ភ្នំពេញ៖ឯកឧត្តមឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញនិងឯកឧត្ដមថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧត្តុនិយម នាព្រឹកថ្ងៃទី៣ខែវិច្ឆិកា២០២៥នេះ បានដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរដែនដីរាជធានី,ក្រសួងធនធានទឹក និងក្រសួងសាធារណការអញ្ជើញចុះពិនិត្យវឌ្ឍនភាពប្រព័ន្ធប្រឡាយទឹកដែលជាគម្រោងរបស់ក្រសួងក្រសួងធនធានទឹកនិងឧត្តុនិយម ដើម្បីកែប្រែប្រឡាយមួយចំនួន ពីប្រឡាយស្រោចស្រពទៅជាប្រឡាយរំដោះទឹកនិងធ្វើយ៉ាងណាបង្វែលផ្លូវទឹកកុំឱ្យហូរចូលមករាជធានីភ្នំពេញ។
ឯកឧត្តមឃួង ស្រេង និងរដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧត្តុនិយមនាឱកាសនោះបានចុះពិនិត្យទីតាំងឆ្លងកាត់ផ្លូវរថភ្លើង ទល់មុខប្រឡាយតាហោ សង្កាត់ភ្លើងឆេះរទេះ ពិនិត្យទីតាំងប្រឡាយជើងឯកប្រសព្វផ្លូវជាតិលេខ៣ សង្កាត់ពងទឹកនិងនិងពិនិត្យទីតាំងឆ្លងផ្លូវក្រវ៉ាត់ក្រុងទី៣ ផ្លូវព្រៃស។
មន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា៖ ការចុះពិនិត្យនេះគឺ ឯកឧត្តមឃួង ស្រេង និងឯកឧត្តមរដ្ឋមន្ត្រី បានចុះពិនិត្យមើលពីវឌ្ឍនភាពប្រឡាយទឹក ដែលជាគម្រោងរបស់ក្រសួងធនធានទឹកនិងឧត្តុនិយម ដើម្បីភ្ជាប់ប្រឡាយលូទៅប្រឡាយមេ ដែលជាគម្រោងរបស់ក្រសួងធនធានទឹកនិងឧត្តុនិយម ដែលបានជីករួច ជាមួយនឹងការកែលម្អប្រឡាយចាស់ៗមួយចំនួនឱ្យបន្ស៊ីគ្នាជាមួយនឹងប្រឡាយថ្មី។ ចុះមើលប្រឡាយជើងឯក មើលផ្លូវឆ្លងកាត់មួយចំនួន ដើម្បីកែតម្រូវឲ្យត្រូវតាមស្តង់ដារបច្ចេកទេស។ ពិនិត្យមើលប្រឡាយតាហោ ដែលប្រឡាយតាហោនេះ ពីដើមឡើយជាប្រឡាយស្រោចស្រប តែពេលនេះបានកែប្រែក្លាយទៅជាប្រឡាយរំដោះទឹកវិញ។ដោយសារតែប្រជាពលរដ្ឋមករស់នៅតំបន់នេះកាន់តែច្រើន។
មន្ត្រីដដែលបានបញ្ជាក់ថា៖ ប្រឡាយតាហោ មានតួនាទីយ៉ាងសំខាន់ ក្នុងការរំដោះទឹកចេញពីផ្លូវជាតិលេខ៤ ពិសេសពីតំបន់ជម្ពូវ័ន ភ្ជាប់ទៅប្រឡាយលូថ្មី ដែលជាគម្រោងរបស់រាជរដ្ឋាភិបាលក្នុងការរំដោះទឹកចេញពីរាជធានីភ្នំពេញ ធ្វើយ៉ាងណាកុំឲ្យទឹកហូរចូលមករាជធានីភ្នំពេញ ដោយបង្វែរមុខទឹក ពីផ្លូវជាតិលេខ៤ ឆ្ពោះទៅស្ទឹងព្រែកត្នោតតែម្តង។ ជាមួយគ្នានេះដែរ ក្រសួងធនធានទឹកនិងឧត្តុនិយម គ្រោងនិងដាក់លូប្រអប់ខ្នាតធំ ដោយតភ្ជាប់ពីប្រឡាយជើងឯក មកប្រឡាយតាហោ ដោយកាត់ពីក្រោមផ្លូវរថភ្លើង៕ រក្សាសិទ្ធដោយ៖សុទ្ធលី






















