សៀមរាប ៖ អធិការដ្ឋាននគរបាលក្រុងសៀមរាប បានឲ្យដឹងថា ករណី ជនមានជម្ងឺសរសៃប្រាសាទឈ្មោះឯម បញ្ញា ភេទប្រុស អាយុ27ឆ្នាំ ដែលធ្វើសកម្មភាពយកកាំបិតផ្គាក់ចាប់នឹងគំរាមថានិងសម្លាប់ម្ដាយមីង កាលពីវេលាម៉ោង ៨និង០០នាទី ថ្ងៃទី18 ខែកក្កដា ឆ្នាំ2020 នៅភូមិវិហ៊ាចិន សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ពេលនេះកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្វាយដង្គុំ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានរំដោះនិងការពារ ជនរងគ្រោះឈ្មោះ ឯម ចាន់សូឡី ភេទស្រី អាយុ47ឆ្នាំ មានអាស័យដ្ឋានកន្លែងកើតហេតុ បានសុវត្ថិភាពហើយ។
អធិការដ្ឋាននគរបាលក្រុងសៀមរាប បានបន្ថែមទៀតថា តែជនសរសៃប្រាសាទនោះ បានគេចខ្លួនពីមូលដ្ឋាន សមត្ថកិច្ចយើងកំពុងស្រាវជ្រាវតាមរកចាប់ខ្លួន។
ក្នុងហេតុការណ៍កើតឡើងនេះ ពុំបណ្ដាលឲ្យមានពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់ដល់អាយុជីវិត និងរបួសស្នាមអ្វីនោះទេ មានខូចខាតមធ្យោបាយម៉ូតូ របស់នគរបាល និងរថយន្ដពលរដ្ឋដោយសារជនសរសៃប្រសាទនោះ ដើរវ៉ៃលើដងផ្លូវពេលរដ្ឋ កំពុងធ្វើដំណើរលើដងផ្លូវ។
អធិការដ្ឋានបានសុំសិទ្ធអនុញ្ញាត ពីជនរងគ្រោះ ក្នុងការផូសជូនមហាជនជ្រាបពីសុវត្ថិ ដោយការសង្គ្រោះនិងការពារពីសមត្ថកិច្ច។
អធិការដ្ឋាននគរបាលក្រុងសៀមរាប បានបញ្ជាក់ថា ករណីជនមានជំងឺសរសៃប្រសាទឈ្មោះឯម បញ្ញា ភេទប្រុស អាយុ27ឆ្នាំនៅភូមិវិហារចិន សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ដែលបានធ្វើសកម្មភាពយកកាំបិតផ្គាក់កាប់លើរថយន្តម៉ាកម៉ាស្ដា ពណ៌ស ស៊េរីឆ្នាំ2020 សម្លុតម្ចាស់ឲ្យចុះចេញហើយជនសរសៃប្រសាទនោះ បើកចេញកាលពីវេលាម៉ោង 08និង30នាទី ថ្ងៃទី18 ខែកក្កដា ឆ្នាំ2020 នៅភូមិវិហារចិន សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ពេលនេះកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្វាយដង្គុំ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានធ្វើការសហការនិងកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលអំពិល និងកម្លាំងនគរបាលស្រុកប្រសាទបាគង ស្រាវជ្រាវរកឃើញរថយន្ដនោះ នៅចំណុចភូមិថ្នល់បាក់ ឃុំអំពិល ស្រុកប្រាសាទបាគង និងយកមកធ្វើការប្រគល់ជូនម្ចាស់កម្មសិទ្ធិជាជនរងគ្រោះ យកទៅគ្រប់គ្រងថែរក្សា និងជួសជុល ដើម្បីប្រើប្រាស់វិញហើយ។
ចំណែកជនសរសៃប្រសាទខាងលើនោះ បានចុះរត់គេចខ្លួនបាត់ ហើយកម្លាំងនគរបាលយើង កំពុងធ្វើការស្រាវជ្រាវ តាមចាប់ខ្លួនតែមិនទាន់ចាប់បាននៅឡើយទេ។ ភិនភាគជនសរសៃប្រសាទ មានកម្ពស់1,65ម៉ែត្រ សម្បុរខ្មៅស្រអែម មានធំទម្ងន់80 គីឡូក្រាម ស្លៀកខោខូវប៊យពណ៌ខៀវ អាវយឺដៃខ្លីកមូលពណ៌ខៀវ តាមតម្រុយជននោះ កំពុងស្ថិតក្នុងភូមិសាស្ត្រស្រុកបន្ទាយស្រី។ សូមបងប្អូនជួយសហការឃាត់ជននេះ ទុកនិងរាយការណ៍មកសមត្ថកិច្ចផង។
ជនវិកលចរិកម្នាក់ប្រដាប់ដោយកាំបិតផ្គាក់នៅនឹងដៃ បានចាប់ស្ត្រីម្នាក់ដែលគេឮដូចជាម្តាយមីងធ្វើជាចំណាប់ខ្មាំង ដោយបណ្តើរបង្គាប់ឲ្យធ្វើតាមបញ្ជាខ្លួន ដោយវារផង សំពះផង ព្រោះតែខ្លាចដាច់ក្បាល ដែលឃើញហើយពិតជាស្លុតរន្ធត់ខ្លាំងណាស់។
តែសំណាងណាស់ ក្រោយមក ជនរូបនេះត្រូវបានដឹងថា បានដោះលែងស្រី្តរងគ្រោះឲ្យមានសេរីភាពវិញផងដែរ ។ តែយ៉ាងណា ជននេះនៅបានវាយបំបែកកញ្ចក់ឡានគេជិះកាត់តាមផ្លូវ ដែលធ្វើឲ្យម្ចាស់ឡានភ័យខ្លាំងពេក ចុះរត់ទាំងព្រលឹងចុងសក់ តែភ្លេចយកសោទៅតាម ហើយជនរូបនេះក៏បានឡើងជិះបើកចាកចេញទៅបាត់ ហើយក៏ត្រូវបានដឹងថាបានបើកបុកគេឯងនៅលើដងផ្លូវទៀតផង ។
ហេតុការណ៍ដ៏ញាក់សាច់បំផុតនេះ បានកើតឡើងម្តុំហាងមួយកន្លែង នៅជិតសាលាបៀលប្រាយ ស្ថិតក្នុងភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប កាលពីព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០។ នេះបើតាមការបង្ហោះឲ្យដឹងពីគណនីហ្វេសប៊ុកឈ្មោះ Lyhuong Mombunhak។
ទាក់ទងនឹងហេតុការណ៍ខាងលើនេះផងដែរ បើតាមគណនីហ្វេសប៊ុកឈ្មោះ Bor Reaksa ចូលខមិនបញ្ជាក់ឲ្យដឹងផងដែរថា «សូមបងប្អូនជ្រាប ជនសង្ស័យខាងលើ គាត់ជាមនុស្សមានបញ្ហាខួរក្បាល ពេលនេះនគរបាលកំពុងប្រតិបត្តិការយ៉ាងក្តៅគគុក ដើម្បីតាមចាប់បុគ្គលជាជនសង្ស័យខាងលើ»៕ ដោយ៖ កូឡាប