ភ្នំពេញ៖ ព្រោះខឹងសន្តិសុខម្នាក់ មិនឲ្យនាំឆ្កែចូលបន្ទប់សណ្ឋាគារបុរសជនជាតិចិនម្នាក់ ស្រវឹងជោកជាំ យកកាំបិតកាប់សន្តិសុខរូបនោះ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ។ ជនបង្កត្រូវបានសមត្ថកិច្ចខណ្ឌចំការមន កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០នេះ។
នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ នេះ លោក ឆឹម ឫទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កំពុងសាកសួរបុរសជនជាតិចិនម្នាក់ ដែលស្រវឹងជោកជាំ យកកាំបិតប៉័ងតោកាប់សន្តិសុខនៃសណ្ឋាគារមួយ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ព្រោះខឹងមិនឲ្យនាំឆ្កែចូលបន្ទប់សណ្ឋាគារ ខណៈជនបង្ករូបនេះ ត្រូវបានលោកព្រះរាជអាជ្ញារង សុក កែវបណ្ឌិត ចោទប្រកាន់រួចរាល់ហើយ ។
សូមបញ្ជាក់ថា ហេតុការណ៍នេះ កើតឡើងកាលពីយប់រំលងអធ្រាត្រឈានចូល ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ នៅសណ្ឋាគារមួយក្នុងខណ្ឌចំការមន។
សមត្ថកិច្ចបានឲ្យដឹងថា ជនបង្កមានឈ្មោះ Zhao Long Wei។ ចំណែកជនរងគ្រោះ ឈ្មោះ ចេវ សារួន មុខរបរជាសន្ដិសុខ។
មុនកើតហេតុជនរងគ្រោះ បានធ្វើការហាមឃាត់ ជនជាតិចិនមួយក្រុម មិនយកឆ្កែចូលសណ្ឋាគារទេ ព្រោះជាបម្រាមរបស់សណ្ឋាគារ
។ ជនបង្កជនជាតិចិន មិនស្តាប់ការហាមឃាត់ឡើយ ក៏បាននាំកូនឆ្កែឡើង តាមជណ្តើរយន្តទៅបន្ទប់ស្នាក់នៅជាន់ទី២៨ នៃសណ្ឋាគារ។ ពេលនោះ ជនរងគ្រោះ និងសន្តិសុខផ្សេងទៀតជាច្រើននាក់ បានទៅឃាត់ជនសង្ស័យ មិនឲ្យយកឆ្កែចូលបន្ទប់។ ជនបង្កខឹង បានចូលទៅក្នុងបន្ទប់ យកកូនកាំបិតចុងស្រួច ដេញចាក់ជនរងគ្រោះ ត្រូវចំចង្កេះខាងស្តាំបណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត៕
ដោយ៖កូឡាប