Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ចិន​ព្រមាន​ថា អង់គ្លេស​កំពុង​ដើរ​ខុសផ្លូវ ក្រោយ​អង់គ្លេស​ប្រកាស​ផ្អាក​កិច្ចព្រមព្រៀង​ធ្វើ​បត្យាប័ន​

​ប្រទេស​ចិន​បានធ្វើ​ការព្រមាន កាលពី​ថ្ងៃ​ចន្ទ​ថា អង់គ្លេស​កំពុងតែ​ដើរ​ខុសផ្លូវ ក្រោយពេល​រដ្ឋមន្ត្រីការបរទេស​អង់គ្លេស Dominic Raab បានប្រកាស​ពី​ការផ្អាក​កិច្ចព្រមព្រៀង​ធ្វើ​បត្យាប័ន​ជាមួយនឹង​ទីក្រុង​ហុងកុង ដែល​ធ្វើ​ឲ្យ​កាន់​តែមាន​ភាព​តានតឹង​រវាង​ប្រទេស​ទាំងពីរ​។​

​លោក Wang Wenbin អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បាន​ថ្លែងប្រាប់​ស​ន្និសិទ​សារព័ត៌មាន​ដូច្នេះ​ថា ទីក្រុង​ប៉េកាំង​នឹង​ប្រឆាំង​ដាច់​ខាង​ចំពោះ​ការ​ជ្រៀ​ជ្រែក ចូលក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន ហើយ​ចិន​ក៏បាន​និយាយថា ការចោទប្រកាន់ថា ខ្លួន​កំពុង​ធ្វើបាប​ក្រុម​ជនជាតិដើម​ភាគតិច​នៅ​តំបន់ Xinjiang ថា​ជាការ​បង្កាច់បង្ខូច​។​

​អ្នកនាំពាក្យ​ដដែល​និយាយថា “​ពួកយើង​សូម​ជំរុញ​ចក្រភព​អង់គ្លេស កុំ​ឲ្យ​ដើរ​ខុសផ្លូវ​បន្ថែមទៀត ដើម្បី​ចៀសវាង​ការបំផ្លាញ​បន្ថែម ចំពោះ​ទំនាក់ទំនង​រវាង​ចិន និង​ចក្រភព​អង់គ្លេស​”​។​

“​ការលើកឡើង​ខុសឆ្គង​ថ្មីៗ និង​វិធានការ​ចំពោះ​ទីក្រុង​ហុងកុង បាន​រំលោភ​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​ច្បាប់​អន្តរជាតិ និង​បទដ្ឋាន​នៃ​ការគ្រប់គ្រង​ទំនាក់ទំនង​អន្តរជាតិ​… ចិន​សូម​ថ្កោលទោស និង​ប្រឆាំង​ដាច់​ខាង​ចំពោះ​វា​”​។​

​ការចេញ​ច្បាប់​សន្តិសុខ​ជាតិ​កាលពី​ខែ​មុន លើ​ទីក្រុង​ហុងកុង ទទួលរង​ការរិះគន់​ជាខ្លាំង​ពី​អន្តរជាតិ និង​ប្រទេស​ផ្សេងៗ​ទៀត​។ ច្បាប់​នោះ ត្រូវបាន​អ្នកជំនាញ់​មើលឃើញថា នឹង​បំផ្លាញ​សល់​សិទ្ធិសេរីភាព និង​ស្វ័យភាព​របស់​ទីក្រុង​ហុង​។​

​កាលពី​សប្តាហ៍​មុន នាយករដ្ឋមន្ត្រី​អង់គ្លេស Boris Johnson បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ទាំងអស់​នៅក្នុង​អង់គ្លេស​ដក​ឧបករណ៍​របស់ ក្រុមហ៊ុន Huawei ចេញពី​ប្រព័ន្ធ​ពួកគេ​ទាំងអស់​មុន​បំណាច់​ឆ្នាំ ២០២៧​។​

​ជុំវិញ​បញ្ហា​នោះ ប្រទេស​ចិន​បាន​ចោទប្រកាន់​អង់គ្លេស​ថា ធ្វើ​ដើម្បី​ផ្គាប់ចិត្ត​អា​មេ​រិច​។​

​ទីក្រុង​ហុងកុង ត្រូវបាន​អង់គ្លេស​ប្រគល់​ទៅអោយ​ចិន​វិញ កាលពី​ថ្ងៃទី ១ ខែកក្កដា ឆ្នាំ ១៩៩៧ ក្រោម​កិច្ចព្រមព្រៀង​មួយ ដែល​ផ្តល់​សេរីភាព និង​ស្វ័យភាព​កម្រិត​ខ្ពស់​ដល់ទី​ក្រុង​ហុងកុង​រយៈពេល ៥០​ឆ្នាំ​។ ហុងកុង​ជា​ផ្នែក​មួយ​របស់​ចិន ប៉ុន្តែ​ហុងកុង​មាន​ប្រព័ន្ធ​ដឹកនាំ​ដោយឡែក​ពី​ចិន​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ AFP


×