មេដឹកនាំហុងកុង អ្នកស្រី Carrie Lam បានប្រកាសកាលពីថ្ងៃអាទិត្យម្សិលមិញថា ការរាតត្បាតវីរុស COVID-19 ផុតពីការគ្រប់គ្រងនៅក្នុងទីក្រុង ខណៈដែលអ្នកស្រីប្រកាសថាមានការឆ្លងប្រចាំថ្ងៃច្រើនជាង ១០០ករណី និងបានបញ្ជាឲ្យមានការអនុវត្តវិធានការគម្លាតសង្គម។
ហុងកុងជាទីក្រុង ១ក្នុងចំណោមទីក្រុងជាច្រើនរបស់ចិន ដែលរងការវាយប្រហារដោយវីរុស នៅពេលវាផ្ទុះចេញដំបូងពីទីក្រុងវូហាន ប្រទេសចិន ប៉ុន្តែហុងកុងទទួលបានជោគជ័យក្នុងការប្រឆាំងនឹងវីរុស និងធ្វើឲ្យលែងមានការឆ្លងនៅមូលដ្ឋាននៅចុងខែមិថុនាកន្លងទៅ។
ទោះយ៉ាងណា ក្នុងរយៈពេល ២សប្តាហ៍ចុងក្រោយ ករណីឆ្លងថ្មីបានចាប់ផ្តើមកើតឡើងសាជាថ្មី ដោយវេជ្ជបណ្ឌិតមានការព្រួយបារម្ភថា វាអាចរីករាលដាលដោយមិនអាចការពារបាន នៅក្នុងទីក្រុង។
អ្នកស្រី Carrie Lam កាលពីថ្ងៃម្សិលមិញបាននិយាយថា មានការឆ្លងច្រើនជាង ៥០០ករណីក្នុងរយៈពេល ២សប្តាហ៍ចុងក្រោយ ធ្វើឲ្យអ្នកឆ្លងសរុបនៅក្នុងទីក្រុងកើនឡើងដល់ ១.៧៨៨នាក់ និងមានអ្នកស្លាប់ ១២នាក់។
មានការឆ្លងជាង ១០០ករណីកើតឡើងនៅថ្ងៃអាទិត្យម្សិលមិញ ដែលវាគឺជាតួលេខឆ្លងប្រចាំថ្ងៃដ៏ខ្ពស់នៅក្នុងទីក្រុងហុងកុង ដែលមានប្រជាជាងជាង ៧,៥លាននាក់នេះ។
អ្នកស្រីថ្លែងប្រាប់អ្នកសារព័ត៌មានដូច្នេះថា “ខ្ញុំគិតថា ស្ថានភាពកំពុងធ្ងន់ធ្ងរ ហើយវាគ្មានសញ្ញាណា ដែលថាស្ថានភាពកំពុងត្រូវគ្រប់គ្រងបានឡើយ”។
អ្នកស្រី បានប្រកាសពីវិធានការគម្លាតសង្គមកាលពីសប្តាហ៍មុន ដោយធ្វើការបិទអាជីវកម្មមួយចំនួន រួមមាន បា កន្លែងហាត់ប្រាណ និងក្លឹបជាដើម និងបញ្ជាឲ្យប្រជាជនគ្រប់គ្នាធ្វើការពាក់ម៉ាស នៅកន្លែងសាធារណៈ៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ AFP