ភ្នំពេញ៖ សោកនាដកម្មនៃគ្រោះអគ្គីភ័យបណ្តាលមកពីការផ្ទុះធុងហ្គាស កាលពីរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ នៅផ្លូវលេខ៦៣ (ផ្លូវត្រសក់ផ្អែម) ក្បែរវត្តស្រះចក ក្នុងសង្កត់ផ្សារថ្មី៣ ខណ្ឌដូនពេញ បានធ្វើឲ្យយើងទាំងអស់គ្នា ស្លុតរន្ធត់ និងអាណិតអាសូរទៅដល់ជនរងគ្រោះទាំងស្លាប់ និងរបួសយ៉ាងខ្លាំង។
ជនរងគ្រោះដែលស្លាប់ចំនួន ៤ នាក់ រួមមាន៖ ១-ឈ្មោះ ម៉ៅ ស៊ីណាត ២២ ឆ្នាំ ភេទប្រុស (កម្មករ), ២- ឈ្មោះ មុន មករា ១៨ ឆ្នាំ ភេទប្រុស (កម្មករ), ៣- ឈ្មោះ ឡាំ សេងហាវ ២៧ឆ្នាំ ភេទប្រុស (កូនម្ចាស់ផ្ទះ) និងទី៤- ឈ្មោះ ឡាំ គីមឡាង ៨ ឆ្នាំ ភេទស្រី (កូនម្ចាស់ផ្ទះ)។
ចំណែកអ្នករងរបួសចំនួន ៥ នាក់ រួមមាន៖ ១- ឈ្មោះ ប្រាក់ ឡាំហុង ៦៩ ឆ្នាំ ភេទប្រុស (ម្ចាស់ផ្ទះ) របួសស្រាល, ២- ឈ្មោះ លី សឿង ៤៩ ឆ្នាំ ប្រពន្ធ (របួសធ្ងន់), ៣- ឈ្មោះ ឡាំ សេងតាយ ១៩ ឆ្នាំ ភេទប្រុស (កូន), ៤- ឈ្មោះ ឡាំ គីមជូ ១៣ ឆ្នាំ ភេទស្រី (កូនម្ចាស់ផ្ទះ) និងទី៥- ឈ្មោះ ប្រាក់ សេងគា ៣២ ឆ្នាំ ភេទប្រុស (ប្អូនម្ចាស់ផ្ទះ) របួសស្រាល។
ជុំវិញសោកនាដកម្ម នៃគ្រោះអគ្គិភ័យផ្ទុះឆេះធុងហ្គាសដ៏សាហាវនេះផងដែរ បើយោងតាមគណនីហ្វេសប៊ុកឈ្មោះ “គគីរលក់ទូរស័ព្ទដៃ កៀនស្វាយ” ដែលត្រូវជាសាច់ញាតិជនរងគ្រោះ បានបង្ហោះឲ្យដឹងថា៖«ករណី ផ្ទុះហ្គាសខាងក្រោយ វត្តកោះ ខណ្ឌដូនពេញ លើវិថីត្រសក់ផ្អែម សាហាវយ៉ាងរន្ធត់ គឺជាសោកនាដកម្មមួយដ៏ធំធេងសម្រាប់គ្រួសារខ្ញុំ បណ្តាលឲ្យក្រុមគ្រួសាររបស់ខ្ញុំបាត់បង់ប្អូនប្រុសម្នាក់ ប្អូនស្រីម្នាក់ជាទីស្រឡាញ់ កម្មករប្រុស2នាក់ និងខូចខាតទ្រព្យសម្បត្តិអស់ទាំងស្រុង ប្រសិនបើបងប្អូនញាតិមិត្តជិតឆ្ងាយ ចង់ចូលរួមរំលែកទុក្ខរបស់គ្រួសារខ្ញុំ សូមទំនាក់ទំនងតាមលេខទូរសព្ទ 012 358 838/098 358 838 ABA 000674284 Phrak Sitha កម្មវិធីបុណ្យសពប្រារព្ធធ្វើនៅវត្តឫស្សីសាញ់ ខណ្ឌដង្កោ រាជធានីភ្នំពេញ»។
ក្រឡេកមកមើលរូបភាពមួយសន្លឹក ស្ថិតនៅក្នុងពិធីបុណ្យសពរបស់ជនរងគ្រោះវិញ បានបង្ហាញស្ត្រីជាម្ដាយ ដែលស្ថិតក្នុងស្ថានភាពរបួសក្បាលយ៉ាងធ្ងន់ធ្ងរ បានឈរនៅក្បែររូបថតកូនប្រុស និងកូនស្រីជាទីស្រឡាញ់របស់ខ្លួនទាំងពីរនាក់ មុនពេលរៀបចំបូជា ឃើញហើយ យើងទាំងអស់គ្នាពិតជាខ្លោចផ្សារ និងសង្វេគខ្លាំងជាទីបំផុត៕ ដោយ៖ លឹម ហុង