Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថៃ​ពន្យារពេល​ក្រឹត្យ​គ្រោះអាសន្ន​រហូតដល់​ចុងខែ​សីហា ដើ​ម្ប​ទប់ស្កាត់​ការ​រាតត្បាត​របស់ COVID-19

​មន្ត្រីជាន់ខ្ពស់​ថៃ​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ប្រទេស​ថៃ​នឹង​ពន្យារពេល​ដាក់​ប្រទេស​ក្នុង​គ្រោះអាសន្ន​រហូតដល់​ចុងខែ​សីហា ដោយ​រក្សា​វិធានការ​សន្តិសុខ​ដែលមាន ដើម្បី​ទប់ស្កាត់​ការផ្ទុះ​វីរុស​កូ​រ៉ូ​ណា​។​

​ការប្រកាស​ពន្យារពេល​នោះ កើតឡើង​ក្រោយពេល​គ្មាន​ការឆ្លង​ក្នុង​មូលដ្ឋាន​រយៈពេល​ជិត ២​ខែ ហើយ​ប្រជាជន​ជាច្រើន​នៅក្នុង​ប្រទេស​ថៃ​បាន​ចោទសួរ​ពី​តម្រូវការ​ក្រឹត្យ​គ្រោះអាសន្ន​នោះ​។​

“​វា​នៅតែ​ចាំបាច់​ក្នុងការ​មាន​ក្រឹត្យ ពីព្រោះ​ពួកយើង​កំពុងបើក​ប្រទេស​សម្រាប់​ឲ្យ​មានការ​ជួបជុំ​ជំនួញ និង​ទេសចរណ៍ ដើម្បី​ជំរុញ​ដល់​សេដ្ឋកិច្ច​”​។ នេះ​ជាការ​បញ្ជាក់​របស់លោក Somsak Roongsita អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​។​

​លោក​បន្ថែមទៀតថា វេជ្ជបណ្ឌិត​បានស្នើ​ឲ្យ​មានការ​រក្សា​ក្រឹត្យ​នោះ​។​

​ការពន្យារពេល​នៃ​ការដាក់​ប្រទេស​ក្នុងស្ថានភាព​អាសន្ន កើតឡើង​ក្រោយពេល​មានការ​តវ៉ា​ផ្នែក​នយោបាយ​កាលពី​ចុង​សប្តាហ៍ ប្រឆាំងនឹង​រដ្ឋាភិបាល តវ៉ា​ទៅនឹង​បំរាម​នៃ​ការប្រមូលផ្តុំ​។​

​ទោះយ៉ាងណា លោក Somsak និយាយថា ក្រឹត្យ​គ្រោះអាសន្ន​នោះ​នឹងត្រូវ​ប្រើ​សម្រាប់តែ​គ្រប់គ្រង​ការផ្ទុះ​វីរុស​ប៉ុណ្ណោះ មិនមែន​ប្រើ​លើ​ការប្រមូលផ្តុំ​ឡើយ​។​

​ចាប់តាំងពី​ផ្ទុះ​ចេញ​ដំបូង​ពី​ប្រទេស​ចិន​កាលពី​ចុងឆ្នាំ ២០១៩​មក វីរុស​កូ​រ៉ូ​ណា បាន​ចម្លង​ទៅកាន់​មនុស្ស​សរុប ៣.២៥៥​នាក់ និង​ផ្តាច់ជីវិត​មនុស្ស ៥៨​នាក់​នៅក្នុង​ប្រទេស​ថៃ​។​

​វីរុស​នេះ​បាន​រាតត្បាត និង​ឆ្លង​ទៅកាន់​មនុស្ស​ជាង ១៥​លាន​នាក់ និង​សម្លាប់​ជីវិត​មនុស្ស​ជាង ៦១៧.០០០​នាក់​ទូទាំង​ពិភពលោក​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Reuters​

×