ភ្នំពេញ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមជម្រាបជូនដំណឹងដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ សិល្បករ សិល្បការិនី លោកគ្រ អ្នកគ្រូ ព្រមទាំងសិស្សានុ សិស្សចំណុះក្រសួងទាំងអស់ឲ្យបានជ្រាបថា លោកព្រឹទ្ធាចារ្យ នាដកោសល្យវដ្តី ព្រីង សាឃន មរតកមនុស្សរស់នៃព្រះរាជាណាចក្រកម្ពុជា បានទទួលមរណភាពហើយ កាលពីថ្ងៃអាទិត្យទី១៩ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៥:៤៥នាទីល្ងាច ក្នុងជន្មាយុ ៨៣ឆ្នាំ ដោយជរាពាធ។
សពត្រូវបានតម្កល់រៀបចំពិធីបុណ្យតាមគន្លងព្រះពុទ្ធសាសនា នៅវត្តឬស្សីស្រស់។
ដំណឹងនេះចាត់ទុកជាការអញ្ជីញដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា សិល្បករ សិល្បការិនី សាស្ត្រាចារ្យ អ្នកគ្រូ លោកគ្រូ ដើម្បីចូលរួមក្នុងពិធីបុណ្យសពនិងរំលែកនូវមរណៈទុក្ខជាមួយក្រុមគ្រួសារនៃសព។
លោកអ៊ឹម ជីវ៉ា ដែលជាតារាសិល្បៈមួយរូប បានលើកឡើងថា ទោះបីគាត់ឈឺធ្ងន់យ៉ាងណា រហូតដល់ទទួលមរណភាពថ្ងៃនេះ ក៏គាត់មិនដែលលើកដៃ សុំអំណោយគេឡើយ សូមចូលរួមសោកស្តាយ ចំពោះការបាត់បង់មរតកមនុស្សរស់ លោកតាព្រឹទ្ធាចារ្យ ព្រីង សាឃន ជាព្រឹទ្ធាចារ្យសិល្បៈដែលពោរពេញទៅដោយទេពកោសល្យ ភាពយន្ត របាំ ល្ខោន យីកេ និងស្នាដៃជាច្រើនទៀត ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស បានចាំពីទេពកោសល្យសម្តែងរបស់លោកតាយ៉ាងច្បាស់ តាមរយៈតួរអង្គ «តាជូជក់»នៅក្នុងយីកេររឿងព្រះវេសន្តរកំឡុងឆ្នាំ៨០ជាង ។
សូមបួងសួងដល់វិញ្ញាណក្ខន្ធរបស់លោកតា សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ឯកឧត្តមហ៊ុន ម៉ានី បានលើកឡើងក្នុងហ្វេសប៊ុកផ្លូវការ ខ្ញុំ និងក្រុមគ្រួសារ ព្រមទាំងសហការី ក៏ដូចជាប្រជាជនកម្ពុជាសូមសម្តែងនូវសមាណទុក្ខដ៏ក្រៀមក្រំ និងសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ លោកតា ព្រឹទ្ធាចារ្យ នាដកោសល្យវដ្ដី ព្រីង សាឃន ដែលលោកបានទទួលមរណភាព កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ដោយជរាពាធ។
ការបាត់បង់លោកតាព្រឹទ្ធាចារ្យសិល្បៈ គឺជាការបាត់បង់មរតកមនុស្សជាតិដែលពោរពេញទៅដោយទេពកោសល្យ និងសមត្ថភាព ផ្នែក ភាពយន្ត របាំ ល្ខោន យីកេ និងស្នាដៃជាច្រើនសម្រាប់ជាមរតកជាតិ និងជាគម្រូដល់កូនខ្មែរជំនាន់ក្រោយ។ លោកតា ព្រឹទ្ធាចារ្យ នាដកោសល្យវដ្ដី បានធ្វើឲ្យប្រជាពលរដ្ឋជាច្រើនបានស្គាល់ និងកោតសរសើរលោកតា ជាពិសេសតាមរយៈតួអង្គ “តាជូជក់” នៅក្នុងល្ខោនយីកេ “រឿងព្រះវេសន្តរ” ក្នុងអំឡុងទស្សវត្ស៨០។
សូមបួងសួងដល់វិញ្ញាណក្ខន្ធរបស់លោកតាព្រឹទ្ធាចារ្យ នាដកោសល្យវដ្ដី សូមបានយោនយោគក្នុងកាន់ទីស្ថានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
សពលោកគ្រូ ព្រីង សាឃន តម្កល់ធ្វើបុណ្យតាមប្រពៃណី នៅវត្តឫស្សីស្រស់ ទល់មុខវត្តនិរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ៕
ដោយ៖កូឡាប