ភ្នំពេញ៖ បន្ទាប់ពីបញ្ចប់ការសួរចម្លើយ លោក ឆឹម ឫទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនជាតិចិន ឈ្មោះ Zhao Long Wei អាយុ ៣២ ឆ្នាំ ដាក់ពន្ធនាគារ រាជធានីភ្នំពេញ (PJ) ជាបណ្ដោះអាសន្ន នៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០។
ហេតុការណ៍នេះ កើតឡើងកាលពីយប់រំលងអធ្រាត្រឈានចូល ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ នៅខុនដូដាយមិន ហ្វីនថោវើ ក្នុងខណ្ឌចំការមន។
ឈ្មោះ Zhao Long Wei ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបន្ទាប់ពីឈ្មោះនេះ បានប្រើកាំបិតចាក់ទៅលើសន្តិសុខជនជាតិខ្មែរ បណ្ដាលឲ្យរងរបួសធ្ងន់ ។ ជនបង្កត្រូវបានសមត្ថកិច្ចខណ្ឌចំការមន កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០នេះ។
នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ នេះ លោក ឆឹម ឫទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសាកសួរបុរសជនជាតិចិនម្នាក់ ដែលស្រវឹងជោកជាំ យកកាំបិតប៉័ងតោកាប់សន្តិសុខនៃខុនដូ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ព្រោះខឹងមិនឲ្យនាំឆ្កែចូលបន្ទប់សណ្ឋាគារ ខណៈជនបង្ករូបនេះ ត្រូវបានលោកព្រះរាជអាជ្ញារង សុក កែវបណ្ឌិត ចោទប្រកាន់រួចរាល់ហើយ ។
ឈ្មោះ Zhao Long Wei អាយុ៣២ឆ្នាំ ជាជនជាតិចិន មុខរបរបុគ្គលិកធនាគារភែនដា ទីកន្លែងកំណើត នៅខេត្តសានស៊ី ប្រទេសចិន អាសយដ្ឋានបច្ចុប្បន្ន ស្នាក់នៅបន្ទប់លេខ ២៨០៥ ជាន់ទី២៨Diamond Twin Tower Condo សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ជនរងគ្រោះ ឈ្មោះ ចេវ សារួន មុខរបរជាសន្ដិសុខ។
តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់ឈ្មោះ Zhao Long Wei ពីបទ ហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តទៅនៅសណ្ឋាគារ ដាយមិន ហ្វីនថោវើ ស្ថិតនៅផ្លូវបេតុង ក្រុមទី៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០២០ តាមបញ្ញត្តិមាត្រា ២១៨នៃក្រមព្រហ្មទណ្ឌ ។ បានឃើញដីកាសម្រេចឲ្យឃុំខ្លួនបណ្តោះអាសន្ន លេខ ៥៦៩១ “យ” ដ.ព.ស ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០។
លោកចៅក្រម បានសម្រេច ឲ្យភ្នាក់ងារមានសមត្ថកិច្ចនៃកម្លាំងសាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទដែលមានឈ្មោះខាងលើ ទៅពន្ធនាគាររាជធានីភ្នំពេញ នៃក្រសួងមហាផ្ទៃ ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់។ ឲ្យលោកប្រធានពន្ធនាគាររាជធានីភ្នំពេញ ទទួលនិងឃុំខ្លួនជននេះរហូតដល់មានបទបញ្ជាថ្មីសម្រេចផ្សេងពីនេះ។ ឲ្យគ្រប់ភ្នាក់ងារនៃកម្លាំងសាធារណៈទាំងអស់សហការអនុវត្តឲ្យបានល្អ នៅពេលដីកានេះត្រូវបានបង្ហាញក្នុងករណីចាំបាច់៕ ដោយ៖កូឡាប