ស្រុក​វើ​ន​សៃ ខេត្តរតនគិរី​។​

​ក្នុងនោះ​ក្រុមការងារ​បាន​ពិនិត្យ​កន្លែងកើតហេតុ​ជាក់ស្តែង ឃើញ​មាន អាវុធ​កែច្នៃ​ប្រើ​រំសេវ​ជាតិ​ផ្ទុះ ចំនួន​០២​ដើម រំសេវ​មួយ​ប្រអប់​តូច គ្រាប់​វាល​កង មួយ​ប្រអប់​តូច និង​ឈ្លុស ចំនួន​០២​ក្បាល ក្តាន់​ញ៉ែង​ចំនួន​០១​ក្បាល​។

​គួរឱ្យ​ដឹងថា ជនសង្ស័យ​មាន​ពីរ​នាក់​គឺ ឈ្មោះ អាង ប៊ុន និង​ឈ្មោះ ពឺត ចិត្ត​។ ដោយឡែក​វត្ថុតាង​សត្វព្រៃ​ទាំងបី​ក្បាល ត្រូវបាន​ដុត​កម្ទេចចោល​នៅនឹងកន្លែង ហើយ​អាវុធ​កែឆ្នៃ​ចំនួន​០២​ដើម រំ​សែ​វ​០១​ប្រអប់​តូច និង​គ្រាប់​វាល​កង ត្រូវបាន​យកមក​រក្សាទុក​នៅ​មន្ទីរ​បរិស្ថាន​បណ្តោះអាសន្ន​។

​ចំណែក​ជនសង្ស័យ​ទាំងពីរ​នាក់​ខាងលើ មន្ទីរ​បាន​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​និតិ​វី​ធី​ច្បាប់​៕​ដោយ​៖​កូ​ឡាប​

×