ភ្នំពេញ៖ បុរស់ម្នាក់សង្ស័យស្រវឹង ជិះម៉ូតូលឿនបានជ្រុលចង្កូតទៅបុករបាំងថ្ម បណ្តាលឲ្យរងរបួសជើងខាងឆ្វេង សំណាងល្អដែលមិនប៉ះពាល់ដល់អាយុជីវិត និងរងការខូចខាតតែម៉ូតូ និងរបួសស្រាល។
ហេតុការណ៍នេះដែរកើតឡើងនៅវេលាម៉ោង ២ និង ៤០នាទីរសៀល ថ្ងៃអាទិត្យទី១៩ ខែកក្កដា ឆ្នាំ ២០២០ នៅតាមបណ្តោយផ្លូវ ២១៧ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម សង់ សេ១២៥ ពណ៌ខ្មៅដែលពាក់ផ្លាកលេខភ្នំពេញ 1FW 2258 ធ្វើដំណើរក្នុងទិសដៅពីជើង មកត្បូង យ៉ាងលឿន ស្រាប់តែមកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកនឹងរបាំងថ្ម បណ្តាលឲ្យដួលសន្លប់ស្តូកស្តឹង តែបានបងប្អូនប្រជាពលរដ្ឋជួយលើកដាក់មកខាងលើចិញ្ចើមថ្នល់ ជួយលាបប្រេងកូលា និងជួយរឹតបន្តិចបន្តួចក៏ដឹងខ្លួនវិញ ហើយបានទាក់ទងក្រុមគ្រួសារ ឲ្យមកយកទៅផ្ទះវិញផងដែរ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានមកដល់ រួចទាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់ផងដែរ តែមើលស្ថានភាពជនរងគ្រោះ មិនមានអ្វីធ្ងន់ធ្ងរ ហើយមិនប៉ះពាល់ភាគីណាមួយ ក៏បានប្រគល់ម៉ូតូជូនទៅបងប្អូនជនរងគ្រោះវិញ៕
ដោយ៖សាមេត