តាកែវ៖ បន្ទាប់ពីមានបាតុភាពថា ការធ្វើផ្លូវក្រាលក្រួសមួយខ្សែដែលធ្វើឡើងដោយក្រុមហ៊ុន តុង លីហួរ ជួសជុលមិនបានល្អ មិនបានស្របតាមស្តង់ដារធ្វើអោយមានការខាតបង់ថវិការរបស់រដ្ឋនៅ ឃុំតាភេម ស្រុកត្រាំកក់នោះ លោក ហេង វុធ្ធី នាយកទីចាត់ការផែនការវិនិយោគខេត្ត បានដឹកនាំក្រុមជំនាញបច្ចេកទេសធ្វើការចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសលើផ្លូវលំនោះភ្លាម ដោយពិនិត្យឃើញថាក្រុមហ៊ុនតុង លីហ៊ួខាងលើគឺបានធ្វើសមស្របទៅតាមស្តង់ដារ ស្របតាមកិច្ចសន្យា និងមានការទទួលយក ឯកភាពដោយប្រជាពលរដ្ឋ។
បើតាមការអោយដឹងពីលោក ឆេង ចន្ធី មន្ត្រីជំនាញត្រួតពិនិត្យបច្ចេកទេសផ្លូវនៃទីចាត់ការផែនការវិនិយោគនោះបានប្រាប់អ្នកសារពត័មានអោយដឹងថា ឆ្លងតាមការចុះត្រួតពិនិត្យល្ខណៈបច្ចេកទេសឃើញថា ក្រុមហ៊ុនអនុវត្តន៏ជួសជុលផ្លូវលំដីសរក្រាលគ្រួសសរប្រវែង ២៣២៥ម៉ែត្រ ទទឹង ៤ម៉ែត្រនិងកំរាស់គ្រួស ០,១៥ម៉ែត្រ និងដាក់លូ ០១កន្លែងគឺបានធ្វើរួចរាល់តាមបទដ្ឋានបច្ចេកទេស និងលក្ខខ័ណ្ឌននៅក្នុងកិច្ចសន្យា ។ នៅរសៀលថ្ងៃទី ១១ តុលា ២០១៧នេះគឺមន្ត្រីជំនាញរបស់យើងបានធ្វើការពិនិត្យសារជាថ្មីម្តងទៀត ដើម្បីរកកំរិតភាពហាប់របស់ផ្លូវជាលទ្ធផលគឺ ជាប់ជាស្ថាពរ សមស្របទៅតាមលក្ខណៈបច្ចេកទេស ។ហើយក្នុងនោះដែរបងប្អូនប្រជាពលរដ្ឋជាច្រើនក៏បានចូលរួមអបអរនិងសំដែងនៅសេចក្តីរីករាយសប្បាយយ៉ាងខ្លាំងនៅពេលដែលសមិទ្ធិផលមួយនេះ បានសម្រេចផុសឡើងនៅក្នុងភូមិឃុំរបស់គាត់ដែលបានចូលរួមសម្រួលនៅការងារជាច្រើនដូចជាការធ្វើចរាចរណ៏ដឹកដំណាំកសិផលអ្វីផ្សេងៗយកទៅលក់នៅទីផ្សារងាយស្រួល ។
លោក ស៊ុំ ផាសឺត មេឃុំតាភេម បានអោយដឹងថា ការជួសជុលផ្លូវមួយខ្សែនេះគឺមានបងប្អូនប្រជាពលរដ្ឋជាង ៣រយគ្រួសារដែលរស់នៅភូមិចំនួន៣ ទទួលបានផលប្រយោជន៍លើការប្រើប្រាស់ផ្លូវ ដែលបានចូលរួមសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនដំណាំកសិផលទៅលក់នៅតាមទីផ្សារ ។
លោកមេឃុំបានអោយដឹងទៀតថា ផ្លូវមួយខ្សែនេះគឺជាផ្លូវលំខ្សែស្រប លេខ ១៧ មានប្រវែងចំនួន ២៣២៥ម៉ែត្រ និងមានទទឹង ៤ម៉ែត្រ ដោយចំណាយថវិការរបស់រាជរដ្ឋាភិបាលចំនួន ៩៩លានរៀល ហើយផ្លូវនេះត្រូវបានបញ្ចប់ជាស្ថាពរនៅដើមខែ តុលា ២០១៧នេះ ។
លោកអុំ ជៀក ធី ជាប្រជាពលរដ្ឋរស់នៅឃុំតាភេម បានសំដែងនៅទឹកចិត្តសប្បាយរីករាយខ្លាំងណាស់ ព្រោះថានៅពេលផ្លូវមួយខ្សែនេះមិនទាន់ធ្វើគឺនៅរដូវវស្សាម្តងៗ មានទឹកលិច ពិបាកក្នុងការធ្វើដំណើរ ហើយមកដល់ពេលនេះរាជរដ្ឋាភិបាល បានផ្តល់ផ្លូវលំមួយខ្សែនេះពិតជាបានជួយសម្រួលដល់ការងារជាច្រើនដល់រូបគាត់ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋគេដ៏ទៃ ៕ តាកែវ