ភ្នំពេញ៖ ឯកឧត្តម សុខ សុភ័ក្ដ្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកាលពីពេលថ្មីៗនេះ បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំរួម នៃកិច្ចពិគ្រោះយោបល់រវាងរដ្ឋាភិបាល និងឧស្សាហកម្មមេគង្គ-ជប៉ុនលើកទី១៣ និង the 1st Meeting of 2020 AMEICC Working Group on West-East Corridor Development (WEC-WG) ដែលបានប្រារព្ធធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ (Video Conference)។
កិច្ចប្រជុំនោះធ្វើឡើង ដោយមានការសម្របសម្រួលពីលេខាធិការដ្ឋាន AMEICC និង ដឹកនាំដោយ ឯកឧត្តម Sakayam Chidchob សហប្រធានអង្គប្រជុំ និងជារដ្ឋមន្ដ្រីដឹកជញ្ជូននៃប្រទេសថៃ និង ឯកឧត្តម Shigehiro Tanaka សហប្រធានអង្គប្រជុំ និងជាអនុរដ្ឋមន្ដ្រីការបរទេសនៃប្រទេសជប៉ុន ដោយមានការចូលរួមតំណាងរាជរដ្ឋាភិបាលនិងវិស័យឯកជននៃប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃនិងវៀតណាម ព្រមទាំងដៃគូអភិវឌ្ឍន៍មួយចំនួន។
ជាលទ្ធផលនៃកិច្ចប្រជុំសម្រេចបានដូចជា៖ ១- តំណាងក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន (METI) បានបកស្រាយអំពីសារសំខាន់នៃផែនការចក្ខុវិស័យអភិវឌ្ឍន៍ឧស្សាហកម្មមេគង្គ ជំនាន់ទី២ (MIDV 2.0) ដែលមានសសរស្ដម្ភចំនួន ៣ រួមមាន ការតភ្ជាប់ នវានុវត្តន៍ឌីជីថល និងគោលដៅអភិវឌ្ឍន៍និរន្តរភាព។ តំណាង METI ក៏បានបញ្ជាក់ផងដែរថា ដើម្បីសម្រេចនូវគោលដៅនៃ MIDV 2.0 ប្រទេសមេគង្គត្រូវបានស្នើឲ្យលើកនូវគម្រោងអាទិភាពចំនួនបី ស្របទៅនឹងសសរស្ដម្ភទាំងបីរបស់ MIDV 2.0 ។
ជាមួយគ្នានេះ តំណាង METI បានលើកឡើននូវកម្មវិធីការងារ ដែលទាមទារនូវសហប្រតិបត្តិការនៃគម្រោងទាំងនេះ រយៈពេល ៤ ឆ្នាំ ពីឆ្នាំ២០២០ ដល់ ឆ្នាំ២០២៣ ក្នុងចំណោមប្រទេសមេគង្គ និងជប៉ុន។ ក្រុមការងារ WEC-WG នឹងពិភាក្សាបន្ថែមលើកម្មវិធីការងារនេះ ប្រសិនបើចាំបាច់។
ទី២-ក្រោមផែនការចក្ខុវិស័យអភិវឌ្ឍន៍ឧស្សាហកម្មមេគង្គ ជំនាន់ទី២ (MIDV 2.0) ប្រទេសមេគង្គបានជម្រាបជូនអង្គប្រជុំនូវគម្រោងអាទិភាពចំនួន ៣ រៀងៗខ្លួន។
ឯកឧត្តមរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា បានជម្រាបនិងបកស្រាយជូនអង្គប្រជុំ នូវគម្រោងអាទិភាពចំនួន ៣ រួមមាន (១) ជំរុញពាណិជ្ជកម្មឆ្លងកាត់ព្រំដែនក្នុងប្រទេសមេគង្គ, (២) ជំនួយបច្ចេកទេស ស្រាវជ្រាវនិងការណែនាំសម្រាប់ពាណិជ្ជកម្មអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល និង (៣) បរិស្ថានគាំទ្រអាជីវកម្មជាបរិយាប័ន្នក្នុងប្រទេសមេគង្គ។
ឯកឧត្តមរដ្ឋលេខាធិការ ក៏បានបញ្ជាក់ថា ការអនុវត្តពាណិជ្ជកម្មឆ្លងកាត់ព្រំដែន កំពុងតែមានភាពប្រសើរឡើង ក៏ប៉ុន្ដែនៅតែមានឧបសគ្គមួយចំនួនគួរឲ្យកត់សម្គាល់។
ឯកឧត្តមបានជំរុញឲ្យប្រទេសមេគង្គ គោរពនិងអនុវត្តតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតំបន់ និងស្នើឲ្យមានតម្លាភាពក្នុងការអនុវត្តបែបបទគយ ព្រមទាំងស្នើឲ្យមានយន្ដការផ្សេងៗដូចជា ប្រព័ន្ធបច្ចេកវិទ្យា ឬយន្តការ CBTAឬការធ្វើអនុស្សរណយោគយល់ក្នុងការសម្រួលការប្រតិបត្តិការគយ ដើម្បីងាយស្រួលដល់វិស័យក្នុងការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន។
ជាមួយគ្នានេះដែរ ឯកឧត្តមបានស្នើឲ្យមានកិច្ចសហប្រតិបត្តិការពីភាគីថៃ លើការផ្ដល់សិទ្ធិចរាចរណ៍ឆ្លងកាត់ព្រំដែន ដល់យានយន្ដផ្សេងទៀត ក្រៅពីរថយន្ដក្រុង និងបើកផ្លូវចរាចរណ៍ឆ្លងកាត់ច្រកព្រំដែនបន្ថែមទៀត ក្រៅពីចក្រប៉ោយប៉ែត-Aranya Prathet។
ឯកឧត្តមបានសំណូមពរ ដល់អង្គការ NEDO ពិនិត្យលទ្ធភាពជួយជ្រោមជ្រែងបន្ថែមទៀតដល់វិស័យថាមពលបៃតង (Green Energy) ក្នុងប្រទេសកម្ពុជា និងប្រទេសមេគង្គ។ ឯកឧត្តមក៏បានស្នើ ជប៉ុន ឲ្យជួយជំរុញការអនុវត្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក តាមរយៈការជួយបណ្ដុះបណ្ដាលសមត្ថភាពសហគ្រាសមីក្រូ ធុនតូច និងមធ្យម (MSMEs)៕ ដោយ៖CEN