ភ្នំពេញ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បើក កិច្ចប្រជុំពិសេសនៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន (CPPM) ក្នុងគោលបំណងពិនិត្យនិងដោះស្រាយនូវសំណូមពរ និងបញ្ហានានារបស់វិស័យឯកជន ជាពិសេសពាក់ព័ន្ធនឹងប្រតិបត្តិការនាំចេញ-នាំចូលទំនិញ ក្នុងអំឡុងពេលនៃការរីករាលដាលជាសកលនៃវីរុសកូវីដ-១៩ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ នៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ជាសហប្រធាននៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្ត្រីនៃគយនិងរដ្ឋាករកម្ពុជា និងថ្នាក់ដឹកនាំនៃសភាពាណិជ្ជកម្មកម្ពុជា។
ឯកឧត្តមបណ្ឌិត គុណ ញឹម បានលើកឡើងនូវសមិទ្ធផលការងារនៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន នាពេលកន្លងមក ជាពិសេសតាមរយៈការរៀបចំកិច្ចប្រជុំយន្តការ និងកិច្ចប្រជុំក្រុមការងារជំនាញជាបន្តបន្ទាប់ ដែលបានដោះស្រាយនូវបញ្ហាជាច្រើន ដោយទទួលលទ្ធផលជាផ្លែផ្កាល្អប្រសើរ។
ឯកឧត្ដមបណ្ឌិតសហប្រធានក៏បានបន្តជំរុញឱ្យមានកិច្ចពិភាក្សាជាមួយវិស័យឯកជនជាប់ជាប្រចាំ ក្នុងន័យដោះស្រាយឱ្យបានទាន់ពេលវេលានូវបញ្ហាដែលកើតមានឡើង តាមការប្រែប្រួលនៃស្ថានការណ៍សេដ្ឋកិច្ចនិងពាណិជ្ជកម្ម។
ជាការឆ្លើយតប អ្នកឧកញ៉ា គិត ម៉េង បានថ្លែងថាយន្តការភាពជាដៃគូគយ-វិស័យឯកជនគឺជាវេទិកាសន្ទនាក្នុងភាពជាដៃគូ ដើម្បីពិគ្រោះយោបល់ស្វែងរកដំណោះស្រាយនូវរាល់បញ្ហានានាដោយឈរលើគោលការណ៍ឈ្នះ-ឈ្នះ និងយោគយល់គ្នាទៅវិញទៅមក។
អ្នកឧកញ៉ាសហប្រធានក៏បានថ្លែងអំណរគុណដល់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដែលបានដាក់ចេញនូវវិធានការជាច្រើនដើម្បីផ្ដល់កិច្ចសម្រួលពាណិជ្ជកម្មបន្ថែមពីពេលមួយទៅពេលមួយ ជាពិសេសក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩។
កិច្ចប្រជុំបានដំណើរការពិភាក្សាលើសំណូមពរ និងបញ្ហាដែលបានលើកឡើងដោយវិស័យឯកជន និងបានឯកភាពគ្នាលើដំណោះស្រាយតាមបញ្ហានីមួយៗ ដែលពាក់ព័ន្ធនឹង (១)ការពង្រឹងការអនុវត្តកម្រៃសេវាសាធារណរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (២)ការកាត់បន្ថយបន្ទុកនានាបន្ថែមទៀតចំពោះវិនិយោគវិស័យកាត់ដេរនិងវិស័យកសិកម្ម (៣)ការពង្រឹងប្រសិទ្ធភាពនៃការបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធ (៤)ការពង្រីកវិសាលភាពនៃការអនុវត្តនីតិវិធីបំពេញបែបបទគយមុនពេលទំនិញមកដល់និងការកែលម្អនីតិវិធី e-Payment (៥)ការលើកកម្ពស់ការយល់ដឹងនិងជំរុញការអនុវត្តវិធានបញ្ជាក់ជាមុនលើការងារចំណាត់ថ្នាក់ទំនិញ (៦)ការជំរុញការអនុវត្តយន្តការលើកទឹកចិត្តវិស័យសហគ្រាសធុនតូចនិងមធ្យម (៧)ការពង្រីកចំនួនសមាជិកក្រុមធុរជនល្អបំផុតដើម្បីលើកទឹកចិត្តដល់ធុរជនមានអនុលោមភាពខ្ពស់ និង (៨)ការធ្វើសាមញ្ញកម្មនិងទំនើបកម្មនីតិវិធីគយ។
បន្ថែមលើនេះ ភាគីទាំងសងខាងក៏បានឯកភាពគ្នាឱ្យក្រុមការងារជំនាញនីមួយៗបន្តបង្កើនការពិភាក្សាដោះស្រាយបញ្ហាដែលនឹងកើតឡើងជាយថាហេតុ ឱ្យបានទាន់ពេលវេលានិងមានប្រសិទ្ធភាព ហើយត្រៀមរៀបចំកិច្ចប្រជុំលើកទី៨នៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន នាពេលវេលាសមស្របខាងមុខ៕ ដោយ៖កូឡាប